អន្តរជាតិ
WHO ដាក់ឈ្មោះឱ្យវីរុសបំប្លែងខ្លួនតាមអក្សរក្រិក ដើម្បីងាយស្រួលហៅ និងកុំឱ្យរើសអើង
01, Jun 2021 , 8:59 pm        
រូបភាព
រូបថតពីក្រសួងការពារជាតិអាមេរិក
រូបថតពីក្រសួងការពារជាតិអាមេរិក
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៣១ ខែឧសភា សម្រេចប្រើប្រាស់ភាសាក្រិកដើម្បីដាក់ឈ្មោះឱ្យវីរុសកូវីដ-១៩ បំប្លែងខ្លួនដែលរកឃើញដំបូងនៅអង់គ្លេស ប្រេស៊ីល អាហ្វ្រិកខាងត្បូង និងឥណ្ឌា។ វីរុសទាំងបួនទម្រង់នេះ ឆ្លងលឿនរហ័ស និងបង្កគ្រោះថ្នាក់ជាងវីរុសទម្រង់ដើមដែលផ្ទុះឡើងដំបូងនៅចិន។

 
បច្ចុប្បន្ន កូរ៉ូណាវីរុសបង្កជំងឺកូវីដ-១៩ ដែលបំប្លែងខ្លួនពីទម្រង់ដើម ត្រូវបានអ្នកវិទ្យាសាស្រ្តដាក់ឈ្មោះផ្សេងគ្នាដែលពិបាកអាន និងបង្កការរើសអើងទៀត។ ឧទាហរណ៍ វីរុសរកឃើញដំបូងនៅអង់គ្លេស ត្រូវហៅថា B.1.1.7 ឯវីរុសរកឃើញមុនគេនៅប្រេស៊ីល ត្រូវហៅថា P.1 ជាដើម។ ដើម្បីបង្កការងាយស្រួល អង្គការសុខភាពពិភពលោក សម្រេចប្រើប្រាស់តួអក្សរក្រិកដើម្បីហៅឈ្មោះវីរុសបំប្លែងខ្លួនទាំងនោះវិញ។  
 
នៅក្រោមប្រព័ន្ធថ្មី វីរុសបំប្លែងខ្លួននៅអង់គ្លេស (B.1.1.7) ត្រូវហៅថាអាល់ហ្វា (α), វីរុសបំប្លែងខ្លួននៅប្រេស៊ីល (P.1) ត្រូវហៅថាហ្កាមា (Γ), វីរុសរកឃើញអាហ្វ្រិកខាងត្បូង (B.1.351) ហៅថាបែតា (β) ។ វីរុសរកឃើញមុនគេនៅឥណ្ឌា (B.1.617) ចែកជាពីរទម្រង់ទៀត ដោយទម្រង់ B.1.617.1 ត្រូវហៅថាដែលតា (Δ) ហើយទម្រង់ B.1.617.2 ត្រូវហៅថាកាបប៉ា (Κ)។
 
ក្នុងសេចក្ដីប្រកាសថ្ងៃទី៣១ ខែឧសភា WHO បញ្ជាក់ថា ដ្បិតឈ្មោះតាមវិទ្យាសាស្រ្តមានប្រយោជន៍ផ្ទាល់ក្ដី វាជារឿងលំបាកក្នុងការហៅ ហើយអាចនាំទៅជាការរាយការណ៍ខុសទៀតផង។ អង្គការនេះបន្តថា ជាលទ្ធផល វីរុសត្រូវបានតាមទីតាំងដែលវាលេចចេញដំបូង ដែលនោះបង្កជាការរើសអើងមួយ។ 
 
លោកស្រី Maria Van Kerkhove ប្រធានផ្នែកជំងឺកូវីដ-១៩ របស់ WHO និយាយថា ឈ្មោះថ្មី មិនមែនជាការជំនួសឈ្មោះវិទ្យាសាស្រ្តឡើយ តែមានគោលដៅសម្រួលសាធារណជន និងការពិភាក្សាពីវីរុស។ 
 
តាមពិតទៅ អក្សរក្រិក ត្រូវបានប្រើប្រាស់ក្នុងការហៅវីរុសថ្មីៗដែលបង្កជាជំងឺកូវីដ-១៩ ជាច្រើនទៅហើយដែរ។ អិបស៊ីឡោន តែតតា និងហ្សិតា ត្រូវបានដាក់ឱ្យវីរុសក្នុងថ្នាក់ត្រូវចាប់អារម្មណ៍ (Variant of interest) ខណៈវីរុសធំទាំងបួនខាងលើ ស្ថិតក្នុងថ្នាក់ដែលបង្កក្ដីបារម្មណ៍ (Variant of concern)៕
 
 

Tag:
 WHO
  ក្រិក
© រក្សាសិទ្ធិដោយ thmeythmey.com