អន្តរជាតិ
ស្ថាបនិកកម្មវិធីកម្ចាត់មេរោគ McAfee សម្លាប់ខ្លួនក្នុងពន្ធនាគារនៅអេស្ប៉ាញ
24, Jun 2021 , 7:56 am        
រូបភាព
ដោយ: រួបរួម
លោក John McAfee សហគ្រិនបចេ្ចកវិទ្យាអាមេរិក ដែលល្បីល្បាញលើការបង្កើត កម្មវិធីកម្ចាត់ មេរោគ McAfee បានធ្វើអត្តឃាតនៅក្នុងពន្ធនាគារក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ កាលពីល្ងាចថ្ងៃពុធ ទី២៣ ខែមិថុនា។ លោកត្រូវបានចាប់ខ្លួនជុំវិញសំណុំរឿងគេចវេសពន្ធ ហើយតុលាការកំពូលអេស្ប៉ាញ ទើបតែសម្រេចធ្វើបត្យាបណ្ណផ្ទេរទៅសហរដ្ឋអាមេរិកវិញ។

 
ស្ថាប័នយុត្តិធម៌អេស្ប៉ាញ បានបញ្ជាក់ប្រាប់សារព័ត៌មានពីការស្លាប់របស់មហាសេដ្ឋីអាមេរិក លោក John McAfee ក្នុងអាយុ៧៥ឆ្នាំ ពោលគឺប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីតុលាការ អនុញ្ញាតផ្ទេរលោកពីពន្ធនាគារបាសេឡូណា ទៅសហរដ្ឋអាមេរិកវិញ។
 
យោងតាម Reuters លោកមេធាវី Javier Villalba អះអាងថា កូនក្តីខ្លួន បានធ្វើអត្តឃាតដោយចងក ក្រោយជាប់ពន្ធនាគារអស់រយៈពេល៩ខែ។  លោកត្រូវបានចាប់ខ្លួន នាអំឡុងពេលត្រៀមចេញដំណើរ តាមយន្តហោះពីអេស្ប៉ាញ ទៅតួកគី កាលពីខែតុលា ជុំវិញសំណុំរឿងគេចពន្ធនៅសហរដ្ឋអាមេរិក។
 
លោក McAfee ធ្លាប់បម្រើការនៅ NASA, Xerox និង Lockheed Martin មុនពេលបង្កើតក្រុមហ៊ុនសូវែរប្រឆាំងមេរោគដំបូងបំផុតនៅលើពិភពលោកកាលពីឆ្នាំ១៩៨៧។ លោក បានបន្តដឹកនាំក្រុមហ៊ុន McAfee Associates ដោយផ្ទាល់ រហូតដល់ឆ្នាំ១៩៩៤។ 
 
ទោះបីជារកចំណូលបានរាប់រយលានដុល្លារអាមេរិក ប៉ុន្តែលោក McAfee បានគេចវេសការបង់ពន្ធរហូតដល់ទៅ៨ឆ្នាំ។ លោកបានចាកចេញពីអាមេរិក ទៅរស់នៅលើនាវាយក្ស (Megayatcht) ជាមួយភរិយា ឆ្កែ៤ក្បាល និងសន្តិសុខ២នាក់ និងបុគ្គលិក៧នាក់។
 
កាលពីឆ្នាំ២០១៨ លោកបានអះអាងថា មានកូនចិញ្ចឹមយ៉ាងហោចណាស់៤៧នាក់ នាអំឡុងពេលរស់នៅជាច្រើនឆ្នាំនៅប្រទេសបេលីស៕
 

© រក្សាសិទ្ធិដោយ thmeythmey.com