សុខភាព
អាមេរិកជំរុញឱ្យប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់បន្តកិច្ចចរចានុយក្លេអ៊ែរឡើងវិញ
06, Aug 2021 , 7:29 pm        
រូបភាព
ប្រធានាធិបតីអ៊ីរ៉ង់ទើបស្បថចូលកាន់តំណែង អ៊ីប្រាហ៊ីម រ៉ៃស៊ី ។ រូបថត Xinhua
ប្រធានាធិបតីអ៊ីរ៉ង់ទើបស្បថចូលកាន់តំណែង អ៊ីប្រាហ៊ីម រ៉ៃស៊ី ។ រូបថត Xinhua
ដោយ៖ ងួន សុភាវត្តី 

អាមេរិកបានអំពាវនាវឱ្យប្រធានាធិបតីថ្មីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉ៃស៊ី វិលត្រលប់មករកកិច្ចចរចានុយក្លេអ៊ែរវិញ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកប្រាប់មេដឹកនាំអ៊ីរ៉ង់ថា ឱកាសសម្រាប់ការចរចានេះ នឹងមិនមានរហូតឡើយ។


លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអ៊ីរ៉ង់នៅថ្ងៃទី៥ ខែសីហា។ ក្នុងពិធីស្បថចូលកាន់តំណែង លោក រ៉ៃស៊ី ប្រកាសថា លោកនឹងគាំទ្រការចរចាជាលក្ខណៈការទូតដើម្បីបញ្ចប់រាល់ទណ្ឌកម្មលើអ៊ីរ៉ង់ ហើយទណ្ឌកម្មខុសច្បាប់ទាំងអស់របស់អាមេរិកលើអ៊ីរ៉ង់ ត្រូវតែដកចេញវិញ។
 
ពីទីក្រុងវ៉ាស៊ីនតោន ក្រសួងការបរទេសអាមេរិក បានទទូចឱ្យរដ្ឋាភិបាលអ៊ីរ៉ង់ថ្មីត្រឡប់មកចរចាវិញដែរ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price ប្រាប់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៥ ខែសីហាថា៖ «យើងជំរុញឱ្យអ៊ីរ៉ង់វិលត្រលប់មករកការចរចាវិញឆាប់ៗនេះ ដើម្បីយើងអាចស្វែងរកដំណោះស្រាយនិងបញ្ចប់កិច្ចចរចានេះ»។ 
 
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកដដែលនេះក៏បានបន្ថែមថា អាមេរិកសង្ឃឹមថា អ៊ីរ៉ង់នឹងចាប់យកឱកាសនេះ ដើម្បីជំរុញដំណោះស្រាយជាលក្ខណៈការទូត។
 
អាមេរិក និងមហាអំណាច៥ទៀត ឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ២០១៥ ជាមួយអ៊ីរ៉ង់។ ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់បានកើនឡើងចាប់តាំងពីឆ្នាំ ២០១៨មក ក្រោយអតីតប្រធានាធិបតី ដូណាល់ត្រាំ ដកអាមេរិកចេញពីកិច្ចចរចានុយក្លេអ៊ែរ និងចាប់ផ្តើមដាក់ទណ្ឌកម្មលើអ៊ីរ៉ង់សារជាថ្មី។ បណ្តាប្រទេសលោកខាងលិចចោទអ៊ីរ៉ង់ថាបានព្យាយាមផលិតអាវុធនុយក្លេអ៊ែរ ប៉ុន្តែទីក្រុងតេអេរ៉ង់តែងតែបដិសេធ។
 
បើទោះបីជាអាមេរិកបានដកខ្លួន អ៊ីរ៉ង់និងប្រទេសដទៃទៀតដែលជាភាគីក្នុងកិច្ចចរចានេះ បានជួបចរចាដើម្បីព្យាយាមស្តារឡើងវិញកិច្ចព្រមព្រៀង និងការដកទណ្ឌកម្មលើអ៊ីរ៉ង់។ ទោះយ៉ាងណាក្តី កិច្ចពិភាក្សានេះត្រូវបានផ្អាកអស់ជាច្រើនសប្តាហ៍មកហើយ។
 
ទន្ទឹមនឹងវិបត្តិសេដ្ឋកិច្ចពីការដាក់ទណ្ឌកម្មរបស់អាមេរិកនិងសម្ព័ន្ធមិត្ត អ៊ីរ៉ង់ក៏កំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ ផងដែរ។ អ៊ីរ៉ង់ ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេនៅក្នុងតំបន់ និងមានអត្រាករណីឆ្លងខ្ពស់បំផុតក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ។
 
សូមបញ្ជាក់ថា លោក រ៉ៃស៊ី អតីតប្រធានតុលាការ ធ្លាប់ត្រូវបានគេរិះគន់យ៉ាងខ្លាំងលើករណីរំលោភសិទ្ធិមនុស្ស។ ក្រុមអ្នកប្រឆាំងបានចោទប្រកាន់លោកថា បានជាប់ពាក់ព័ន្ធនឹងការប្រហារជីវិតអ្នកទោសនយោបាយរាប់ពាន់នាក់ក្នុងឆ្នាំ១៩៨៨ ។ ទន្ទឹមនឹងនេះដែរ អាមេរិកបានដាក់ទណ្ឌកម្មលើលោក រ៉ៃស៊ីក្នុងឆ្នាំ២០១៩ ពីបទរំលោភសិទ្ធិមនុស្សផងដែរ៕
 

Tag:
 អាមេរិក
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com