ជាតិ
សង្គមជាតិ
លោក ឃួង ស្រេង នឹងឲ្យអាជ្ញាធរពិនិត្យ និងណែនាំម្ចាស់តោ «ហ៊ីម៉ា» នៅម្ដុំបឹងកេងកង
16, Aug 2021 , 5:33 pm        
រូបភាព
សត្វតោ ដែលត្រូវបានគេថតវីដេអូបាន ពីសកម្មភាពដើរតាមផ្លូវសាធារណៈ ហើយចែកលើបណ្ដាញសង្គមហ្វេសប៊ុក
សត្វតោ ដែលត្រូវបានគេថតវីដេអូបាន ពីសកម្មភាពដើរតាមផ្លូវសាធារណៈ ហើយចែកលើបណ្ដាញសង្គមហ្វេសប៊ុក
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នឹងឲ្យអាជ្ញាធរចុះទៅពិនិត្យលើករណីចិញ្ចឹមសត្វតោ នៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ លោក ឃួង ស្រេង ថ្លែងបែបនេះ ក្រោយគេសង្ស័យថា ម្ចាស់តោមានការធ្វេសប្រហែស ក្នុងការចិញ្ចឹម ដែលអាចបង្កហានិភ័យដល់ពលរដ្ឋនៅម្ដុំនោះ។ កាលពីពេលថ្មីៗនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតឲ្យជនជាតិចិនម្នាក់ យកសត្វតោទៅចិញ្ចឹមនៅផ្ទះ បើទោះជាមានការរិះគន់ពីសាធារណជនក្តី។



វីដេអូសត្វតោមួយក្បាល ដើរតាមផ្លូវសាធារណៈនោះ ត្រូវបានគេយកមកចែកចាយ តាមបណ្ដាញសង្គមយ៉ាងព្រោងព្រាត ដោយភ្ជាប់ជាមួយ Hastag ថា សត្វតោនៅបឹងកេងកង ឬ«BKK» ដែលមានម្ចាស់ជាជនជាតិចិន។ ជុំវិញករណីនេះ លោក ឃួង ស្រេង អះអាងថា ខ្លួនមិនទាន់ទទួលបានព័ត៌មានឡើយ។ ប៉ុន្តែអភិបាលរាជធានីភ្នំពេញរូបនេះ នឹងបញ្ជាឲ្យក្រុមការងារចុះទៅពិនិត្យករណីសត្វតោ នៅក្នុងខណ្ឌបឹងកងកេងនេះ ដើម្បីរក្សាសណ្ដាប់ធ្នាប់ជូនសាធារណជន។ 
 
អភិបាលរាជធានីភ្នំពេញ ថ្លែងប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖ «ចាំមើលខ្ញុំប្រាប់ឲ្យអាជ្ញាធរខណ្ឌទៅមើល ហើយចុះទៅណែនាំ»។ 
 
សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក ធឹន សំអាន អភិបាលខណ្ឌបឹងកេងកង ដើម្បីសួរព័ត៌មានជុំវិញករណីសត្វតោនេះឡើយ នៅថ្ងៃទី១៦ សីហានេះ។
 
 
សម្រាប់អ្នកតាមដានសង្គម លោក មាស នី យល់ថា ទោះបីសត្វតោនោះ ត្រូវបានម្ចាស់អះអាងថាស្លូតក្តី ក៏មិនត្រូវធ្វេសប្រហែសឲ្យដើរតាមផ្លូវសាធារណៈដែរ ព្រោះវាអាចបង្ករគ្រោះថ្នាក់ និងខុសច្បាប់ដែរ។  លោក មាស នី ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវស៊ើបអង្កេតលើករណីចិញ្ចឹមសត្វតោនេះ ដើម្បីរក្សាសុវត្ថិភាពជូនពលរដ្ឋ និងបញ្ចៀសហានិភ័យជាយថាហេតុ ។
 
«ក្រសួងពាក់ព័ន្ធត្រូវស៊ើបអង្កេតរឿងហ្នឹងភ្លាមៗទៅ ដើម្បីចាត់វិធានការ ប្រសិនមានពិតមែន។ តែឥឡូវវាពិបាកថាដែរ ព្រោះមានការកាត់តវីដេអូច្រើន ព្រោះអាចមានអ្នកខ្លះ គេចង់ធ្វើបាបនិងមិនពេញចិត្តជាមួយម្ចាស់សត្វនោះ»។ នេះបើតាមអ្នកវិភាគសង្គម និងនយោបាយ។
 
លោក មាស នី បានបន្ថែមថា៖ «អាជ្ញាធរនិងក្រសួងពាក់ព័ន្ធកុំចាំដល់សាធារណជនស្រែក ឬស្ដីបន្ទោសហើយ បាននាំគ្នាចុះធ្វើកិច្ចរបស់ខ្លួន។ អាជ្ញាធឬមន្រី្ត គឺជាអ្នកបម្រើរាស្រ្ត។ ដូច្នេះ ត្រូវតែចុះស៊ើបឲ្យដឹងការពិត។ ប្រសិនបើតោនោះ ជាតោរបស់ជនជាតិចិន ដែលសម្ដេចអនុញ្ញាតឲ្យយកទៅចិញ្ចឹមពិតមែន គឺខុសទាំងច្បាប់ និងខុសទាំងការណែនាំរបស់សម្ដេច ហ៊ុន សែនទៀត»។ 
 
ពាក់ព័ន្ធនឹងករណីនេះ លោក នេត្រា ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ស្នើឲ្យសារព័ត៌មានថ្មីៗ សាកសួរទៅខាងរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។ ប៉ុន្តែ លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ និងលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ សុទ្ធតែឆ្លើយយ៉ាងខ្លីថា ខ្លួនមិនទាន់ទទួលបានព័ត៌មាននេះ។ 
 
សត្វតោមួយក្បាល ឈ្មោះ ហ៊ីម៉ា ត្រូវបានម្ចាស់ជនជាតិចិន នាំយកមកចិញ្ចឹមក្នុងផ្ទះ នៅម្ដុំបឹងកេងកង១ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ប៉ុន្តែក្រោយមក ត្រូវបានអាជ្ញាធររឹបអូសយកសត្វតោនោះ យកទៅដាក់ឲ្យរស់នៅក្នុងសួនសត្វភ្នំតាម៉ៅ។ ក្រោយសម្ដេច ហ៊ុន សែន ក្ដាប់បានរឿងរ៉ាវសត្វតោទាំងនេះ សម្ដេច ក៏បានអនុញ្ញាត និងបញ្ជាឲ្យអាជ្ញាធរនាំយកសត្វតោ ហ៊ីម៉ា នេះមកឲ្យម្ចាស់ជនជាតិចិននោះ ចិញ្ចឹមក្នុងផ្ទះវិញ ។ សម្ដេច ក៏បានណែនាំឲ្យបុរសជនជាតិចិននោះ ធ្វើទ្រុងចិញ្ចឹមតោឲ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាព ទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។
 
តែយ៉ាងណាអ្នកតាមដានបញ្ហាសង្គម នៅតែយល់ឃើញថា ការអនុញ្ញាតឲ្យយកសត្វព្រៃ មកចិញ្ចឹមក្នុងផ្ទះនេះ គឺជារឿងខុសច្បាប់ ។ ចំពោះបញ្ហានេះ កញ្ញា លី ស្រីស្រស់ សង្កេតឃើញថា អាជ្ញាធរគោរពការណែនាំរបស់ថ្នាក់លើជាងយកច្បាប់មកអនុវត្ត។ 
 
«តាំងពីដើមដែលសម្ដេចឲ្យម្ចាស់(តោ)អាចចិញ្ចឹមបាន គឺខុសច្បាប់ទៅហើយ...វាឆ្លុះបញ្ចាំងការអនុវត្តច្បាប់មិនបានល្អ ។ រឿងរ៉ាវទាំងអស់នេះ បើយើងអនុវត្តទៅតាមច្បាប់តាំងពីដើមមក វាមិនមានរឿងរ៉ាវបន្តបែបនេះ(តោចេញដើរដោយសេរី)ឡើយ»។ នេះបើតាមរបស់ កញ្ញា លី ស្រីស្រល់ ដោយសង្កត់ធ្ងន់ថា បើមន្រី្តអាជ្ញាធរអនុវត្តតាមតែបញ្ជាថ្នាក់លើ ជាងយកច្បាប់មកប្រើនោះ វានឹងបង្កហានិភ័យមួយចំនួនដល់សង្គម ជាក់ស្ដែងដូចជាករណីតោនេះ៕ 
 

Tag:
 សង្គម
  តោ
© រក្សាសិទ្ធិដោយ thmeythmey.com