ជាតិ
សង្គមជាតិ
ចង់ក្លាយជាមន្រ្តី ដើម្បីតែអំណាចនិងផលប្រយោជន៍ នឹងនាំគ្រោះថ្នាក់ដល់សង្គម!
18, Aug 2021 , 6:59 pm        
រូបភាព
លោក ប៉ា ច័ន្ទរឿន (ខាងឆ្វេង) លោក ជិន ម៉ាលីន (កណ្ដាល)  លោក មាស នី (ខាងស្ដាំ)។
លោក ប៉ា ច័ន្ទរឿន (ខាងឆ្វេង) លោក ជិន ម៉ាលីន (កណ្ដាល) លោក មាស នី (ខាងស្ដាំ)។
ភ្នំពេញ៖ បើយុវជនចង់ក្លាយជាមន្រ្តី ដើម្បីតែអំណាចនិងផលប្រយោជន៍នោះ វានឹងនាំឲ្យសង្គមជួបផលលំបាក។ បើយុវជនចង់មានបាននោះ ចូរកុំធ្វើជាមន្ត្រី។



អ្នកជំនាញផ្នែកសីលធម៌សង្គម លោក ប៉ា ច័ន្ទរឿន ពន្យល់ថា សង្គមណាក៏ដោយ គឺត្រូវការអ្នកដឹកនាំ ដែលមានឧត្តមគតិ និងសមត្ថភាព ដើម្បីបម្រើផលប្រយោជន៍សង្គម។ ប៉ុន្តែមិនមែនបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ 
 
«មន្រ្តីរាជការ មិនមែនជាមុខរបរទៅស្វែងរកលាភសក្ការៈ បុណ្យស័ក្តិនោះទេ។ វាជាតួនាទីបម្រើសង្គម ។ ប្រសិននរណាម្នាក់ទៅបម្រើការងារ ក្នុងវិស័យសាធារណ ដើម្បីបុណ្យស័ក្តិ ប្រយោជន៍ផ្ទាល់ខ្លួន គឺផ្ទុយនឹងគោលការណ៍នៃកិច្ចការបម្រើរាស្ត្រ»។ នេះបើតាមលោក ច័ន្ទរឿន ដោយបន្ថែមថា កន្លងមកមានមន្ត្រីខ្លះ បានប្រើប្រាស់អំណាចឬតួនាទី ទៅកាងការរកស៊ីជំនួញ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងគ្រួសារ រួមបក្ខពួកជាដើម។ 
 
សម្រាប់អ្នកជំនាញសីលធម៌សង្គមរូបនេះ មន្រី្តដែលប្រើអំណាច និងតួនាទី ដើម្បីប្រយោជន៍ខ្លួននេះ នឹងបង្កបញ្ហាក្នុងសង្គម ជាពិសេសគឺអំពើអយុត្តិធម៌។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ប៉ា ច័ន្ទរឿន បានបញ្ជាក់ដូច្នេះថា៖«បញ្ហានឹងកើតមានចាប់តាំងពីតូចដល់ធំ ព្រោះការគិតខុសចង់មាន ចង់បាន ចង់ឈ្នះ ដោយមិនពិនិត្យមើលហេតុផល។ យើងឃើញ សូម្បីតែរឿង គ្រោះថ្នាក់ចរាចរណ៍ ដល់ដីធ្លី ក៏មិនសូវឃើញមានការដោះស្រាយ តែបែរជាឃើញបង្ហាញអំណាចឬខ្សែជាដើម ដែលមិនគួរមានក្នុងសង្គមតទៅទៀតឡើយ»។
 
បើតាមលោក ច័ន្ទរឿន មន្ត្រីរាជការក៏មិនត្រូវឆ្លៀតធ្វើការងាររដ្ឋផង និងឯកជនផងដែរ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារជួយប្រជាពលរដ្ឋ និងបង្កជាទំនាស់ផលប្រយោជន៍ជាដើម។ លោក ច័ន្ទរឿន សង្កត់ធ្ងន់ថា ពលរដ្ឋ ជាពិសេស ដែលចង់មានបាននោះ គួរទៅធ្វើជំនួញ ល្អជាងធ្វើមន្ត្រី។ 
 
លោក ជិន ម៉ាលីន ក៏យល់ស្របដូចលោក ប៉ា ច័ន្ទរឿន ដែរ។ រដ្ឋលេខាធិការក្រសួងយុត្តិធម៌រូបនេះ យល់ថា មន្ត្រីរាជការ មិនត្រូវសម្លឹងឃើញតែបុណ្យស័ក្តិ និងទ្រព្យសម្បត្តិឡើយ។ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាននិយាយដូច្នេះថា៖ «បើចង់ក្លាយជាអ្នកមាន កុំមកធ្វើជាមន្រ្តី គួរទៅរកស៊ីវិញទៅល្អជាង»។ 
 
លោក ជិន ម៉ាលីន ពន្យល់ថា បើធ្វើជាមន្រ្តី ហើយចង់ក្លាយជាអ្នកមាននោះ ពួកគេមិនអាចធ្វើជាមន្រ្តីល្អ និងបម្រើប្រជាជនដោយស្មោះត្រង់បានឡើយ។ លោកសង្កត់ធ្ងន់ថា គុណតម្លៃរបស់មន្រ្តី មិនមែនស្ថិតលើភាពមានបាននោះទេ តែជាសេចក្តីថ្លៃថ្នូរ កិត្តិយស គុណធម៌ សច្ចធម៌ និងភាពស្មោះត្រង់ ក្នុងការបម្រើប្រជាជន។ 
 
លោក ជិន ម៉ាលីន ប្រាប់សារព័ត៌មានថ្មីៗតាមបណ្តាញទំនាក់ទំនងតេឡេក្រាមថា លោកតែងតែលើកឡើងអំពីទស្សនៈនេះ ប្រាប់ទៅសិស្សរបស់លោក នៅសាលាភូមិន្ទរដ្ឋបាល ដ្បិតពួកគេ ត្រូវក្លាយជាមន្រ្តីនាពេលអនាគត។
 
ដើម្បីដោះស្រាយបញ្ហាទាំងនេះ លោក មាស នី បានលើកឡើងពីការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព។ ត្រង់ចំណុចនេះ អ្នកវិភាគសង្គម បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល ត្រូវអនុវត្ត«ប្រើនីតិរដ្ឋ កុំប្រើនីតិមាត់» ។ មានន័យថា រដ្ឋត្រូវពិនិត្យលើទំនាស់ផលប្រយោជន៍ ពិសេសកុំជនណា ដែលប្រើអំណាចកៀបសង្កត់លើអ្នកដទៃ ដើម្បីតែប្រយោជន៍បុគ្គលឬបក្ខពួកខ្លួន គឺត្រូវអនុវត្តច្បាប់ភ្លាម ដោយគ្មានការលើកលែងនឹងយោគយល់ នោះច្បាស់ជាគ្មានអ្នកចង់ធ្វើមន្ត្រី ដើម្បីក្លាយជាអ្នកមានហើយ។ 
 
ទាំងលោក ប៉ា ច័ន្ទរឿន និងលោក មាស នី សុទ្ធតែយល់ថា កម្ពុជាមានច្បាប់ច្រើនហើយ នៅខ្វះតែការអនុវត្តប៉ុណ្ណោះ។ ដូច្នេះបើមានការអនុវត្តច្បាប់ត្រឹមត្រូវ នោះវានឹងផ្ដល់តម្លាភាព និងប្រយោជន៍រួម ដល់សង្គមជាតិ។
 
ក្រៅពីការអនុវត្តច្បាប់នេះ អ្នកជំនាញសីលធម៌សង្គមថា ស្ថាប័នអប់រំនិងជំនាញ បណ្ដុះបណ្ដាល ក៏ត្រូវបណ្ដុះស្មារតីគុណធម៌ដល់យុវជនឲ្យបានច្រើន។ ចំណែកពលរដ្ឋគ្រប់រូប ក៏ត្រូវចូលរួមសកម្មភាពកិច្ចការសង្គម ដោយមិនត្រូវគិតពីប្រយោជន៍ដែរ៕ 
 

Tag:
 សង្គម
  អំណាច
  ផលប្រយោជន៍
© រក្សាសិទ្ធិដោយ thmeythmey.com