ជាតិ
សង្គមជាតិ
លោក ជិន ម៉ាលីន៖«បើចង់មាន កុំមកធ្វើជាមន្រ្តី»
06, Aug 2021 , 7:40 pm        
រូបភាព
លោក ជិន ម៉ាលីន ថ្លែងក្នុងពិធីមួយនាពេលកន្លងមក (រូបពីហ្វេសប៊ុករបស់លោក)
លោក ជិន ម៉ាលីន ថ្លែងក្នុងពិធីមួយនាពេលកន្លងមក (រូបពីហ្វេសប៊ុករបស់លោក)
មន្រ្តីពីរប្រភេទ គឺ មន្រ្តី ដែលខិតខំបម្រើប្រជាជន និងមន្រ្តី ដែលយកតួនាទី ទៅស្វែងរកទ្រព្យសម្បត្តិ ដើម្បីក្លាយជាអ្នកមាន។ សម្រាប់លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ឲ្យតម្លៃខ្ពស់លើការប្រកាន់ជំហរធ្វើជាមន្រ្តីប្រភេទីមួយ។

 

លោក ជិន ម៉ាលីន ដែលនៅក្នុងក្រសួងយុត្តិធម៌ និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានតួនាទីជាអ្នកនាំពាក្យផងនោះ បង្ហាញទស្សនៈតាមរយៈសំណេរលើទំព័រហ្វេសប៊ុកថា៖«បើចង់ក្លាយជាអ្នកមាន កុំមកធ្វើជាមន្រ្តី គួរទៅរកស៊ីវិញទៅល្អជាង»។ 

លោក បង្ហាញការយល់ឃើញទៀតថា បើធ្វើជាមន្រ្តី ហើយចង់ក្លាយជាអ្នកមាន «ក្នុងតួនាទីជាមន្រ្តី» មន្រ្តីនោះ មិនអាចធ្វើជាមន្រ្តីល្អ និងបម្រើប្រជាជនដោយស្មោះត្រង់បានឡើយ។ លោក បន្តថា គុណតម្លៃរបស់មន្រ្តី មិនមែនស្ថិតលើភាពមានបាននោះទេ តែជាសេចក្តីថ្លៃថ្នូរ កិត្តិយស គុណធម៌ សច្ចធម៌ និងភាពស្មោះត្រង់ ក្នុងការបម្រើប្រជាជន។

បន្ថែមពីលើសំណេរតាមបណ្តាញសង្គមហ្វេសប៊ុក លោក ជិន ម៉ាលីន ប្រាប់សារព័ត៌មានថ្មីៗតាមបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ថា លោក តែងតែលើកឡើងអំពីទស្សនៈរបស់លោកខាងលើនេះ ប្រាប់ទៅសិស្សរបស់លោក នៅសាលាភូមិន្ទរដ្ឋបាល ដ្បិតពួកគេ ត្រូវក្លាយជាមន្រ្តីនាពេលអនាគត។

សាស្រ្តាចារ្យនៃសាលាភូមិន្ទរដ្ឋបាលរូបនេះ ថ្លែងថា៖«សិស្ស ដែលរៀននៅសាលាភូមិន្ទរដ្ឋបាល បំណងរបស់ពួកគេ គឺចង់ក្លាយជាមន្រ្តី។ អ៊ីចឹងទេ រាល់កូនសិស្ស ដែលខ្ញុំបង្រៀន ខ្ញុំ តែងផ្តាំផ្ញើនូវទស្សនៈជាមន្រ្តី ក៏ដូចជាគុណសម្បត្តិរបស់មន្រី្តក្នុងការបម្រើរាស្រ្ត»៕

Tag:
 ជិន ម៉ាលីន
  មន្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com