សុខភាព
អន្តរជាតិ
ហេតុអ្វីបានជាមនុស្សមួយចំនួនបរិភោគអាហារបួស?
21, Aug 2021 , 9:29 pm        
រូបភាព
រូបភាព៖  Anna Pelzer-Unsplash
រូបភាព៖ Anna Pelzer-Unsplash
ការបរិភោគអាហារបួសកំពុងមានប្រជាប្រិយភាពក្នុងពេលបច្ចុប្បន្ន។ ការសិក្សាបានបង្ហាញ​ថា មនុស្ស​ជ្រើសយកទម្លាប់បរិភោគអាហារបួស ស្ថិតក្រោយហេតុផលមួយចំនួន​ដូចជា​ ការគិតពីក្រមសីលធម៌ គិតពីបរិស្ថាន និងបញ្ហាសុខភាព។ នេះបើតាមការចុះផ្សាយ​លើទំព័រសុខភាព Healthline។

 
ក្រុមអ្នកបរិភោគអាហារបួស មានតាំងពីឆ្នាំ ១៩៤៤ មកម្លេះ។ ពួកគេបានសម្រេចចិត្តមិន​ទទួល​ទាន សាច់សត្វគ្រប់ប្រភេទ ចំណីអាហារដែលធ្វើពីទឹកដោះសត្វ, ស៊ុតសត្វ, និងផលិត​ផលកែច្នៃចេញពីសត្វផ្សេងទៀតផងដែរ។ លើសពីនេះ ក្រុមនេះបានព្យាយាមរស់​នៅដោយមិនពាក់ព័ន្ធជាមួយការសម្លាប់ និងការជួញដូរសត្វ មិនថាតែសម្រាប់​ចំណីអាហារ, សម្លៀក​បំពាក់ ឬក្នុងគោលបំណងណាមួយក៏ដោយ។ 
 
អាហារដែលអ្នកបួសអាចទទួលទានបានត្រូវតែជាអាហារដែលធ្វើពីបន្លែ ផ្លែឈើ ឬម្សៅមិនមានជាតិសាច់សត្វ ដូចជា តៅហ៊ូ នំប៉័ង ដែលធ្វើពីទឹកដោះគោរុក្ខជាតិជាដើម។ នៅពីក្រោយការសម្រេចចិត្តរបស់មនុស្សមួយចំនួន ក្នុងការបរិភោគអាហារបួសមានហេតុ​ផល​ ៣ធំៗ ដូចជា ក្រមសីលធម៌ បញ្ហាបរិស្ថាន និងគិតពីសុខភាព។​ 
 
អ្នកបរិភោគបួសជឿថា រាល់ជីវិតក្នុងលោកនេះសុទ្ធតែមានសិទ្ធិរស់រាន និងមានសេរីភាព។ ដូចនេះទើបពួកគេមិនសម្លាប់ជីវិតសត្វដើម្បីយកសាច់មកបរិភោគ ផឹកទឹកដោះ ឬយករោម ស្បែកមកធ្វើជាសម្លៀកបំពាក់ជាដើម ខណៈពេលមានរបស់ជាច្រើនផ្សេងទៀតអាចបរិភោគ និងប្រើប្រាស់ជំនួសបាន។ ពួកគេថែមទាំងប្រឆាំងនឹងឧស្សាហកម្មកសិកម្មចិញ្ចឹមសត្វ និង​ទិញតែផលិតផលណាមិនមានពាក់ព័ន្ធប៉ុណ្ណោះ។ 
 
លើសពីនេះ មនុស្សមួយចំនួនបានសម្រេចចិត្ត​មិនប្រើប្រាស់ផលិតផលកែច្នៃពីសត្វពីព្រោះ​ពួកគេគិតពីផលប៉ះពាល់នៃកសិកម្មចិញ្ចឹមសត្វទៅលើ​បរិស្ថាន។ កសិកម្មចិញ្ចឹមសត្វបាន​រួមចំណែកក្នុងការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុង​បរិយា​កាស រួមមាននីត្រូសែនអុកស៊ីត ៦៥ភាគរយ, មេតាន ពី ៣៥ ទៅ ៤០ភាគរយ, និងកាបូន​ឌីអុកស៊ីត ៩ភាគរយ។ ឧស្ម័នទាំងនោះ ជាកត្តាដ៏សំខាន់ ដែលជំរុញឱ្យមានបម្រែបម្រួល​អាកាស​ធាតុ។ កសិកម្មចិញ្ចឹមសត្វ​ក៏នាំឱ្យមានការកាប់ ឬដុតបំផ្លាញព្រៃឈើ ដើម្បីយកដី ដែលបណ្តាលឱ្យបាត់បង់ជម្រកសត្វ​ព្រៃ និងសត្វមួយចំនួនត្រូវស្លាប់ផុតពូជជាដើម។ 
 
ចំពោះហេតុផលចុងក្រោយវិញនោះ គឺបញ្ហាសុខភាព។ អ្នកខ្លះជ្រើសបរិភោគអាហារបួស​ដោយសារតែពួកគេគិតគូរពីបញ្ហាសុខភាព ដែលបណ្តាលមកពីការបរិភោគសាច់សត្វ។ ការទទួលទានអាហារបួសអាចកាត់បន្ថយ​ហានិភ័យនៃជំងឺបេះដូង ជំងឺទឹកនោមផ្អែម​ប្រភេទទី២ ជំងឺមហារីក និងប្រឈមហានិភ័យជំងឺផ្សេងទៀត ដែលអាចស្លាប់មុនអាយុ។ មួយវិញទៀត ការបរិភោគបួសក៏បាន​ចូលរួមក្នុងការរក្សាទម្ងន់រាងកាយឱ្យបាន​ល្អដែរ។ 
 
សូមបញ្ជាក់ថា ការបរិភោគអាហារបួសមានអត្ថប្រយោជន៍សម្រាប់សុខភាព លុះត្រាតែអ្នក​ចេះរៀបចំរបបអាហាររបស់អ្នកឱ្យបានត្រឹមត្រូវដោយស្វែងរកអាហារណាមានវីតាមីន និងប្រូតេអ៊ីនគ្រប់គ្រាន់សម្រាប់ជំនួសប្រតេអ៊ីនដែលមានក្នុងសាច់សត្វ ព្រោះរាងកាយ​មនុស្ស​ត្រូវការវាដើម្បីទ្រទ្រង់ជីវិត៕  
 

Tag:
 អាហារបួស
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com