អន្តរជាតិ
ទូតអាល្លឺម៉ង់៖ តាលីបង់ឱ្យប្រជាជនអាហ្វហ្កានីស្ថានចេញពីប្រទេសក្រោយថ្ងៃទី៣១ ខែសីហា
26, Aug 2021 , 12:29 pm        
រូបភាព
ទិដ្ឋភាពនៅព្រលានយន្តហោះទីក្រុងកាប៊ុល។ រូបថត Xinhua
ទិដ្ឋភាពនៅព្រលានយន្តហោះទីក្រុងកាប៊ុល។ រូបថត Xinhua
អគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំអាហ្វហ្កានីស្ថាន នៅថ្ងៃទី២៥ ខែសីហា​ បានប្រកាសថា ក្រុមតាលីបង់នឹងអនុញ្ញាតឱ្យប្រជាជនអាហ្វហ្កានីស្ថានដែលមានឯកសារធ្វើដំណើរគ្រប់គ្រាន់ អាចចាកចេញពីប្រទេសតាមជើងហោះហើរពាណិជ្ជកម្មនៅក្រោយថ្ងៃទី៣១ ខែសីហា ដែលជាថ្ងៃអាម៉េរិកដកទ័ពចុងក្រោយ។ បច្ចុប្បន្នលោកខាងលិចញាប់ដៃញាប់ជើងជម្លៀសប្រជាជនខ្លួន និងប្រជាជនអាហ្វហ្កានីស្ថានដែលនៅសេសល់ ប៉ុន្តែទំនងជាមិនអាចជម្លៀសអស់នៅត្រឹមថ្ងៃទី៣១ ខែសីហាឡើយ។

 
«លោក Stanekzai បានធានាប្រាប់ខ្ញុំថា ជនជាតិអាហ្វហ្កានីស្ថានដែលមានឯកសារស្របច្បាប់ នឹង បន្តមានឱកាសធ្វើដំណើរតាមជើងហោះហើរពាណិជ្ជកម្មបន្ទាប់ពីថ្ងៃទី៣១ ខែសីហា»។ អគ្គរដ្ឋទូត អាល្លឺម៉ង់ប្រចាំអាហ្វហ្កានីស្ថាន លោក Markus Potzel បានបង្ហោះសារនេះតាមរយៈបណ្ដាញសង្គម Twitter នៅថ្ងៃទី២៥ ខែសីហា​ ក្រោយជំនួបជាមួយប្រធានការិយាល័យនយោបាយរបស់តាលីបង់ លោក Sher Mohammad Abbas Stanekzai ដែលប្រចាំការនៅទីក្រុងដូហានៅកាតា។ 
 
នាជំនួបនៅថ្ងៃទី២៤ ខែសីហា ទូតអាល្លឺម៉ង់ និងមន្ត្រីតាលីបង់ បានពិភាក្សាអំពីផលលំបាករបស់ រដ្ឋាភិបាលលោកខាងលិចដែលកំពុងព្យាយាមជម្លៀសពលរដ្ឋរបស់ខ្លួន និងជនជាតិអាហ្វហ្កានីស្ថាន ដែលបានជួយពួកគេនាពេលកន្លងមកចេញពីទីក្រុងកាប៊ុល។ ភាគីទាំងពីរ ក៏បានជជែកអំពីតម្រូវការ បន្ទាន់ក្នុងការរក្សាសុវត្ថិភាព និងដំណើរការរបស់អាកាសយានដ្ឋាននៅទីក្រុងកាប៊ុល។ 
 
ជាមួយគ្នានេះ បើយោងតាមទីភ្នាក់ងារព័ត៌​មាន Reuters មន្ត្រីតួកគីពីររូបអះអាងថា ក្រុមតាលីបង់ បាន ស្នើឱ្យតួកគីផ្តល់ជំនួយបច្ចេកទេសដើម្បីគាំទ្រដំណើរការអាកាសយានដ្ឋានទីក្រុងកាប៊ុល បន្ទាប់ពីការ ចាកចេញរបស់កងកម្លាំងបរទេស។ ប៉ុន្តែតាលីបង់បានទទូចឱ្យយោធារបស់ទីក្រុងអង់ការ៉ាដកថយ ចេញពីអាហ្វហ្កានីស្ថានផងដែរនៅចុងខែសីហានេះ។
 
គួរបញ្ជាក់ថា ក្នុងរយៈពេល១០ថ្ងៃចាប់តាំងពីក្រុមតាលីបង់វាយលុកចូលទីក្រុងកាប៊ុល អាម៉េរិក និងសម្ព័ន្ធមិត្តខ្លួនបានបង្កើនល្បឿនជម្លៀសប្រជាជនតាមអាកាសដ៏ធំបំផុតមួយដែលមិនធ្លាប់មានដោយបានជម្លៀសមនុស្សជាង៨ម៉ឺននាក់។ យ៉ាងណាមិញ ប្រជាជនរាប់ពាន់នាក់ទៀតនៅមិនទាន់ បានជម្លៀសចេញនៅឡើយ ដែលធ្វើឱ្យសម្ព័ន្ធមិត្តណាតូជំរុញឱ្យមានការពន្យារពេលដកទ័ពរបស់អាម៉េរិក៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com