អន្តរជាតិ
សហរដ្ឋអាម៉េរិក៖ ហេតុអ្វីបានជាស្រ្តីកាន់តែច្រើន សម្រេចចិត្តមិនចង់មានកូន?
04, Sep 2021 , 9:29 pm        
រូបភាព
តាំងពីវ័យក្មេងមក អ្នកស្រី ឌីយ៉ាណា វ៉ូឡេក (Dyanna Volek) មិនដែលមានក្តីប្រាថ្នាក្នុងការមានកូននោះទេ។ រឿងនេះអាចបណ្តាល មកពីអ្នកស្រីបានឃើញម្តាយរបស់គាត់បោះបង់ចោលក្តីស្រមៃ ក្នុងការប្រែក្លាយទៅជាអ្នកបម្រើសេវាកម្មក្នុងយន្តហោះ ហើយមកធ្វើការយ៉ាងនឿយហត់ នៅឯទីតាំងចំនួន៣កន្លែង ដើម្បីរកប្រាក់ចំណូលគ្រប់គ្រាន់ ក្នុងការចិញ្ចឹមកូន ២ នាក់​។ ម្យ៉ាងវិញទៀត អ្នកស្រីក៏អាចចាប់អារម្មណ៍ ទៅលើរឿងផ្សេងៗក្រៅពីការយកកូនផងដែរ​។

 
 
«ខ្ញុំតែងតែប្រាថ្នាទៅលើរឿងដែលកើតឡើងនៅក្នុងអនាគត ប៉ុន្តែខ្ញុំមិនដែលប្រាថ្នា ក្នុងការក្លាយទៅជាម្ដាយនោះទេ»។ នេះគឺជាការលើកឡើងរបស់អ្នកស្រី ដែលសព្វថ្ងៃ គឺជាមន្ត្រីតំបន់មួយ នៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាម៉េរិក។ ដោយដកស្រង់ចេញពីសារព័ត៌មានរបស់សហរដ្ឋអាម៉េរិក CNN ចុះថ្ងៃទី ១៤ ខែកក្កដាមុននេះ ប្ដីរបស់អ្នកស្រីក៏បានសម្រេចចិត្តមិនយកកូនផងដែរ។ សព្វថ្ងៃ អ្នកស្រីមានអាយុ ៣៧ ឆ្នាំហើយ ហើយគាត់គិតថាគាត់មិនផ្លាស់ប្ដូរគំនិតនេះនោះទេ។
 
ការមិនមានកូន ផ្ដល់ឲ្យអ្នកស្រីនូវសេរីភាព ជាពិសេសនៅក្នុងរដូវកាលជំងឺឆ្លង កូវីដ-១៩ នេះ។ ដោយបានចាក់វ៉ាក់សាំងរួច អ្នកស្រី និងប្ដីរបស់គាត់ អាចចេញទៅដើរកម្សាន្តដោយមិនខ្វាយខ្វល់អំពីសុវត្ថិភាពរបស់កូនតូច។ ពួកគេ ក៏អាចចូលនិវត្តន៍បានឆាប់ផងដែរ ជាពិសេសនៅក្នុងទីក្រុង ដែលការរស់នៅមានតម្លៃថ្លៃ ដូចជាទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ មួយនេះ។ 
 
អស់រយៈពេលជាង ១ ទសវត្សរ៍មកហើយ ចំនួនស្ត្រីនៅក្នុងសហរដ្ឋអាម៉េរិក ដែលមិនប្រាថ្នាក្នុងការយកកូន មានចំនួនកាន់តែច្រើនឡើងៗ។ តាំងពីឆ្នាំ ២០០៧ អត្រាបង្កកំណើតនៅក្នុងសហរដ្ឋអាម៉េរិក បានធ្លាក់ចុះប្រមាណជា ២ ភាគរយ ជារៀងរាល់ឆ្នាំ។ កត្តាមួយចំនួន ដែលបង្កឲ្យមានការផ្លាស់ប្ដូរនេះ មានដូចជាបញ្ហាសេដ្ឋកិច្ចគ្រួសារ ភាពមិនឋិតថេរនៃនយោបាយ ការផ្លាស់ប្ដូរទិដ្ឋភាពទៅលើភេទជាបុរស និងជានារីជាដើម។ 
 
កញ្ញា ស៊ីស៊ីលីយ៉ា សេនដឺស៍ (Cecilia Sanders)  រស់នៅក្នុងទីក្រុង ឈីកាហ្គោ សហរដ្ឋអាម៉េរិក ក៏មានអារម្មណ៍មិនចង់យកកូនផងដែរ ដោយសារគាត់គិតថា នេះគឺជាបន្ទុកមួយដ៏ធ្ងន់​។ កញ្ញាគិតថា ការមានកូន មិនអនុញ្ញាតឲ្យកញ្ញាមានអារម្មណ៍ស្ថិតស្ថេរនោះទេ។ កង្វះការជួយសម្របសម្រួល ជាមួយនឹងការកើតឡើង នៃជំងឺ កូវីដ-១៩ បានធ្វើឲ្យមនុស្សជាច្រើនពន្យារពេលក្នុងការយកកូន។ 
 


 
សម្រាប់នារីខ្លះ ការមិនយកកូន អាចជួយជំរុញឲ្យពួកគេ មានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើអ្វីដែលពួកគេស្រឡាញ់ ដូចជាការសរសេរ លេងភ្លេង ដើរកម្សាន្ត សង្គ្រោះសត្វ និងរឿងផ្សេងៗដទៃទៀត ដែលមានទំនាក់ទំនងជាមួយនឹងអាជីពរបស់ពួកគេ។ ​​សព្វថ្ងៃនេះ ការមិនយកកូនបានក្លាយទៅជារឿងកាន់តែធម្មតាទៅៗ នៅក្នុងសង្គម។ ប៉ុន្តែពួកគេ នៅតែត្រូវពន្យល់អំពីជម្រើសមួយនេះ ទៅកាន់មនុស្សផ្សេងៗជាញឹកញាប់។ 
 
ពេលខ្លះមនុស្សមួយចំនួននៅក្នុងសង្គមបានហៅពួកគាត់ថា ជាមនុស្សអាត្មានិយម ឬមនុស្សមិនចូលចិត្តក្មេងៗជាដើម ហើយពួកគេនឹងមានអារម្មណ៍ឯកោ នៅពេលដែលពួកគេមានវ័យចំណាស់ទៅ។ គំនិតដែលថាអ្នកមិនយកកូន សុទ្ធសឹងតែជាមនុស្សមិនចូលចិត្តក្មេងនោះ ហាក់បីដូចជាមិនមែនត្រឹមត្រូវ គ្រប់ពេលនោះទេ។ អ្នកស្រី ឌីយ៉ាណា វ៉ូឡេក ក៏ចូលចិត្តលេងជាមួយនឹងកូនៗរបស់មិត្តភក្កិដែរ។ រីឯស្ត្រីដទៃទៀត ក៏មានទំនាក់ទំនងល្អជាមួយនឹងក្មួយៗរបស់ពួកគេដូចគ្នាដែរ។ កិច្ចសម្ភាសន៍មួយចំនួនបានបង្ហាញថា អ្នកមួយចំនួនទាំងនោះ សុខចិត្តមានវិប្បដិសេរី ក្រោយពីពេលមិនយកកូន ជៀសជាងមានវិប្បដិសេរី ក្រោយពីពេលយកកូន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com