COVID-19
ជាតិ
បុណ្យភ្ជុំបិណ្ឌ
ទោះស្ថិតក្រោមសម្ពាធកូវីដ-១៩ ក៏ពុទ្ធបរិស័ទយកចង្ហាន់ទៅវត្តដោយក្ដីជ្រះថ្លា
04, Oct 2021 , 9:59 am        
រូបភាព
ពលរដ្ឋយកចង្ហាន់ប្រគេនព្រះសង្ឃ នៅមណ្ឌលវិបស្សនាធុរៈទួលអង្កាញ់ ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល
ពលរដ្ឋយកចង្ហាន់ប្រគេនព្រះសង្ឃ នៅមណ្ឌលវិបស្សនាធុរៈទួលអង្កាញ់ ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល
ភ្នំពេញ៖ បើទោះបីជាធ្វើបុណ្យ ក្នុងស្ថានភាពនៃការរឹតត្បិតសេរីភាព ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ ក៏ដោយចុះ ប៉ុន្តែពុទ្ធបរិស័ទមួយចំនួន នៅតែមានចិត្តជ្រះថ្លាក្នុងការយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដោយភ្ជាប់ទៅជាមួយនឹងការការពារខ្លួន។


 
នាម៉ោងប្រមាណ៨ព្រឹក នៅមណ្ឌលវិបស្សនាធុរៈទួលអង្កាញ់ ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល មានពុទ្ធបរិស័ទនាំយកទៅចង្ហាន់ទៅប្រគេនព្រះសង្គប្រមាណតែ៣ទៅ៥គ្រួសារតូចៗប៉ុណ្ណោះ។ ក្នុងសាលាឆាន់ដ៏ធំល្វឹងល្វើយ ពុទ្ធបរិស័ទទាំងអស់ ឈររក្សាគម្លាតពីគ្នា និងមានពាក់ម៉ាសការពារផង។  
 
ឈរនៅជិតតុផ្ទេរចង្ហាន់ អ្នកស្រី ចាន់ ម៉ន បានយកសង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ធិសកុសលជូនដល់ មាតាបិតា និងញាតិកាទាំង៧សន្ដាន។ មានសម្បុរស្រអែម រាងស្គម ពាក់អាវស អ្នកស្រី ចាន់ ម៉ន ថាបើទោះបីអ្នកស្រីធ្វើបុណ្យទាំងមានគំនៀបក្ដី ក៏អ្នកស្រីនៅតែសប្បាយចិត្ត។ សប្បាយចិត្តក៏ព្រោះតែអ្នកស្រី នៅតែមានឱកាសអាចធ្វើបុណ្យ ដោយគ្រាន់តែអ្នកស្រីការពារខ្លួន និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។


អ្នកស្រី ចាន់ ម៉ន យកចង្ហាន់ទៅប្រគេនព្រះសង្ឃ នៅមណ្ឌលវិបស្សនាធុរៈទួលអង្កាញ់ ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល
 
យ៉ាងណាក៏ដោយ ស្ត្រីអាយុ៦៩ឆ្នាំរូបនេះ ថាកាលឆ្នាំមុនៗដែលមិនទាន់មានជំងឺកូវីដ-១៩ អ្នកស្រីមកធ្វើបុណ្យសប្បាយចិត្តជាងនេះ ព្រោះជាឱកាសបានជួបជុំមិត្តចាស់ៗដូចគ្នា ជជែកគ្នាលេង។ បរិស័ទដែលមានសក់ខ្មៅខ្លី ពានាក្រមាក្រហមលាយសរូបនេះបញ្ជាក់បន្ថែម៖«សប្បាយចិត្ត ព្រោះបានធ្វើបុណ្យឱ្យម្ដាយឪពុក។ ឪឡូវមិនបាននិយាយលេងជាមួយចាស់ៗដូចគ្នាទេ ព្រោះគេមិនឱ្យនៅជុំគ្នា។ គេឱ្យចូលម្នាក់ម្ដងៗមិនអាចនិយាយគ្នាបានទេ។ តែពីមុនជុំគ្នាសប្បាយណាស់»។ 
 
ចំណែកអ្នកស្រី នឿន រ៉េស ទើបតែអុជធូបរួចរាល់ បន្ទាប់ពីប្រគេនចង្ហាន់ព្រះសង្ឃរួច។ ពាក់អាវពណ៌សដៃខ្លី ពានាកន្សែងពណ៌សមានរូបប្រាសាទអង្គរវត្ត អ្នកស្រី រ៉េស ថាគាត់មិនសូវសប្បាយចិត្តឡើយ ពេលធ្វើបុណ្យដោយត្រូវប្រុងប្រយ័ត្នគ្រប់ពេលបែបនេះ។ បើទោះបីជាយ៉ាងនោះក្ដី ក៏ស្ត្រីសម្បុរស្រអែម មុខមូលរូបនេះ នៅតែព្យាយាមទៅវត្តផ្សេងៗគ្នា បាន៣ដងដែរ ដើម្បីឧទ្ទិសកុសលដល់ដូនតា។ 


អ្នកស្រី នឿន រ៉េស យកចង្ហាន់ទៅប្រគេនព្រះសង្ឃ នៅមណ្ឌលវិបស្សនាធុរៈទួលអង្កាញ់ ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល
 
ពុទ្ធបរិស័ទវ័យ៦៤ឆ្នាំ ដែលមកវត្តជាមួយស្វាមី និងចៅស្រី២នាក់ទៀតរូបនេះ ពន្យល់៖«មិនសូវសប្បាយចិត្តទេ ព្រោះមិនដូចធម្មតាដូចមុន។ ឥឡូវនេះអាចនិយាយគ្នា ជាមួយអ្នកមកវត្តដូចគ្នាតិចតួចណាស់ បើពីមុនបានជួបមុខចាស់ៗដូចគ្នា បាននិយាយលេងសប្បាយចិត្តច្រើន»។
 
រីឯអ្នកស្រី ឈី ផាន់ វិញ គាត់គឺជាអ្នករៀបចំផ្ទេរចង្ហាន់ ដែលពុទ្ធបរិស័ទនាំយកទៅប្រគេនព្រះសង្ឃ និងជាអ្នករៀបចំចង្ហាន់សម្រាប់ព្រះសង្ឃផងដែរ។ មានអាយុ៦៣ឆ្នាំ អ្នកស្រី ផាន់ អះអាងថាគាត់មានចិត្តភ័យខ្លាចនឹងជំងឺកូវីដ-១៩ដែរ ប៉ុន្តែគាត់ជឿថា ការការពារបានត្រឹមត្រូវ ក៏មិនអាចឆ្លងជំងឹនោះបានដែរ។ 
 
អង្គុយលើគ្រែរនាបក្ដារ ដែលជាកន្លែងផ្ទេរចង្ហាន់របស់ពុទ្ធបរិស័ទនាំយកមក ដៃស្ដាំរបស់អ្នកស្រី ឈី ផាន់ កំពុងកាន់កាំបិត ហើយដៃឆ្វេងដាក់ក្នុងថង់ពណ៌សមួយ សម្រាប់កាន់នំដើម្បីកាត់។ និយាយបណ្ដើរ ហើយដៃរៀបនំយ៉ាងញាប់បណ្ដើរ ស្រ្តីពាន់អាវផ្កាពណ៌ក្រហមលាយស និងមានសម្បុរស្រអែមសក់ខ្លីខ្មៅរូបនេះពន្យល់បន្ថែម៖«ភ័យខ្លាចកូវីដដែរ តែចេះតែការពារទៅ។ គេយកចង្ហាន់មកហើយក៏ទៅវិញ នៅតែអ្នករៀបចំចង្ហាន់ទេ។ អ្នកខ្លះគេបង្សុកូលហើយគេក៏ទៅវិញ»។


អ្នកស្រី ឈី ផាន់ យកចង្ហាន់ទៅប្រគេនព្រះសង្ឃ នៅមណ្ឌលវិបស្សនាធុរៈទួលអង្កាញ់ ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល
 
ចំណែកលោក គឹម ហួន ជាគណៈកម្មការក្នុងមណ្ឌលវិបស្សនាធុរៈទួលអង្កាញ់ កំពុងអង្គុយនៅកន្លែងទទួលបច្ច័យបុណ្យ ក៏បានឆ្លៀតពេលផ្ដល់បទសម្ភាសដល់សារព័ត៌មានថ្មីៗងផដែរ។ មានវ័យ៦២ឆ្នាំ លោក ហួន បានបញ្ជាក់ថា តាំងពីរដ្ឋាភិបាលសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌមក ពុំសូវមានពុទ្ធបរិស័ទនាំយកចង្ហាន់មកឡើយ។ យ៉ាងណាក៏ដោយ លោកថា អ្នកនាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃភាគច្រើន គ្រាន់តែប្រគេនព្រះសង្ឃរួចក៏ត្រឡប់ទៅផ្ទះវិញ ដោយមានតែចាស់ៗ២ទៅ៥នាក់ប៉ុណ្ណោះ ដែលនៅយូរ។
«មានតែអ្នកនៅជិតៗនេះទេ ដែលយកចង្ហាន់មក។ គេមិននៅហូបបាយដូចឆ្នាំមុនៗទេ។ ឆ្នាំមុនមានអ្នកមកពីឆ្ងាយៗច្រើន។ នៅទីនេះមានព្រះសង្ឃ២អង្គ និងមានសិស្សនៅរៀនធម៌៤នាក់»។ នេះជាការបញ្ជាក់របស់លោក គឹម ហួន។


លោក គឹម ហួន គណៈកម្មការក្នុងមណ្ឌលវិបស្សនាធុរៈទួលអង្កាញ់
 
សូមបញ្ជាក់ថា ក្រោយពីរកឃើញថា មានព្រះសង្ឃបានឆ្លងកូវីដ-១៩ច្រើន រួមទាំងមានកំណើននៃការឆ្លងជំងឺកូវីដ-១៩ កើនឡើងខ្លាំង ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌត្រឹមរយៈពេល៣ថ្ងៃ រាជរដ្ឋាភិបាល បានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីវេនបិណ្ឌទី៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។ ប៉ុន្តែថ្ងៃឈប់សម្រាក៣ថ្ងៃ សម្រាប់ពិធីបុណ្យជាតិនេះ រក្សាទុកដូចដើម។ យ៉ាងណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ពុទ្ធបរិស័ទ រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នា ដើម្បីនាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃផងដែរ៕

Tag:
 វត្ត
  ភ្ជុំបិណ្ឌ
  កូវីដ-១៩
  ចង្ហាន់
  បរិស័ទ
© រក្សាសិទ្ធិដោយ thmeythmey.com