ជាតិ
លោក ហេ ជុនសិក តន្ត្រីករវីយូឡុងដែលស្និទ្ធជាមួយ​​លោក ស៊ីន ស៊ីសាមុត ទទួលមរណភាពដោយសារកូវីដ-១៩
10, Oct 2021 , 3:54 pm        
រូបភាព
ភ្នំពេញ​៖ តន្ត្រី​ករ​វីយូឡុង​ លោក ហេ ជុន​សិក និង​ជា​ជំនិត​របស់​អធិរាជសំឡេង​មាស ស៊ីន ស៊ីសាមុត បាន​ចែក​ឋាន​ក្នុង​ជន្មាយុ​៨២​ឆ្នាំ​ ដោយ​សារ​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២១​ នៅ​វេលា​ម៉ោង​១២ និង​៤៣​នាទី​ថ្ងៃ​ត្រង់​។



លោក សិក សីលា ត្រូវ​ជា​កូន​ប្រុស​ពៅ​របស់​តន្ត្រី​ករ ហេ ជុនសិក បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា ឪពុក​របស់​លោក​ បាន​ចែកឋាន​ក្នុង​​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ-១៩​ នៅ​ពហុកីឡដ្ឋាន​ជាតិ​​អូឡាំពិក​។ លោក​ថា​ គ្រួសារ​បាន​ដឹង​ថា​លោក ជុនសិក មាន​ផ្ទុក​ជំងឺ​កូវីដ-១៩ ​ប្រហែល​៣​ថ្ងៃ​មុន​ ក្រោយ​ពី​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ឯក​ជន​មួយ​។ ក្នុង​ថ្ងៃ​ដដែល​គ្រូ​ពេទ្យ​ក៏​បញ្ជូន​លោក​ ទៅ​មណ្ឌ​ល​ព្យាបាល​ជំងឺ​កូវីដ-១៩​ នៅ​ស្ដាត​អូឡាំពិក​។ 
 
យ៉ាង​ណា​ក៏​ដោយ​ នៅ​ពេល​នេះ​លោក សិក សីលា នៅ​ពុំ​ទាន់​ដឹង​ថា​នឹង​ធ្វើ​ពិធី​បុណ្យ​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ឪពុក​នៅ​ពេល​ណា​នៅ​ឡើយ​ទេ​។ លោក សីលា បញ្ជាក់​៖«យើង​ចាំ​ពិភាក្សា​បង​ប្អូន​ទាំង​អស់​គ្នា​សិន​ អំពី​ការ​ធ្វើ​បុណ្យ​បញ្ជូន​កុសល​ទៅ​ប៉ា​។ ជំហានដំបូង​នេះ​ ​គេ​បូជា​សព​នៅ​ត្រង់​ណា យើង​ទៅ​ឱ្យ​បាន​ទាន់ពេល​ ដើម្បី​យក​ធាតុ​មក​ផ្ទះ​។ ពេល​នេះ​គេ​កំពុង​វេច​ខ្ចប់​សព​ ហើយ​រង់​ចាំ​លិខិត​អនុញ្ញាត​ឱ្យ​យក​សព​ចេញ​»។
 
ម្ចាស់​បទ «សោភិនីមាសស្នេហ៍​” លោក ហេ ជុនសិក គឺ​ជា​តន្ត្រីករ​វីយូឡុង​​អស់​រយៈ​ពេល​៥០​ឆ្នាំមក​ហើយ​។​​ ​លោក ​ក៏​ជា​អ្នក​និពន្ធ​បទ​ភ្លេង និង​ទំនុក​ច្រៀង​ កាល​ពី​អំឡុង​ទ.វ​ឆ្នាំ​៦០​ផង​ដែរ​។ លោក​មាន​កូន​ចំនួន​​៣​នាក់​ ដោយ​មាន​ស្រី​ម្នាក់​​។ កូន​ទាំង​អស់​សុទ្ធតែ​មាន​ឧបនិស្ស័យ​ខាង​តន្ត្រី​ ប៉ុន្តែពួក​គេ​​មិន​បាន​ចាប់​ជា​អាជីពឡើយ​​។ លោក ហេ ជុនសិក មាន​ជំងឺត្បៀត​​សរសៃឈាម​បេះ​ដូងប្រហែលជា​​១០​ឆ្នាំ​មក​ហើយ​ ដោយ​លោក​បាន​បន្ត​លេប​ថ្នាំ និង​ព្យាបាល​ជា​ប្រចាំ​ រហូត​ដល់​ថ្ងៃ​រក​ឃើញ​ថា​មាន​ផ្ទុក​ជំងឺ​កូវីដ-១៩​។
 
ក្នុងបទសម្ភាសមួយជាមួយ​វិទ្យុបារាំងអន្តរជាតិ (RFI) លោក ហេ ជុនសិក បានអះអាងថា លោកបាន​រួមចំណែក​យ៉ាងច្រើនក្នុងដំណើរ​ជីវិត​សិល្បៈជាមួយ​លោក ស៊ីន ស៊ីសាមុត។ លោក​ក៏បាន​ចូលរួម​លេងវីយូឡុងសម្រាប់បទ «ចម្ប៉ាបាត់ដំបង» និង​បទជាច្រើន​ ដែលច្រៀង និងនិពន្ធដោយ​លោក ស៊ីន ស៊ីសាមុត ផងដែរ៕

Tag:
 សិល្បៈ​
  តន្ត្រី​
  តន្រ្តីករ
© រក្សាសិទ្ធិដោយ thmeythmey.com