ជាតិ
Rough Guides៖ កម្ពុជាត្រូវបាន​ទេសចរអន្តរជាតិ​វាយតម្លៃថា រួសរាយរាក់ទាក់ជាងគេលើលោក
10, Oct 2021 , 8:59 pm        
រូបភាព
ដោយ:
Rough Guides ទីភ្នាក់ងារទេសចរណ៍ និងជាក្រុម​ហ៊ុន​បោះពុម្ពផ្សាយ​សៀវភៅមគ្គទេសក៍ដ៏ល្បីល្បាញ​ បាន​ចេញ​លទ្ធផលស្ទង់មតិ​នៅ​លើបណ្តាញសង្គម Twitter និង Facebook របស់ខ្លួន អំពី​ប្រទេស​ដែល មាន​ភាព រួសរាយរាក់ទាក់ជាងគេបំផុត​លើពិភពលោក។ លទ្ធផល​បង្ហាញ​ថា កម្ពុជាឈរលេខមួយ។

 
ក្នុងការស្ទង់មតិ​របស់ខ្លួនស្តីពី The world's friendliest countries ក្រុមហ៊ុនជំនាញខាងទេសចរណ៍ដែលមានស្នាក់ការ កណ្តាលនៅ​ក្រុងឡុងដ៍ ចក្រភពអង់គ្លេសមួយនេះ បាន​ដាក់លេខរៀងលំដាប់ពី១០ទៅ១ដែល​ជាលំដាប់កំពូល។ អ្នក​ទេសចរអាច​បំពេញឈ្មោះ​ប្រទេសដែល​ខ្លួន​មានបទពិសោធន៍ល្អ ជាពិសេស​ការគំនាប់ពីសំណាក់ពលរដ្ឋមូលដ្ឋាន។
 
លទ្ធផលនៃការបោះឆ្នោតតាមបណ្តាញសង្គម បានបង្ហាញថា កម្ពុជា​ទទួលបានសំឡេងគាំទ្រ​ច្រើនជាងគេលើតារាងប្រទេស​ដែល ​រួសរាយ​រាក់ទាក់ប្រកបដោយមិត្តភាព​ជាងគេ​បំផុត។ លោកស្រី Andrea Leber អ្នកសារព័ត៌មានទេសចរណ៍ និងជាអ្នកវាយតម្លៃការដើរកម្សាន្ត បានសរសេរក្នុង Twitter របស់ខ្លួនដូច្នេះថា៖ « ពួកគេ [ជនជាតិខ្មែរ] បានឆ្លងកាត់រឿងរ៉ាវជាច្រើន ប៉ុន្តែគេនៅតែមានស្នាមញញឹមលើផ្ទៃមុខ»។ 
 
បន្ទាប់ពីកម្ពុជា ក្រុមអ្នកទេសចរដែលបានចូលរួម​បោះឆ្នោត បាន​រើសយក ហ្វីលីពីន និងឡាវ សម្រាប់ចំណាត់ថ្នាក់​លេខ​២ និង​លេខ៣ រីឯថៃ ស្ថិតនៅ​លេខ​៥ បន្ទាប់ណេប៉ាល់។ ប្រទេសអាស៊ានពីរទៀត គឺ មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី ស្ថិតនៅ​ចំណាត់ថ្នាក់លេខ​៦ និង​លេខ​៧។ រីឯហ្វីជី ស្កុតឡេន និងស្រីលង្កា ស្ថិតក្នុងចំណោម Top 10។
 
កន្លងមក កម្ពុជាក៏បានទទួលចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម​ប្រទេស​ដែល​ស្វាគមន៍​រួសរាយ​បំផុត​សម្រាប់ជន​បរទេស ដែលត្រូវបានភ្ញៀវទេសចរបោះឆ្នោត  ក្នុងគេហទំព័រ InterNations ដែលមានមូលដ្ឋាននៅ​ក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ ផងដែរ​៕

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com