ជាតិ
«ពន្លាជាតិកម្ពុជា» ដែលបង្ហាញក្នុងពិព័រណ៍ពិភពលោកនៅឌូបៃ ទាក់ទាញទេសចរយ៉ាងខ្លាំង
10, Oct 2021 , 9:59 pm        
រូបភាព
fornt  ភ្ញៀវទេសចរកំពុងទស្សនាម៉ាកែតប្រាសាទអង្គរវត្ត ក្នុងពិព័រណ៍ពិភពលោកនៅឌូបៃ។ រូបភាពពី នាយកដ្ឋានជំរុញពាណិជ្ជកម្ម។
fornt ភ្ញៀវទេសចរកំពុងទស្សនាម៉ាកែតប្រាសាទអង្គរវត្ត ក្នុងពិព័រណ៍ពិភពលោកនៅឌូបៃ។ រូបភាពពី នាយកដ្ឋានជំរុញពាណិជ្ជកម្ម។
ភ្នំពេញ៖ ពន្លាជាតិកម្ពុជា ដែលកំពុងតាំងបង្ហាញនៅពិព័រណ៍ពិភពលោកនៅទីក្រុងឌូបៃ នៃសហភាពអារ៉ាប់រួម បានទាក់ទាញការចាប់អារម្មណ៍ពលរដ្ឋអារ៉ាប់ និងភ្ញៀវអន្តរជាតិយ៉ាងខ្លាំង ក្រោយតាំងបង្ហាញរយៈពេល២សប្ដាហ៍កន្លងមក។ នេះបើតាមហ្វេសប៊ុករបស់នាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ។


 
ក្នុងពិព័រណ៍នេះ កម្ពុជាបានដាក់បង្ហាញពន្លាជាតិទំហំ ៣៨៤,៥ ម៉ែត្រការ៉េ និងកម្ពស់២ជាន់​។ ពន្លានេះ បានរៀបចំតុបតែងលម្អ ពីស្នាដៃស្ថាបត្យកម្មខ្មែរដ៏ល្អវិចិត្រ ដោយរួមបញ្ចូល ៤សម័យកាល ក្នុងនោះមានសម័យមុនអង្គរ, សម័យអង្គរ, សម័យលង្វែក ឬឧត្តុង្គ និងសម័យចតុមុខ ឬភ្នំពេញបច្ចុប្បន្ន ដើម្បីទាក់ទាញអ្នកទស្សនា ស្របតាមប្រធានបទ«ចីរភាព (Sustainability)»។


                         រូបភាពពីនាយកដ្ឋានជំរុញពាណិជ្ជកម្ម។​
 
នាយកដ្ឋានជំរុញពាណិជ្ជកម្ម បានលើកឡើងថា ភ្ញៀវទស្សនាជាច្រើនចាប់អារម្មណ៍ ចំពោះពន្លាជាតិកម្ពុជា ព្រោះតែរូបភាពទាំងអស់ ត្រូវបានតុបតែងរចនាដូចរូបពិតៗ ដូចជាម៉ាកែតប្រាសាទអង្គរវត្ត  ព្រះបាទជ័យវរ័្មនទី៧ ព្រហ្មមុខ៤ ចម្លាក់តោ ព្រះវិស្ណុ ព្រះសិវៈ ឆ្មាំប្រាសាទជាដើម ដែលហាក់ដូចបានមកដល់ប្រទេសកម្ពុជាផ្ទាល់។​ បើតាមនាយកដ្ឋានជំរុញពាណិ​ជ្ជ​កម្ម ក្នុងចំណោមពន្លាជាតិ កន្លែងដែលទាក់ទាញអ្នកទស្សនាខ្លាំងបំផុត គឺម៉ាកែតប្រាសាទអង្គរវត្ត និងតំបន់ឆ្នេរសមុទ្រ។ «មកទល់ពេលនេះ ពន្លាជាតិកម្ពុជា មានអ្នកចូលទស្សនារាប់ពាន់នាក់ ហើយបានទទួលការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងបំផុត ពីសំណាក់ភ្ញៀវអន្តរជាតិ ជាពិសេសប្រជាជនអារ៉ាប់តែម្តង»។
 
ភ្ញៀវទេសចរ ដែលបានទស្សនាពន្លាជាតិកម្ពុជា មិនត្រឹមតែបានថតរូប និងវីដេអូ ទុកជាអនុស្សាវរីប៉ុណ្ណោះទេ  ថែមមានមគ្គទេសក៍បង្ហាញពីការកសាងទីក្រុង ដែលសម្បូរទៅដោយវប្បធម៌ អរិយធម៌កម្ពុជា ជាពិសេសពីជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ តាមសម័យកាលនីមួយៗ ព្រមទាំងបង្ហាញអំពីការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជំរុញវិស័យវិនិយោគ និងទេសចរណ៍។ នេះបើតាមបញ្ជាក់បន្ថែម របស់នាយកដ្ឋានជំរុញពាណិជ្ជកម្ម។ 


                            រូបភាពពីនាយកដ្ឋានជំរុញពាណិជ្ជកម្ម។
 
សូមជម្រាបថា ពន្លាជាតិកម្ពុជា ក៏ស្ថិតក្នុងចំណោមពន្លាជាតិ ៣០ប្រទេស ដែលត្រូវបានគណៈកម្មការពិព័រណ៍ពិភពលោក ជ្រើសរើសដាក់ដំណើរការសាកល្បងកាលពីថ្ងៃទី២៤ កញ្ញា​។ ពិព័រណ៍ពិភពលោក២០២០ នៅទីក្រុងឌូបៃ នៃសហភាពអារ៉ាប់រួម មានរយៈពេល ៦ខែ គិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដោយមានជិត២០០ប្រទេស និងអង្គការអន្តរជាតិធំៗចូលរួម៕
 
 

Tag:
 ពិព័រណ៍ពិភពលោក
  ពន្លាជាតិកម្ពុជា
  ឌូបៃ
© រក្សាសិទ្ធិដោយ thmeythmey.com