ជាតិ
តស៊ូ​៦ឆ្នាំទម្រាំ កញ្ញា ប៉ូគឹមថេង សុតធីតា​ បានគ្រងមកុដ ​​Miss Grand Cambodia 2021 ​
10, Oct 2021 , 6:29 pm        
រូបភាព
ភ្នំពេញ៖ កញ្ញា ប៉ូគឹមថេង សុតធីតា បានក្លាយម្ចាស់មកុដ Miss Grand Cambodia ឆ្នាំ២០២១ ដែលជ័យលាភីនេះ ត្រូវបានប្រកាសកាលពីរាត្រីថ្ងៃសៅរ៍ ទី៩ តុលា។ ក្រោយបានគ្រងមកុដ កញ្ញា ប៉ូគឹមថេង សុតធីតា ដែលមកពីខេត្តបាត់ដំបងរូបនេះ បានរំឭកពីការតស៊ូ និងប្រឹងប្រែង មិនបោះបង់របស់ខ្លួន នៅលើវិថីបវរកញ្ញានេះជាយូរឆ្នាំមកហើយ។



ម្ចាស់មកុដ Miss Grand Cambodia ឆ្នាំ២០២១ បានរៀបរាប់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ «ទីបំផុត ថ្ងៃដែលនាងខ្ញុំតស៊ូរយៈពេលជាង៦ឆ្នាំមកនេះ បានជោគជ័យហើយ។ ម្កុដលើក្បាលនាងខ្ញុំ បញ្ជាក់ពីការតស៊ូ ព្យាយាម និងមិនគិតថាបោះបង់ផ្លូវមួយនេះ»។ Miss Grand Cambodia ឆ្នាំ២០២១ ក៏មិនភ្លេចបង្ហាញក្តីរំភើប និងអរគុណប្រិយមិត្តដែលបាន​គាំទ្រនាង​ដែរ។


                               រូបភាពពីហ្វេសប៊ុក Miss Grand Cambodia
 
កញ្ញា សុត ធីតា ក៏បានលើកឡើងពីការតស៊ូរបស់ខ្លួន នៅក្នុង ​វគ្គ​ឆ្លើយសំណួរសម្រាប់បេក្ខនារី៥នាក់ចុងក្រោយ Top 5ផងដែរ។ ម្ចាស់ពានរូបនេះ បានឆ្លើយប្រាប់ទៅគណៈកម្មការដាក់ពិន្ទុនៅក្នុងកម្មវិធី ដែលបានចោទសួរពីចំណុចខ្លាំង និងគុណសម្បត្តិរបស់នាង ក្នុងការគ្រងកមុដ បវរកញ្ញា«នាងខ្ញុំគឺជាមនុស្សស្រីម្នាក់ដែមានការតស៊ូ ការអត់ធ្មត់ ការតាំងចិត្តខ្ពស់ ពិសេសគឺនាងខ្ញុំមានភាពជាអ្នកដឹកនាំ។ នាងខ្ញុំតែងតែសិក្សាពីភាពបរាជ័យដែលខ្លួនធ្លាប់ឆ្លងកាត់ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ ឱ្យដល់គោលដៅដែលនាងខ្ញុំបានកំណត់។ ហើយនាងខ្ញុំក៏មានភាពជឿជាក់លើខ្លួនឯងថានាងខ្ញុំមានទាំងសមត្ថភាព មានទាំងសម្រស់ ដែលអាចក្លាយជាអ្នកឈ្នះនៅក្នុងកម្មវិធីនេះ ស័ក្តិសមបំផុត»។ 


                                    រូបភាពពីហ្វេសប៊ុក Miss Grand Cambodia

គេនៅចាំបានថា កញ្ញា​ ប៉ូគឹមថេង សុតធីតា ធ្លាប់បានជាប់ជាបវរកញ្ញារងទី២ ពីការប្រកួត Miss Universe Cambodia កាលពីឆ្នាំ២០១៩ផងដែរ។
សម្រាប់តំណែង Miss Grand International ២០២១នេះវិញ  កញ្ញា ប៉ូគឹមថេង សុតធីតា នឹងតំណាងប្រទេសកម្ពុជា ទៅចូលរួមក្នុងកាប្រកួតMiss Grand International ដែលនឹងប្រព្រឹត្តទៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ដែលរៀបចំនៅកោះភូកេត ប្រទេសថៃ។  
 

                       រូបភាពពីហ្វេសប៊ុក Miss Grand Cambodia

​ដោយឡែកតំណែងបវរកញ្ញារងទី១ បានទៅលើ ​កញ្ញា អ៊ិន លក្ខិណា មកពីខេត្តកំពង់ចាម ហើយនាងក៏បានទទួលការតែងតាំងដ៏ភ្ញាក់ផ្អើល ពីអ្នករៀបចំកម្មវិធីផងដែរ ឱ្យនាងក្លាយជា Miss Supranational Cambodia ឆ្នាំ២០២២។ លក្ខិណា គឺជាស្ត្រីខ្មែរតំបូងដែលនឹងតំណាងឲ្យប្រទេសកម្ពុជា ទៅចូលរួមការប្រកួតលើឆាក Miss SUPRANATIONAL 2022 នៅឯប្រទេសប៉ូឡូញ នៅឆ្នាំក្រោយ​។
 


                                  រូបភាពពីហ្វេសប៊ុក Miss Grand Cambodia

ចំណែកឯ កញ្ញា អែម គុនថង តំណាងខេត្តព្រះសីហនុ ក្លាយជាបវរកញ្ញារងទី២, កញ្ញា កែវ សេងលីហួរ តំណាងខេត្តកំពត ក្លាយជាបវរកញ្ញារងទី៣ និងកញ្ញា សុខ រ៉ាត់ចារៈកន តំណាងខេត្តកំពង់ឆ្នាំង ក្លាយជាបវរកញ្ញារងទី៤៕



Tag:
 Miss Grand Cambodia
  ប៉ូគឹមថេង សុតធីតា​
© រក្សាសិទ្ធិដោយ thmeythmey.com