ជាតិ
«ចង្កៀលខ្យង» នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ជាប់កំណត់ត្រាជោគជ័យក្នុងរដូវពងកូន
16, Oct 2021 , 7:39 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ សត្វចង្កៀលខ្យងជាងពីរពាន់សម្បុក បានបញ្ចប់រដូវពងកូន ដោយជោគជ័យ ទាំងសម្បុកចាស់ និងសម្បុកថ្មី ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងឆ្នាំ២០២១។ រដូវពងកូនរបស់សត្វចង្កៀលខ្យល អំណោយផលល្អដោយសារទឹកជំនន់ឆ្នាំនេះតូច មិនសូវមានព្យុះភ្លៀង និងបូករួមទាំងការការពារ អភិរក្សបានល្អ។



លោក ប៊ូ វរសក្ស នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្ដរជាតិប្រចាំនៅកម្ពុជា បានឱ្យដឹងថា នេះជាលើកទីមួយ និងកំណត់ត្រាថ្មីសម្រាប់សត្វចង្កៀលខ្យង នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលមានការកាច់សម្បុកបានច្រើនក្នុងរដូវពងកូន បើធៀបទៅឆ្នាំ២០២០។ «យើងមិនអាចកំណត់ថាមានចំនួនកើនឡើងប៉ុន្មានទេ តែគ្រាន់តែដឹងថាចង្កៀលខ្យងឆ្នាំនេះនៅក្នុងតំបន់បឹងព្រែកល្ពៅត្រឡប់មកកាច់សម្បុកនៅកន្លែងដដែលច្រើនសម្បុក។ អាចមកពីទីតាំងមានសុវត្ថិភាព ទើបធ្វើឱ្យពួកវានាំបន្តពងកូ ននិងបន្តពូជនៅទីតាំងចាស់ »។ នេះជាការពន្យល់របស់លោក វរសក្ស។
  

រូបភាពដោយ អង្គការBirdLife International Cambodia Programme 

ការកាច់សម្បុកច្រើនរបស់សត្វចង្កៀលខ្យងនេះ ក្រុមអ្នកជំនាញមិនទាន់បានសិក្សាពីផលប៉ះពាល់ពាក់ព័ន្ធនឹងដើមឈើនៅតំបន់នោះឡើយទេ។ ប៉ុន្តែក្រុមការងារសង្កេតឃើញមានដើមឈើមួយចំនួនតូចបានងាប់ផងដែរ។
 
នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្ដរជាតិប្រចាំនៅកម្ពុជារូបនេះ បញ្ជាក់ថា៖ «ពេលនេះរដូវពងកូនរបស់ចង្កៀលខ្យង ដូច្នេះពួកវាកាច់មែកឈើយកមកធ្វើសម្បុក។ ទាក់ទងនឹងផលប៉ះពាល់ដល់ព្រៃ ឬដើមឈើ យើងមិនទាន់បញ្ជាក់បាននៅឡើយទេ។ នៅពេលមានការសិក្សាទៅថាមានផលប៉ះពាល់ដល់ព្រៃក្នុងតំបន់នោះខ្លាំងដូចជា នៅទួលព័ន្ធតាឡីក្នុងខេត្តព្រៃវែងនោះ ក្រុមការងារនឹងមានគម្រោងដាំបន្ថែម»។
 
សូមបញ្ជាក់ថា វត្តមានសត្វចង្កៀលខ្យង ត្រូវបានកត់ត្រាមានវត្តមាននៅតំបន់បឹងព្រែកល្ពៅតាំងពីឆ្នាំ២០0៣មក ដោយមានចំនួនប្រហែលជាងមួយរយក្បាលប៉ុណ្ណោះ និងនៅក្នុងឆ្នាំ២០២០ ចំនួនរបស់ពួកវាបានកើនឡើងរហូតដល់រាប់ពាន់ក្បាល និងមានសម្បុកពងកូនយ៉ាងតិចចំនួន២១៨៦ នៅលើដើមរាំងចំនួន២៧០ដើម។ នៅឆ្នាំមុនការធ្វើសម្បុករបស់ចង្កៀលខ្យង ជាក្លាយជាកំណត់ត្រាថ្មីដែលពុំធ្លាប់មានក្នុងរយៈពេលប្រមាណជាង១៥ឆ្នាំចុងក្រោយ។  នេះបើតាមមន្រ្តីឧទ្យានុរក្ស និងមន្រ្តីជីវៈចម្រុះតំបន់តំបន់បឹងព្រែកល្ពៅ។


  រូបភាពដោយ អង្គការBirdLife International Cambodia Programme 

បឹងព្រែកល្ពៅ ជាតំបន់ដីសើមដ៏ធំមួយដែលស្ថិតក្នុងតំបន់ដីសណ្តទន្លេមេគង្គក្រោម និងត្រូវបានកំណត់ជាតំបន់ការពារទេសភាពបឹងព្រែកល្ពៅតាមរយៈអនុក្រឹត្យលេខ៩០អនក្រ.បក ចុះនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ដែលមានទីតាំងភូមិសាស្រ្តស្ថិតនៅស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ៕
 


 រូបភាពដោយ អង្គការBirdLife International Cambodia Programme 
 
 
 
 

Tag:
 ខេត្តតាកែវ
  សត្វស្លាប
  ចង្កៀលខ្យង
© រក្សាសិទ្ធិដោយ thmeythmey.com