ជាតិ
អ្នកស្រី ឃន សុខចាន់ ជម្នះកែប្រែជីវិតពីមេផ្ទះ ទៅជាម្ចាស់សិប្បកម្មឱសថសរីរាង្គ
17, Oct 2021 , 8:59 am        
រូបភាព
ដោយ៖ សុង សុធាវី


ភ្នំពេញ៖ អ្នកស្រី ឃន សុខចាន់ ហៅហែឡែន បានវិវត្តន៍ខ្លួនពីស្រ្តីមេផ្ទះទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសម៉ាឡេស៊ី ក្លាយជាស្ថាបនិកសិប្បកម្មហ្គោលដិនអេក ដែលផលិតឱសថបែបអាហារសរីរាង្គ។ រយៈពេលបីឆ្នាំហើយ ដែលអ្នកស្រី សុខចាន់ បានបង្កើតសិប្បកម្មផលិតអាហារសរីរាង្គដែលមានគុណភាព និងមានការការទទួលស្គាល់ពីក្រសួងសុខាភិបាល។ ដោយបានប្រើប្រាស់កសិផលក្នុងស្រុកជាវត្ថុធាតុដើម អ្នកស្រី សុខចាន់ អះអាងថា សិប្បកម្មរបស់ខ្លួន ក៏បានចូលរួម លើកស្ទួយផលិតផលក្នុងស្រុកមួយផ្នែកផងដែរ។  បើតាម អ្នកស្រី សុខចាន់ ជោគជ័យនាពេលបច្ចុប្បន្ននេះ កើតចេញពីតស៊ូ ជម្នះឧបសគ្គ ដោយមិនខ្លាចនឿយហត់ ដើម្បីជួយជំរុញទីផ្សារខ្មែរ និងអាចនាំចេញទៅកាន់ទីផ្សារបរទេស។


 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និងអ្នកស្រី ឃន សុខចាន់ ដូចតទៅ៖


«ចាប់ផ្តើមបង្កើតជំនួញនេះ ខ្ញុំមានជំនឿជាក់លើខ្លួនឯង គិតថាអាចបង្កើតនូវផលិតផលដែលមានគុណភាព ជួយជំរុញទីផ្សារខ្មែរ អាចនាំចេញទៅបរទេសបាន ព្រោះសក្តានុពលឱសថធម្មជាតិស្រុកយើងសម្បូរណាស់។ ខ្ញុំចង់ចូលរួមគាំទ្រទិញវត្ថុធាតុដើម ពីកសិករដែលខំដាំបានក្នុងតម្លៃសមរម្យ។ ការពិតខ្ញុំអាចធ្វើការងារនេះ នៅប្រទេសម៉ាឡេស៊ី តែខ្ញុំមិនធ្វើ ព្រោះខ្ញុំស្រឡាញ់ប្រទេសខ្មែរ និងចង់ចូលរួមផ្តល់ឱកាសការងារដល់ពលរដ្ឋយើងផងដែរ»។ នេះជាការលើកឡើងរបស់អ្នកស្រី ឃន សុខចាន់ ក្នុងកម្មវិធី៖ គំនិតថ្មី នៃសារព័ត៌មានថ្មីៗ។


 
ស្រ្តីដែលមានស្រុកកំណើតនៅខេត្តកណ្តាលរូបនេះ បានបង្កើតផលិតផលឱសថជាអាហារសរីរាង្គចំនួនប្រាំមុខ ផ្សំពីកសិផលធម្មជាតិរួមមាន៖ រមៀតមាស, ម្រុំគ្រាប់, ទឹកខ្ញី, ទឹករុក្ខជាតិសម្រួលដង្ហើម និងស្រ្ពេហ៍ការពារស្បែក។ កសិផលដែលសប្បិកម្មអ្នកស្រី សុខចាន់ យកមកកែច្នៃ ជាកសិផលសរីរាង្គមកពីសហគមន៍កសិកម្មចំនួន ៣ ក្នុងប្រទេសកម្ពុជា។ ដើម្បីផលិតឱសថបែបអាហារសរីរាង្គឱ្យមានគុណភាព និងការទទួលខុសត្រូវ ម្ចាស់សិប្បកម្មរូបនេះ បានសហការផលិតជាមួយអ្នកឯកទេសគីមីចំណីអាហារ វេជ្ជបណ្ឌិត ដែលមានការទទួលស្គាល់ដោយក្រសួងសុខាភិបាល។
 
អ្នកស្រី សុខចាន់ លើកឡើងថា៖«ខ្ញុំមិនមែនជាគ្រូពេទ្យទេ តែខ្ញុំធ្លាប់ជាស្រ្តីមេផ្ទះ ដែលធ្លាប់មើលថែទាំមនុស្សចាស់នៅបរទេស និងមានបទពិសោធន៍នៅក្នុងមហាវិទ្យាល័យជីវិត ឃើញថាការប្រើប្រាស់អាហារសរីរាង្គ ដើម្បីទ្រទ្រង់សុខភាពជំនួសឱសថគីមី គឺពិតជាមានប្រយោជន៍ចំពោះសុខភាពមនុស្សយ៉ាងខ្លាំង»។
 
បើតាមស្ថាបនិកស្រ្តីរូបនេះ លក្ខណៈខុសគ្នារវាងអាហារសរីរាង្គ និងឱសថ គឺអាហារប្រើសម្រាប់សារធាតុចិញ្ចឹមទ្រទ្រង់រាងកាយប្រចាំថ្ងៃ ឱ្យមានសុខភាពរឹងមាំលូតលាស់ និងជួយការពារនូវប្រភេទជំងឺផ្សេងបានផងដែរ។ ចំណែកឯ ឱសថ គឺជាសមាសធាតុគីមីដែលមិនមានសមត្ថភាពចិញ្ចឹមរាងកាយទេ តែមានលទ្ធភាពបែបគីមីសាស្រ្ត ដើម្បីព្យាបាលជំងឺ ដែលវាអាចជះឥទ្ធិពលអាក្រក់ទៅថ្ងៃក្រោយ។
 
តាមរយៈលទ្ធផលល្អក្នុងពេលបច្ចុប្បន្ន អ្នកស្រី ឃន សុខចាន់ ប្ដេជ្ញាបន្តឆន្ទៈក្នុងការពង្រឹងគុណភាពផលិតផលទាំងនេះបន្ថែមទៀត តាមរយៈការរួបរួមគ្នាជាកម្លាំង រវាងក្រុមការងារ អ្នកផ្គត់ផ្គង់វត្ថុធាតុដើម និងស្ថាប័នពាក់ព័ន្ធ ក្នុងការជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីជំរុញសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ អ្នកស្រី សុខចាន់ មានមហិច្ឆតានាំអាហារបំប៉នសរីរាង្គនេះ ទៅកាន់ទីផ្សារបរទេសមួយចំនួនដូចជា ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងចិន ព្រោះប្រទេសទាំងនោះ មិននិយមក្នុងការប្រើប្រាស់ឱសថគីមី ឬថ្នាំពេទ្យឡើយ៕
 

Tag:
 SME
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com