ជាតិ
វិស័យឯកជន នឹងលក់កញ្ចប់ទេសចរណ៍តំបន់ធម្មជាតិ ក្រោយបើកទេសចរណ៍វ៉ាក់សាំង
17, Oct 2021 , 10:59 am        
រូបភាព
ដោយ:
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា គ្រោងរៀបចំកញ្ចប់ទេសចរណ៍ ដោយផ្ដោតលើតំបន់ធម្មជាតិ ដើម្បីលក់ជូនភ្ញៀវបរទេស ពេលរដ្ឋាភិបាល បើកទេសចរណ៍វ៉ាក់សាំង។ បើតាមលោកស្រី ឆាយ ស៊ីវលីន មូលហេតុដែលជ្រើសរើស តំបន់ធម្មជាតិ ដោយសារតំបន់នោះមានទីតាំងធំទូលាយ ងាយស្រួលរក្សាគម្លាត ។



សូមអញ្ជើញលោក អ្នកនាង ស្ដាប់បទសម្ភាសខ្លី រវាងសារព័ត៌មានThmeyThmey25 និងលោកស្រី ឆាយ ស៊ីវលីន ៖
 
ក្នុងបរិបទកូវីដ-១៩  ភ្ញៀវទេសចរជាតិភាគច្រើន បានដើរកម្សាន្តនៅតំបន់ទេសចរណ៍ធម្មជាតិ។ តំបន់ទាំងនោះមានទីធ្លាទូលាយ ដែលអាចមានហានិភ័យទាបចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩។ បន្ថែមពីនេះតំបន់អេកូរទេសចរណ៍ និងសហគមន៍ទេសចរណ៍បច្ចុប្បន្នមានសេវាកម្មល្អប្រសើរ ព្រមទាំងមានទេសភាពយ៉ាងប្រណីតពីធម្មជាតិ។
 
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានរៀបចំកញ្ចប់ទេសចរណ៍ ដោយផ្ដោតលើតំបន់ទេសចរណ៍ធម្មជាតិ ជាពិសេសអេកូទេសចរណ៍។
លោកស្រីបានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25  ដូច្នេះថា៖ « យើងបានគិតរួចហើយ ពីការបង្កើតកញ្ចប់ទេសចរណ៍នៅតំបន់ធម្មជាតិ មិនថាបែបប្រវត្តិសាស្ត្រ ក៏យើងពិនិត្យមើលដែរ។ ហើយយើងផ្ដោតលើតំបន់អេកូទេសចរណ៍ច្រើន ព្រោះថ្មីៗនេះក្រសួងទេសចរណ៍បានរៀបចំផ្លូវថ្នល់ និងសោភណ្ឌភាព បានល្អច្រើន។ ដូច្នេះ តំបន់ទាំងនោះជាផលិតផលថ្មីដែលយើងត្រូវយកទៅលក់» ។
 
បើតាមប្រធានសមាគមទីភ្នាក់ងារទេសចរណ៍រូបនេះ ការជ្រើសរើសតំបន់វាល ឬតំបន់អេកូទេសចរណ៍ ព្រោះមានភាពងាយស្រួលសម្រាប់ទេសចរ ក្នុងការរក្សាគម្លាត និងអនុវត្តវិធានសុវត្ថិភាព។ បន្ថែមពីនេះ ការនាំភ្ញៀវបរទេសទៅតំបន់ធម្មជាតិ គឺជាការចូលរួមបង្កើតការងារដល់ប្រជាជនមូលដ្ឋាន ដែលអាចធ្វើឱ្យជីវភាពពួកគេមានភាពប្រសើរឡើង។
 
លោកស្រី ឆាយ ស៊ីវលីន ក៏បានស្នើឱ្យទេសចរក្នុងស្រុក ចូលរួមលើកកម្ពស់ទេសចរណ៍ធម្មជាតិ និងតំបន់អេកូទេសចរណ៍ តាមរយៈការប្រើប្រាស់សេវាកម្មទេសចរណ៍ របស់ប្រជាសហគមន៍ និងទាក់ទងទៅពួកគេពេលដើរកម្សាន្ត ដើម្បីចៀសវាងបញ្ហាណាមួយ។
 
សូមជម្រាបដែរថា កាលពីថ្ងៃទី១៧កញ្ញា ក្នុងពិធីចាក់វ៉ាក់សាំងឱ្យកុមារពីអាយុ៦ដល់១២ឆ្នាំ សម្ដេច ហ៊ុន សែន បានលើកឡើងពីការបើកទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យទេសចរអន្តរជាតិ ចាក់វ៉ាក់សាំងរួចមកកម្ពុជា និងចត្តាឡីស័ក ៧ថ្ងៃប៉ុណ្ណោះ។ អំឡុងពេលចត្តាឡីស័ក ទេសចរអាចដើរកម្សាន្តនៅតំបន់នោះផងដែរ៕
 
 

Tag:
 ThmeyThmey25
  ឆាយ ស៊ីវលីន
  សម្ភាស
  សំឡេង
© រក្សាសិទ្ធិដោយ thmeythmey.com