ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងពីចំណាត់ថ្នាក់លេខ១៧៨ មកលេខ១៧០ក្នុងតារាងចំណាត់ថ្នាក់ FIFA World Rankings ដោយគិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នេះ។ នៅក្នុងតុលា កម្ពុជាបានឈ្នះការប្រកួតទាំងពីរជើងលើកោះហ្គាំ ក្នុងការប្រកួត Playoff ពានរង្វាន់ AFC Asian Cup 2022 ដែលរៀបចំទឹកដីបារ៉ែន។
ក្រោយមិនស្គាល់ជ័យជម្នះ៩ប្រកួតជាប់គ្នា ក្នុងនោះចាញ់៧ប្រកួត និងស្មើ២ប្រកួត កម្ពុជាបានយកឈ្នះហ្គាំ ១-០ កាលពីថ្ងៃទី១០ ខែតុលា និង ២-១ នារយៈពេល២ថ្ងៃបន្ទាប់។ ជ័យជម្នះនេះ នាំឲ្យគោព្រៃដែលមានលោក Keisuke Honda ជាអ្នកចាត់ការទូទៅ និងលោក Ryu Hirose ជាគ្រូបង្វឹក ឈានបន្តទៅវគ្គជម្រុះជុំទីបីនៃពានរង្វាន់ AFC Asian Cup 2022។
យោងតាមចំណាត់ថ្នាក់ FIFA កម្ពុជា ទទួលសរុប៩៧០ពិន្ទុ ដោយឈរចំណាត់ថ្នាក់លេខ១៧០ក្នុងចំណោម២១០ក្រុមជម្រើសជាតិ។ វាជាចំណាត់ថ្នាក់ខ្ពស់បំផុតបើគិតចាប់តាំងពីឆ្នាំ២០១១មក។ កាលពីខែកញ្ញា កម្ពុជាមានចំណាត់ថ្នាក់លេខ១៧៨ ខែសីហា លេខ១៧៩ និងលេខ១៧៤ កាលពីខែមេសា និងឧសភា។
បែលហ្ស៊ិកលើលេខ១លើពិភពលោក តាមពីក្រោយដោយប្រេស៊ីល បារាំង អ៊ីតាលី អង់គ្លេស អាហ្សង់ទីន អេស្ប៉ាញ ព័រទុយហ្គាល់ ម៉ិកស៊ិក និងដាណឺម៉ាក។ ហូឡង់ អាល្លឺម៉ង់ សហរដ្ឋអាម៉េរិក ស្វីស អ៊ុយរូហ្គាយ កូឡុំប៊ី ស្វីស ក្រូអាស៊ី វេលស៍ និងសេណេហ្គាល់ ស្ថិតក្នុងចំណោម Top 20។
ក្នុងតំបន់អាស៊ី អ៊ីរ៉ង់ (លេខ២២) មានចំណាត់ថ្នាក់ខ្ពស់ជាងគេ បន្ទាប់មកមាន ជប៉ុន (លេខ២៨), អូស្ត្រាលី (លេខ៣៤), កូរ៉េខាងត្បូង (លេខ៣៥), កាតា (លេខ៤៦), អារ៉ាប៊ីសាអូឌីត (លេខ៤៩), អេមីរ៉ាតអារ៉ាប់រួម (លេខ៧១), អ៊ីរ៉ាក់ (លេខ៧២), ចិន (លេខ៧៥) និងអូម៉ង់ (លេខ៧៧)។
សម្រាប់តំបន់អាស៊ីអាគ្នេយ៍ វៀតណាម ស្ថិតនៅលេខ៩៨, ថៃ លេខ១១៧, ហ្វីលីពីន លេខ១២៧, មីយ៉ាន់ម៉ា លេខ១៤៥, ម៉ាឡេស៊ីលេខ១៥៥, សិង្ហបុរី លេខ១៦០, ឥណ្ឌូណេស៊ីលេខ១៦៥ ខណៈកម្ពុជា ស្ថិតនៅពីលើ ឡាវ (លេខ១៨៥), ព្រុយណេ (លេខ១៨៩) និងទីម័រខាងកើត (លេខ១៩៤)។ ហ្គាំ ដែលទើបចាញ់កម្ពុជា ស្ថិតនៅលេខ២០៦៕