អន្តរជាតិ
ឥណ្ឌា ច្រានចោលការអំពាវនាវឱ្យកំណត់គោលដៅបញ្ចេញកាបូនកម្រិតសូន្យ
28, Oct 2021 , 9:29 pm        
រូបភាព
ដោយ:
ឥណ្ឌា នៅថ្ងៃទី២៧ ខែតុលា បានច្រានចោលការអំពាវនាវឱ្យដាក់គោលដៅឆ្ពោះទៅរកអព្យាក្រឹតកាបូនឬការបញ្ចេញកាបូនកម្រិតសូន្យមុនកិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុ COP26 ។ ទីក្រុងញូវដែលី និយាយថា វាមានសារសំខាន់ច្រើនជាងនេះសម្រាប់ពិភពលោកលើការរៀបចំផែនការកាត់បន្ថយការបំភាយឧស្ម័ន និងការទប់ស្កាត់ការកើនឡើងសីតុណ្ហភាពដ៏អាក្រក់ជាជាងការកំណត់គោលដៅ។



ឥណ្ឌា ជាប្រទេសលំដាប់ទី៣ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេលើពិភពលោក បន្ទាប់ពីចិននិងអាម៉េរិក។ ប្រទេសដែលមានប្រជាជនជាង១,៣លាននាក់នេះ ក៏ស្ថិតក្រោមសម្ពាធខ្លាំងលើការប្រកាសផែនការអាព្យាក្រឹតកាបូនឱ្យបានពាក់កណ្តាលសតវត្សរ៍ទី២១ ក្នុងសន្និសីទបម្រែបម្រួលអាកាសធាតុ COP26 នៅសប្ដាហ៍ក្រោយ។
 
យ៉ាងណាមិញ លេខាធិការអចិន្រ្តៃយ៍ក្រសួងបរិស្ថានឥណ្ឌា R.P. Gupta បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ​ការប្រកាសផែនការបញ្ចេញកាបូនកម្រិតសូន្យ មិនមែនជាដំណោះស្រាយវិបត្តិអាកាសធាតុឡើយ។លោកបន្ថែមថា​ អ្វីដែលសំខាន់ជាងនេះគឺបរិមាណកាបូនដែលយើងបញ្ចេញទៅកាន់បរិយាកាស មុនពេលសម្រេចដល់អព្យាក្រឹតកាបូន។
 
ប្រទេសអ្នកមានជាច្រើនរួមមាន ​អាម៉េរិក ​អង់គ្លេស និងសហភាពអឺរ៉ុប បានកំណត់គោលដៅទៅកាន់អាព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០ ជាមួយនឹងការសន្យាបញ្ចេញឧស្ម័នផ្ទះកញ្ចក់មួយចំនួនដែលអាចស្រូបបានដោយព្រៃឈើ ដំណាំ ដី​និងបច្ចេកវិទ្យាចាប់យកកាបូន។
 
ប៉ុន្តែមន្រ្តីបរិស្ថានឥណ្ឌាបានអះអាងថា នៅចន្លោះពេលនេះ និងពាក់កណ្ដាលសតវត្សរ៍ទី២១ ក្រុមប្រទេសដែលសន្យាឆ្ពោះទៅអាព្យាក្រឹតកាបូន នឹងបញ្ចេញកាបូនបន្ថែមទៀត​។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters មន្រ្តីឥណ្ឌាអះអាងថា អាម៉េរិកនឹងបញ្ចេញកាបូនប្រមាណ៩២ជីកាតោន អឺរ៉ុប​បញ្ចេញ៦៣ជីកាតោន ហើយចិននឹងបំភាយឧស្ម័នដ៏ច្រើនសម្បើមបន្ថែមរហូត៤៥០ជីកាតោន។
 
ទាក់ទងរឿងនេះដែរ រដ្ឋមន្រ្តីបរិស្ថានឥណ្ឌា Bhupendra Yadav បានបញ្ជាក់ថា ឥណ្ឌាបានស្ថិតលើផ្លូវមួយឆ្ពោះទៅការសម្រេចគោលដៅដែលបានកំណត់ក្នុងសន្និសីទីក្រុងប៉ារីសកាលពីឆ្នាំ២០១៥ហើយ។ ឥណ្ឌាបានប្តេជ្ញាកាត់បន្ថយការបំភាយ​ឧស្ម័នពី៣៣ភាគរយទៅ៣៥ភាគរយនៅឆ្នាំ២០៣០​ ធៀបនឹងកម្រិតឆ្នាំ២០០៥ ខណៈក្នុងឆ្នាំ២០១៦ សម្រេចគោលដៅកាត់បន្ថយបាន២៤ភាគរយ។​
 
ចាប់ពីចុងសប្តាហ៍នេះ មេដឹកនាំពិភពលោកជិត២០០ប្រទេសនឹងជួបប្រជុំគ្នានៅទីក្រុង Glasgow​ នៃ  ស្កុតលែន​ដើម្បីពិភាក្សាពីបញ្ហាអាកាសធាតុនិងពង្រឹងវិធានការទប់ស្កាត់កម្តៅផែនដីក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com