អន្តរជាតិ
ឥណ្ឌា បាញ់​សាកល្បងមីស៊ីលបាលីស្ទិក ខណៈ​ភាព​តានតឹង​ជាមួយ​ចិននៅតែបន្ត
29, Oct 2021 , 10:10 am        
រូបភាព
មីស៊ីល Agni-5 របស់យោធាក្នុងពិធីដង្ហែរកន្លងមក។ រូបថត AP
មីស៊ីល Agni-5 របស់យោធាក្នុងពិធីដង្ហែរកន្លងមក។ រូបថត AP
ឥណ្ឌានៅថ្ងៃទី ២៧ ខែ តុលា បានសាកល្បងមីស៊ីលបាលីស្ទិកឆ្លងទ្វីបដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរដែលអាចបាញ់បានចម្ងាយ៥ពាន់គីឡូម៉ែត្រចេញពីកោះមួយនៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ខណៈភាពតានតឹងនៅតាមព្រំដែនជាមួយចិននៅតែមិនធូរស្រាល។

 
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលឥណ្ឌា នៅថ្ងៃទី ២៧ ខែ តុលាឥណ្ឌាបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកឆ្លងទ្វីបដែលមានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរដោយជោគជ័យ។ មីស៊ីល Agni-5 ដែលឥណ្ឌាអះអាងថា មានសមត្ថភាពបាញ់ចំគោលដៅយ៉ាងច្បាស់ បានបាញ់ចេញពីកោះមួយនៅឆ្នេរសមុទ្រភាគខាងកើតចូលទៅក្នុងឈូងសមុទ្រ Bengal។ 
 
សមត្ថភាពមីស៊ីលរបស់ទីក្រុងប៉េកាំងដែលកើនឡើងឥតឈប់ឈរ បានជំរុញទីក្រុងញូវដែលីឱ្យកែលម្អប្រព័ន្ធសព្វាវុធរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ មីស៊ីល Agni-5 នេះ ត្រូវបានគេជឿថា អាចវាយប្រហារលើទឹកដីចិនបានស្ទើរតែទាំងអស់។
 
គួរបញ្ជាក់ថា ឥណ្ឌាបានអភិវឌ្ឍប្រព័ន្ធនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយរបស់ខ្លួន ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មក ស្របពេលការកើនឡើងនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រជាមួយចិន និងជាការពង្រឹងសមត្ថភាពការពាររបស់ប្រទេស។
 
ភាព​តានតឹង​រវាងចិននិងឥណ្ឌា ​បាន​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​មុន ​លើ​បញ្ហាព្រំដែននៅ​តំបន់​ភ្នំ Ladakh ដែលមាន​ជម្លោះ​រ៉ាំរ៉ៃយូរឆ្នាំ​មក​ហើយ។​ លើសពីនេះទៀត ឥណ្ឌា​ក៏មានការព្រួយបារម្ភ​ចំពោះ ​ទីក្រុង​ប៉េកាំងដែល​បង្កើន​ឥទ្ធិពល​របស់ខ្លួន​នៅ​មហាសមុទ្រ​ឥណ្ឌា។
 
កន្លងមក ចិននិងឥណ្ឌាក៏បានរៀបចំកិច្ចពិភាក្សាដើម្បីបន្ធូរបន្ថយភាពតាងតឹងដែរ។ កិច្ចពិភាក្សារវាងមេបញ្ជាការកងទ័ពឥណ្ឌានិងចិនដែលបានប្រព្រឹត្តទីកាលពីខែនេះ ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងនៅតំបន់ដែលមានការប៉ះទង្គិចតាមព្រំដែន បានបញ្ចប់ដោយភាពជាប់គាំងនិងបរាជ័យក្នុងការបន្ធូរបន្ថយការប្រឈមមុខ។ ឥណ្ឌា​និង​ចិនមានជម្លោះនៅតាមបណ្ដោយព្រំដែនចាប់ផ្តើមឡើងតាំងពីចប់សង្រ្គាមតាំងពីឆ្នាំ១៩៦២​ មកទល់បច្ចុប្បន្ន៕

Tag:
 ឥណ្ឌា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com