អន្តរជាតិ
ប៉ូលិសឡាវ បង្រ្កាបការដឹកជញ្ជូនគ្រឿងញៀនជាង៥៥លានគ្រាប់
29, Oct 2021 , 12:29 pm        
រូបភាព
ប៉ូលិសឡាវ ឈរមើលការដុតបំផ្លាញគ្រឿងញៀនដែលរឹបអូសបានកន្លងមក។ រូបថត AFP
ប៉ូលិសឡាវ ឈរមើលការដុតបំផ្លាញគ្រឿងញៀនដែលរឹបអូសបានកន្លងមក។ រូបថត AFP
ដោយ:
មន្រ្តីអង្គការសហប្រជាជាតិ (UN) នៅឡាវ នៅថ្ងៃទី២៩ ខែតុលា បញ្ជាក់ថា ប៉ូលិសឡាវបានរឹបអូសគ្រឿងញៀនខុសច្បាប់ទ្រង់ទ្រាយធំមួយដែលមិនធ្លាប់មានក្នុងតំបន់អាស៊ី ដោយរកឃើញថ្នាំញៀនមេតំហ្វេតាមីនប្រមាណ៥៥លានគ្រាប់នៅក្នុងឡានដឹកស្រាបៀរមួយ។


ឡាវ ជាច្រកផ្លូវដ៏មមាញឹកមួយសម្រាប់ក្រុមជួញដូរគ្រឿងញៀនក្នុងការដឹកជញ្ជូនទំនិញខុសច្បាប់ពីរដ្ឋ ពីមីយ៉ាន់ម៉ាចូលថៃ និងទៅកាន់តំបន់ផ្សេងទៀត។ កាលពីថ្ងៃទី២៧ ខែតុលា​ ​ក្រុមសមត្ថកិច្ចឡាវបានឃាត់ឡានស្រាបៀរ Beerlao មួយស្ថិតនៅភាគខាងជើងនៃខេត្តបរកែវ ដែលមានព្រំប្រទល់ជាប់ជាមួយមីយ៉ាន់ម៉ា​ និងថៃ។
 
តំណាងទីភ្នាក់ងារគ្រឿងញៀននិងឧក្រិដ្ឋកម្មរបស់UN លោក​ Jeremy Douglas បានប្រាប់ទីភ្នាក់ងារ AFP ថា គ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៥៥,៦លានគ្រាប់ និងមេតំហ្វេតាមីនគ្រីស្តាល់​១,៥៣៨គីឡូក្រាម ដែលត្រូវបានប៉ូលិសឡាវរឹបអូសក្នុងប្រតិបត្តិការនៅថ្ងៃទី២៧ ខែតុលា ដែលជារឹបអូសធំបំផុតបំបែកកំណត់ត្រាក្នុងតំបន់។
 
លោក Douglas បន្តថា ថ្នាំគ្រាប់មេតំហ្វេតាមីនដែលបានដកហូតនេះគឺមានបរិមាណច្រើនជាង៣ដងនៃចំនួនរឹបអូសសរុបដោយក្រុមប៉ូលិសឡាវក្នុងឆ្នាំ២០២០ ​ឯមេតំហ្វេតាមីនគ្រីស្តាល់លើស១ភាគ៣។
 
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ​អាជ្ញាធរបានឃាត់អ្នកបើកបរឡានស្រាបៀរដើម្បីសាកសួរចម្លើយទើបនាំឱ្យមានការចង្អុលបង្ហាញទៅកាន់ផ្ទះមួយក្បែរនោះរហូតចាប់ខ្លួនបានបុរសពីរនាក់បន្ថែមទៀត។
 
ជុំវិញគ្រឿងនេះ ក្រុមហ៊ុនស្រាបៀរ​ Lao Brewery បានចេញសេចក្តីថ្លៃងការណ៍មួយដោយបដិសេធមិនជាប់ពាក់ព័ន្ធក្នុងករណីរត់ពន្ធគ្រឿងញៀននេះទេ ហើយបញ្ជាក់ថារថយន្តនោះមិនមានការចុះបញ្ជីជាមួយក្រុមហ៊ុន ឬអ្នកចែងចែករបស់ខ្លួនណាមួយឡើយ។
 
សព្វថ្ងៃនេះ ​រដ្ឋសានរបសមីយ៉ាន់ម៉ានៅតែជាប្រភពសម្រាប់ផលិតមេតំហ្វេតាមីនដ៏ធំ ហើយគ្រឿងញៀននេះ តែងតែដឹកជញ្ជូនខុសច្បាប់ចូលកាន់ប្រទេសអ្នកមានមួយចំនួនដូចជាអូស្រ្តាលី និងជប៉ុនជាដើម។ តំបន់មួយចំនួននៃរដ្ឋនេះ ត្រូវបានកាន់កាប់ដោយក្រុមប្រដាប់អាវុធជនជាតិភាគតិច និងជនស៊ីវិលដែលបណ្ដាលឱ្យការអនុវត្តច្បាប់មានការពិបាកច្បាប់៕
 
 
 
 
 

Tag:
 ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com