អន្តរជាតិ
ចិន នឹងសាងសង់ជំរំឱ្យកងកម្លាំងពិសេសតាហ្ស៊ីគីស្ថាននៅជិតព្រំដែនអាហ្វហ្កានីស្ថាន
29, Oct 2021 , 3:19 pm        
រូបភាព
តំបន់ភ្នំក្នុងខេត្ត Gorno-Badakhshan របស់តាហ្ស៊ីគីស្ថានដែលជាប់ទឹកដីអាហ្វហ្កានីស្ថាន។ រូបថត Reuters
តំបន់ភ្នំក្នុងខេត្ត Gorno-Badakhshan របស់តាហ្ស៊ីគីស្ថានដែលជាប់ទឹកដីអាហ្វហ្កានីស្ថាន។ រូបថត Reuters
ចិន នឹងផ្តល់ហិរញ្ញប្បទានដល់ការសាងសង់ជំរំសម្រាប់អង្គភាព និង​កងកម្លាំងពិសេសរបស់ តាហ្ស៊ីគីស្ថានដែលនៅជិតព្រំដែនជាមួយអាហ្វហ្កានីស្ថាន។ នេះបើតាមការប្រកាសរបស់សភាប្រទេសអាស៊ីកណ្ដាលមួយនេះ។ ផែនការ​សាងសង់​ជំរំនេះ​ កើតឡើង​ចំពេល​មាន​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ទីក្រុងឌូស្ហាន់បេ និង​មេដឹកនាំ​តាលីបង់​​នៅអាហ្វហ្កានីស្ថាន។

 
ជំរំដែលចិនជួយសាងសង់ នឹងបង្ហាញវត្តមានលើភ្នំ Pamir ស្ថិតក្នុងខេត្តស្វយ័ត​ Gorno-Badakhshan ភាគខាងកើតនៃតាហ្ស៊ីគីស្ថាន។ តំបន់នេះមានព្រំប្រទល់ជាប់តំបន់ស៊ីនជាំងរបស់ចិន និងខេត្ត Badakhshan ដែលស្ថិតនៅភាគភាគឦសាអាហ្វហ្កានីស្ថាន។ យោងតាមអ្នក​នាំ​ពាក្យ​សភាតាហ្ស៊ីគីស្ថាន ទាហាន​ចិន​នឹងមិនឈរជើង​នៅ​ជំរំនោះ​ទេ​។
 
ចំពោះការសាងសង់នេះ ធ្វើឡើងចំពេលទំនាក់ទំនងភាគីតាហ្ស៊ីគីស្ថាន និង​អាហ្វហ្កានីស្ថាន​កំពុង​តាន​តឹង។ ប្រធានាធិបតីតាហ្ស៊ីគីស្ថាន​ Emomali Rakhmon បាន បដិសេធមិនទទួលស្គាល់​រដ្ឋាភិបាល​តាលីបង់ហើយទទូចឱ្យរដ្ឋាភិបាលបណ្ដោះអាសន្ន តាលីបង់អនុញ្ញាតឱ្យមានតំណាង​ក្រុមជនជាតិភាគ​តិច។ ជន​ភាគតិចតាហ្ស៊ីគីស្ថានជាក្រុមជនភាគតិចធំជាងគេលំដាប់ទីពីរនៅអាហ្វហ្កានីស្ថាន។
 
យ៉ាងណាមិញ រដ្ឋាភិបាលបណ្ដោះអាសន្នតាលីបង់បានព្រមានរដ្ឋាភិបាលទីក្រុងឌូស្ហាន់បេ ថា មិន​គួរ​ជ្រៀតជ្រែកក្នុងកិច្ចការក្នុងស្រុករបស់ខ្លួនឡើយ។ បន្ថែមពីនេះ យោងតាម​​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី ក្រុម​តាលីបង់បានចងសម្ព័ន្ធជាមួយក្រុមសកម្មប្រយុទ្ធ តាហ្ស៊ីគីស្ថានដែលមានមូលដ្ឋាននៅ​ភាគ​ខាងជើង​អាហ្វហ្កានីស្ថាន ដែលបំណងផ្តួលរំលំរដ្ឋាភិបាលរបស់លោក Rakhmon ទៀងផត។
 
​ចំណែកឯអង្គការសន្តិសុខក្នុងតំបន់ដែលដឹកនាំដោយរុស្ស៊ីឯណោះបានធ្វើសមយុទ្ធកាលពីសប្តាហ៍មុននៅជិតព្រំដែនតាហ្ស៊ីគីស្ថាន-អាហ្វហ្កានីស្ថាន ដែលសមយុទ្ធនេះត្រូវបានរៀបចំឡើងដើម្បី បង្ហាញថា​ទីក្រុងមូស្គូបានត្រៀមខ្លួនជាស្រេចដើម្បីការពារទីក្រុងឌូស្ហាន់បេក្នុងករណី មានការលុកលុយពីភាគ​ខាងត្បូងប្រទេស រឺសំដៅលើក្រុមសកម្មប្រយុទ្ធនោះឯង។
 
គួរបញ្ជាក់ថា ចិនជាអ្នកវិនិយោគដ៏ធំនៅតាហ្ស៊ីគីស្ថាន ហើយទីក្រុងប៉េកាំងក៏បាន​ផ្តល់ជំនួយ​ជាច្រើ​ន​លើកផងដែរ ដូចជាការជួយសាងសង់អគារសភាថ្មីដោយមិនគិតថ្លៃជាដើម៕
 

Tag:
 ចិន
  តាហ្ស៊ីគីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com