អន្តរជាតិ
អ្នករាយការណ៍UNថា ការផ្តន្ទាទោសលើសកម្មជនជាបន្តបន្ទាប់ ជាការរៀបចំលក្ខណៈប្រព័ន្ធ
03, Nov 2021 , 9:59 pm        
រូបភាព
ភ្នំពេញ៖ អ្នករាយការណ៍សិទ្ធិពិសេសផ្នែកសិទ្ធិមនុស្សនៅកម្ពុជារបស់អង្គការសហប្រជាជតិ ពិនិត្យឃើញថា ការផ្តន្ទាទោសលើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនជា​បន្តបន្ទាប់ គឺមានការរៀបចំលក្ខណៈជាប្រព័ន្ធ។ ប៉ុន្តែមន្រី្តជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សកម្ពុជា ថា ការវាយតម្លៃនេះដូចគ្នា ទៅនឹងសង្គមស៊ីវិលមួយចំនួន ដែលមើលឃើញត្រឹមតែរូបភាព ដោយមិនពិនិត្យពីច្បាប់។

 
លោក វិទិត ម៉ុនតារបន (Vitit MUNTARBHORN) អ្នករាយការណ៍សិទ្ធិមនុស្សពិសេស ផ្នែកសិទ្ធិមនុស្សនៅកម្ពុជារបស់UN បានលើកឡើងថា កម្ពុជាធ្លាក់ចុះលំហពលរដ្ឋនិងនយោបាយជាថ្មី ដោយសារការផ្តន្ទាទោសលើអ្នកការពារសិទ្ធិមនុស្សនិងសកម្មជន១៥រូប។ អ្នកការពារសិទ្ធិមនុស្ស ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារបានកើនដល់២៥នាក់ ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេលពីរឆ្នាំនេះ។ 
 

លោក វិទិត ម៉ុនតារបន (Vitit MUNTARBHORN) អ្នករាយការណ៍សិទ្ធិមនុស្សពិសេស ផ្នែកសិទ្ធិមនុស្សនៅកម្ពុជារបស់UN។ រូបពីទំព័រហ្វេសប៊ុករបស់លោក Vitit MUNTARBHORN។ 

អ្នករាយការណ៍ពិសេសរូបនេះ បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា ៖ «យើងខ្ញុំពិតជាភ្ញាក់ផ្អើលដែលតុលាការត្រូវបានប្រើប្រាស់ជាមធ្យោបាយជាថ្មីទៀត ក្នុងការបិទសំឡេងរិះគន់របស់អ្នកដែលហ៊ាននិយាយរិះគន់ រួមទាំងសកម្មភាពអហិង្សា ដែលត្រូវបានការពារដោយសិទ្ធិសេរីភាពនៃការ​បញ្ចេញមតិ»។ 
 
ទន្ទឹមនឹងនេះ លោកស្នើឲ្យរដ្ឋាភិបាលការពារសិទ្ធិសេរីភាពបញ្ជេញមតិ និងស្ដារស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ។ 
 
ជុំវិញការលើកឡើងនេះ លោក ជិន ម៉ាលីន អុនប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកការវាយតម្លៃ របស់អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់UNប្រចាំកម្ពុជា ដូចទៅអង្គការសង្គមស៊ីវិលមួយចំនួន ដែលគ្រាន់តែពិនិត្យមើលតាមរូបភាពនៃហេតុការណ៍ ដោយមិនបានពិនិត្យសកម្មភាពនិងនីតិវិធីច្បាប់។ 


 លោក ជិន ម៉ាលីន អុនប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(រូបពីទំព័រហ្វេសប៊ុករបស់លោក ជិម ម៉ាលីន) 

លោកថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា៖ «សម្រាប់សមត្ថកិច្ចមិនគិតថា អ្នកទាំងនោះជាសកម្មជន ឬមិនសកម្មជននោះទេ ដោយតែពិនិត្យឃើញថា បង្កបញ្ហាដល់សង្គម សន្តិសុខជាតិ បំពានច្បាប់ បង្កើតឲ្យមានបទល្មើស ហើយមានមូលដ្ឋានច្បាប់ចោទប្រកាន់តាមនីតិវិធីតុលាការអ្នកប្រព្រឹត្តិទាំងនឹងទទួលខុសត្រូវតាមផ្លូវច្បាប់»។ លោកបញ្ជាក់បន្ថែមថា ការអនុវត្តផ្លូវច្បាប់បែបនេះ គឺជាការលើកស្ទួយសិទ្ធិមនុស្សនិងនីតិរដ្ឋ។  
 
សូមជម្រាបថា អ្នកទាំង១៥រូប កំពុងជាប់ឃុំនោះ រួមមាន៧រូបបានធ្វើយុទ្ធ​នាការដើម្បីសិទ្ធិមនុស្ស ការពារបរិស្ថាន និងយុត្តិធម៌សង្គម ដែលត្រូវបានតុលាការផ្តន្ទាទោស​ដាក់ពន្ធនាគារ២០ខែ និងរងការពិន័យជាប្រាក់៥០០ ដុល្លារក្នុងម្នាក់ៗ។ ពួកគេទាំងនោះ ជាប់ទោសពីបទចោទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ឬបង្កភាពវឹកវរក្នុងសង្គម កាលពីថ្ងៃទី២៦ខែតុលា។ 
 
ដោយឡែក សមាជិកគណបក្សសង្គ្រោះជាតិ ៧ រូប ក៏ត្រូវបានផ្តន្ទាទោស ក្នុងបទចោទខាងលើដូចគ្នាដែរ ដោយក្នុងនោះមាន ៤ រូប ត្រូវបានកាត់ទោសកំបាំងមុខ។ កាលពីថ្ងៃទី១ វិច្ឆិកា កុមារាអាយុ១៦ ឆ្នាំម្នាក់ ដែលមានជំងឺអូទីស្សឹមម្នាក់ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសពន្ធ​នាគារ៨​ខែដែរ ពីបទចោទញុះញង់។ ក្មេងប្រុសនោះ មានឪពុក​​ជាសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំ និងម្តាយសកម្មជន។ 
 
យ៉ាងណាក៏ដោយ ជុំវិញការផ្តន្ទាទោសខាងលើនេះ ទាំងលោក Vitit MUNTARBHORN , អ្នកស្រី Mary Lawlor អ្នករាយការណ៍ពិសេសរបស់UN និង អ្នករាយការណ៍ពិសេសអំពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស Irene Khan សុទ្ធតែចាត់ទុកថា៖ «ការផ្តន្ទាទោស និងលក្ខខណ្ឌបន្ថែមដែលអនុវត្តលើសិទ្ធិមានសេរីភាពរបស់ក្មេងប្រុសរូបនេះ គឺជាការប៉ុនប៉ងយ៉ាងជាក់លាក់របស់អាជ្ញាធរ ក្នុងការរារាំងម្តាយរបស់គាត់ កុំឲ្យប្រមូលផ្តុំតវ៉ាទាមទារឲ្យមានការដោះលែងស្វាមីរបស់ខ្លួន»។ 
 
សូមបញ្ជាក់ថា រយៈពេលពីរឆ្នាំនេះមានសកម្មជនជាច្រើនត្រូវបានចាប់ខ្លួន រួមមាន កញ្ញា ឈឿន ដរ៉ាវី, លោក ហ៊ុន វណ្ណៈ, លោក កើត សារ៉ាយ (អតីតព្រះសង្ឃ), កញ្ញា អេង ម៉ាឡៃ, លោក មួង សុភ័ក្រ្ត, លោក មាន ព្រហ្មមុនី, លោក រ៉ុង ឈុន, កញ្ញា សរ កានីកា លោក ទុយ និមល, កញ្ញា 
ឡុង គន្ធា, កញ្ញា ភួន, កែវ រស្មី និង​លោក ធន់ រដ្ឋា ជាដើម៕

© រក្សាសិទ្ធិដោយ thmeythmey.com