អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាម៉េរិក សរសើរអាហ្វ្រិកខាងត្បូងដែលចែករំលែកព័ត៌មានលឿនក្រោយរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី
28, Nov 2021 , 8:30 pm        
រូបភាព
 
អាម៉េរិក នៅថ្ងៃទី​២៧ ខែ វិច្ឆិកា បានសរសើរអាហ្រ្វិកខាងត្បូងចំពោះការរកឃើញវីរុសបង្កកូវីដ-១៩បំប្លែងថ្មីអូមីក្រុងបានយ៉ាងឆាប់រហ័ស និងចែករំលែកព័ត៌មាននេះជាមួយពិភពលោកដើម្បីចូលរួមទល់ស្កាត់។ អាម៉េរិក ហាក់ឌឺដងឱ្យចិនដែលរងការររិះគន់ថា ​លាក់បាំងការផ្ទុះឡើងជាលើកដំបូងនៃជំងឺកូវីដ-១៩ ។


បើតាមក្រសួងការបរទេសអាម៉េរិក រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន បានជួបជជែកជាមួយរដ្ឋមន្ត្រីបរទេសអាហ្វ្រិកខាងត្បូងលោកស្រី Naledi Pandor ពីកិច្ចសហប្រតិបត្តិការលើការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទ្វីបអាហ្រ្វិកឱ្យបានឆាប់រហ័សដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងកិច្ចជំនួបនេះដែរ លោក ប្លីងខិន បានសរសើរជាពិសេសដល់អ្នកវិទ្យាសាស្ត្រនៅអាហ្វ្រិកខាងត្បូង ដែលបានរកឃើញវីរុសកូវីដ-១៩បំប្លែងថ្មីបានយ៉ាងឆាប់រហ័ស។ លើសពីនេះទៀត រដ្ឋមន្រ្តីការបរទេសអាម៉េរិករូបនេះ ក៏បានសរសើរដល់ រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងដែលមិនលាក់លៀម និងចែករំលែកព័ត៌មានពីវីរុសនេះ ដល់ពិភពលោក។ លោកក៏បានបន្តថា អាហ្វ្រិកខាងត្បូងគឺជាគំរូសម្រាប់ពិភពលោកក្នុងការចែករំលែកព័ត៌មាន។​

ចាប់តាំងពីអាណិត្តអតីតប្រធាធិបតី ដូណាល់ ត្រាំ រហូតដល់បច្ចុប្បន្នក្រោយការដឹកនាំរបស់លោក ចូ បៃឌិន អាម៉េរិកតែងរិះគន់ចិនម្តងហើយម្តងទៀត ថាលាក់បាំងពីប្រភពនៃជំងឺកូវីដ-១៩ ដែលត្រូវបានរកឃើញដំបូងក្នុងខែធ្នូ ឆ្នាំ ២០១៩ នៅទីក្រុង អូហាន។ មកទល់ពេលនេះ ជំងឺកូវីដ-១៩ បានរីករាលដាលជុំវិញពិភពលោក និងបានសម្លាប់មនុស្សជាង ៥,២ លាននាក់។

ពាក់ព័ន្ធនឹងប្រភពនៃជំងឺកូវីដ-១៩ កាលពីខែសីហាកន្លងទៅ សហគមន៍ស៊ើបការណ៍សម្ងាត់របស់អាម៉េរិកបានចេញរបាយការណ៍មួយ ដែលលើកឡើងថា ខ្លួនមិនអាចកំណត់បានពីប្រភពដើមយ៉ាងជាក់លាក់នៃកូវីដ-១៩ឡើយ ព្រោះចិនមិនសហការនិងផ្តល់ព័ត៌មានឱ្យមានគ្រប់គ្រាន់ក្នុងការស៊ើបអង្កេតរបស់អាម៉េរិក។
លើសពីនេះដែរ អាម៉េរិកក៏បានស្តីបន្ទោសលើទីក្រុងប៉េកាំង ដែលបានលាក់បាំងផ្ទុះឡើងនៃជំងឺនៅទីក្រុងអូហាន និងមិនបានចែករំលែកព័ត៌មានសំខាន់នេះដល់ពិភពលោក ដែលឈានដល់ការរីករាលដាលជុំវិញពិភពលោក។

គួរបញ្ជាក់ថា ជំងឺកូវីដ-១៩ គឺជាកត្តាមួយក្នុងចំណោមរឿងជាច្រើនដែលបង្កភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងអាម៉េរិកនិងចិន ខណៈដែលប្រទេសមហាអំណាចទាំងពីរបានប៉ះទង្គិចគ្នាលើបញ្ហាពាណិជ្ជកម្ម សិទ្ធិមនុស្ស និងបញ្ហានៅតៃវ៉ាន់​ ជាដើម។

មកទល់ពេលនេះ ករណីឆ្លងសរុបនៃជំងឺកូវីដ-១៩ បានកើនដល់ជាង ២៦១ លានករណី និងបណ្តាលឱ្យមនុស្សជាង៥,២លាននាក់បាត់បង់ជីវិត។ វីរុសកូវីដ-១៩បំប្លែងថ្មី អូមីក្រុង ដែលរកឃើញដំបូងនៅទ្វីបអាហ្រ្វិក បច្ចុប្បន្នបានរាលដាលដល់ អង់គ្លេស បែលហ្សិក បុតស្វាណា អ៊ីស្រាអែល និងហុងកុង៕


Tag:
 អាម៉េរិក
  អាហ្វ្រិកខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com