អន្តរជាតិ
ការរាលដាលអូមីក្រុង នាំឲ្យជប៉ុន​សម្រេច​ហាមអ្នក​ដំណើរបរទេសចូលប្រទេសខ្លួនសារជាថ្មី
29, Nov 2021 , 4:13 pm        
រូបភាព
ជប៉ុនហាមឃាត់សារជាថ្មីអ្នកដំណើរបរទេសដើម្បីទប់ស្កាត់ការរាលដាលអូមីក្រុង។ រូបថត Xinhua
ជប៉ុនហាមឃាត់សារជាថ្មីអ្នកដំណើរបរទេសដើម្បីទប់ស្កាត់ការរាលដាលអូមីក្រុង។ រូបថត Xinhua
រដ្ឋាភិបាលជប៉ុន នា​ថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា នេះ បានប្រកាសពីការហាម​ប្រាម​អ្នក​ដំណើរបរទេស​ចូល​ទៅ​ទឹក​ដី​របស់ខ្លួន​សារជាថ្មី ដើម្បីទប់ស្កាត់​ការ​រាលដាល​វីរុស​កូវីដ-១៩ បំប្លែងថ្មី អូមីក្រុង។ នេះបើតាម​ការផ្សាយ​របស់ AFP ដោយ​ការហា​ម​ប្រាម​នឹងអនុវត្ត​ចាប់ពីថ្ងៃអង្គារ។


 
ទើប​តែ​បន្ធូរបន្ថយ​ការរឹតត្បឹត​របស់ខ្លួន​មិនទាន់​ដល់​បីសប្តាហ៍​ផង ជប៉ុន​សម្រេច​បិទព្រំដែន​ និងហាម​ឃាត់​វត្តមាន​ទេសចរបរទេស​សារជាថ្មី​នៅទឹក​ដី​របស់ខ្លួន ខណៈវីរុស​អូមីក្រុង ដែល​រកឃើញដំបូងនៅ​អាហ្វ្រិក​ខាងត្បូង បន្ត​ធ្វើ​ដំណើរ​រីករាល​ដាល​ទៅកាន់បណ្តា​ប្រទេសនានាលើពិភពលោក។
 
«យើង​នឹងហាម​ឃាត់សារជាថ្មី​ចំពោះ​ការចូល​របស់​ភ្ញៀវ​បរទេសពីពាសពេញពិភពលោក​ចាប់ពីថ្ងៃទី​៣០ ខែវិច្ឆិកា តទៅ»។ នេះជាការ​ប្រកាស​របស់​លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ដោយ​បន្ថែមថា ជនជាតិជប៉ុនដែលធ្វើ​ដំណើរមកពី​ប្រទេសចំនួន​៩នៅអាហ្វ្រិក​ និង​ប្រទេសមួយចំនួន ក៏នឹង​ត្រូវស្ថិតក្រោម​វិធាន​ចត្តាឡីស័ក​យ៉ាងតឹងរ៉ឹងផងដែរ។
 
មុនពេល​សម្រេច​ហាមឃាត់​អ្នក​ដំណើរបរទេស ​រដ្ឋាភិបាលជប៉ុន​បាន​បង្កើត​ពេល​ដល់១០ថ្ងៃ​សម្រាប់​វិធាន​ចត្តាឡីស័ក​នៅសណ្ឋាគារចំពោះអ្នកដំណើរដែលមកពី​អាហ្វ្រិកខាងត្បូង បុតស្វាណា ឡេសូតូ ណាមីប៊ី និងស៊ីមបាវ៉េ រួមទាំង​ចាប់ផ្តើម​រឹតបន្តឹង​អ្នកដំណើរពីម៉ាឡាវី ម៉ូសំប៊ិក និងសំប៊ី ផងដែរ។
 
រកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង វីរុសបំប្លែងថ្មីអូមីក្រុងដែលអង្គការសុខភាពពិភពលោក (WHO) ព្រួយបារម្ភថា មាន​គ្រោះថ្នាក់​ខ្លាំងជាងមុន​ បាន​បន្ត​រាលដាលនៅបណ្តា​ប្រទេសផ្សេងៗ ដូចជា បុតស្វាណា ហូឡង់ ហុងកុង អូស្ត្រាលី អាល្លឺម៉ង់ ចក្រភពអង់គ្លេស ដាណឺម៉ាក កាណាដា អ៊ីស្រាអែល អ៊ីតាលី បែលហ្ស៊ិក សាធារណរដ្ឋឆែក និងអូទ្រីសជាច្រើន៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com