កីឡាអន្តរជាតិ
អន្តរជាតិ
ថៃ និងឥណ្ឌូណេស៊ី គ្មានសិទ្ធិប្រើទង់ជាតិខ្លួនក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2020
06, Dec 2021 , 2:53 pm        
រូបភាព
ក្រុមជម្រើសជាតិថៃ ឈ្នះទីម័រខាងកើត ២ ទល់នឹង ០ នាជំនួបកាលពីថ្ងៃអាទិត្យ
ក្រុមជម្រើសជាតិថៃ ឈ្នះទីម័រខាងកើត ២ ទល់នឹង ០ នាជំនួបកាលពីថ្ងៃអាទិត្យ
ដោយ: រួបរួម
ក្នុងព្រឹត្តិការណ៍ AFF Suzuki Cup នេះ ថៃ និងឥណ្ឌូណេស៊ី គ្មាន​សិទ្ធិប្រើ​ប្រាស់ទង់ជាតិ ឬភ្លេងជាតិ​របស់ខ្លួន​នោះឡើយ។ ប្រទេសទាំងពីរក៏ដូចជាកូរ៉េខាងជើង ត្រូវបាន​ទីភ្នាក់ងារ​ប្រឆាំង​សារធាតុ​លើក​កម្លាំង​ពិភព​លោក​ (WADA) មិនបាន​អនុលោមក្រម​ប្រឆាំងសារធាតុញៀន​លើ​ពិភពលោក (World Anti-Doping Code)។

 
ថៃ ឥណ្ឌូណេស៊ី កូរ៉េខាងជើង និង​ស្ថាប័នកីឡាពីរទៀត ប្រឈម​នឹង​ការពិន័យ​ដ៏តឹងរ៉ឹង​ពីសំណាក់ WADA ដោយសារតែមិនគោរព​តាម​ច្បាប់​ប្រឆាំង​ការប្រើ​ប្រាស់​សារធាតុញៀន​ឲ្យ​ពេញលេញ​ នា​ឆ្នាំ២០២១ នេះ។ តាម​សេចក្តី​សម្រេច​របស់ WADA កាលពីថ្ងៃទី៧ ខែតុលា ប្រទេសទាំងបី គ្មានសិទ្ធិរៀបចំព្រឹត្តិការណ៍​កីឡា​ថ្នាក់តំបន់ ទ្វីប ឬជើងឯកពិភពលោក​នោះឡើយ នាអំឡុង​រយៈពេល​១ឆ្នាំ រហូត​ដល់ពួកគេ​មាន​ការប្តេជ្ញាចិត្ត​សារជាថ្មី។
 
ជាមួយគ្នានេះ ការប្រើ​ប្រាស់ទង់ជាតិ និងភ្លេងជាតិ​សម្រាប់ព្រឹតិការណ៍​កីឡាធំៗ មិន​ត្រូវ​បាន​អនុញ្ញាត​នោះឡើយ។ ការហាម​ប្រាម​នេះ មានន័យថា ឥណ្ឌូណេស៊ី និងថៃ មិនអាច​ប្រើប្រាស់ទង់ជាតិ ក៏ដូចជាភ្លេងជាតិខ្លួន ក្នុងព្រឹត្តិការណ៍ AFF Suzuki Cup ក៏ដូចជា ស៊ីហ្គេម​នៅ​ក្រុងហាណូយ បាន​ឡើយ។
 
តំណាង​ពី​ស្ថាប័ន​កីឡា​ថៃ ឥណ្ឌូណេស៊ី និង​កូរ៉េខាងជើង គ្មាន​សិទ្ធិឈរលើ​វេទិកានៃការ​រៀបចំ​ប្រកួត​កីឡា​ ឬព្រឹត្តិការណ៍ដែល​រៀបចំដោយ WADA នោះឡើយ ហើយពួក​គេក៏មិនមាន​សមាជិកនៅក្នុងគណៈកម្មការណាមួយ​របស់ WADA នោះដែរ។
 
បច្ចុប្បន្ន ស្ថាប័នជាតិ​​ប្រឆាំងសារធាតុ​លើកកម្លាំងរបស់សហគមន៍បែលហ្ស៊ិកនិយាយភាសាអាល្លឺម៉ង់, ម៉ុងតេណេហ្គ្រោ និង​រូម៉ានី ក៏ត្រូវបាន​ WADA ព្រមាន​ផងដែរ ដោយ​តម្រូវឲ្យពួក​គេ​ផ្តល់​ភស្តុតាង​បន្ថែម នាអំឡុងពេល​៤ខែ ដោយគិត​ចាប់តាំងពី​ថ្ងៃទី​១៤ ខែកញ្ញា។
 
តាមពិតទៅ ថៃ និង​ឥណ្ឌូណេស៊ី បាន​តវ៉ា​ចំពោះ​ការ​សម្រេច​ចិត្តនេះ ដោយ​ស្នើឲ្យ WADA ពិចារណា​សារជាថ្មី។ អាជ្ញាធរកីឡា​ថៃ បានអះអាងថា ខ្លួនបាន​បញ្ចប់​វិសោធនកម្ម​បទប្បញ្ញត្តិ​ប្រឆាំង​សារធាតុញៀន​រួច​ហើយ ប៉ុន្តែមិនទាន់​ចេញផ្សាយ​ផ្លូវ​ការ​ដោយសារ​បញ្ហា​ដំណើរ​ការ​ច្បាប់ផ្ទៃក្នុង។
 
រីឯឥណ្ឌូណេស៊ីវិញ លោករដ្ឋមន្ត្រី​កីឡា Zainudin Amali បាន​លើកឡើងពី​វិបត្តិកូវីដ-១៩​ ដែល​រារាំង​ស្ថាប័ន​ជំនាញ​របស់​លោកក្នុងការ​បញ្ជូន​សំណៅ​ឯកសារ​ទៅកាន់​ WADA ឲ្យបានទាន់ពេល​វេលា៕

© រក្សាសិទ្ធិដោយ thmeythmey.com