ជាតិ
សង្ឃប្រកាស ​តម្រូវ​ឲ្យ​រៀបចំប្រព័ន្ធសិក្សា «ដេញប្រយោគ» បែបបុរាណឡើង​វិញ
21, Dec 2021 , 7:59 pm        
រូបភាព
ដោយ: រួបរួម
«ដេញប្រយោគ» ជាប្រព័ន្ធ​សិក្សា​របស់ខ្មែរដែលមាន​តាំងពីសម័យ​បុរាណ​មក។ ​សង្ឃប្រកាស កាលពី​ថ្ងៃទី​២១ ខែ​ធ្នូ បាន​តម្រូវឲ្យ​រៀបចំ​ប្រព័ន្ធសិក្សានេះឡើង​វិញ ដើម្បីបង្កើន​ធនធាន​អ្នកជំនាញ​ភាសាបាលីសំស្ក្រឹត​។

 
«ដើម្បី​បង្កើតឲ្យបាននូវ​ធនធាន​អ្នក​ជំនាញភាសាបាលី​សំសង្ក្រឹតកាន់តែច្រើនឡើងក្នុងពុទ្ធសាសនមណ្ឌល​កម្ពុជា អគ្គាធិការ​ដ្ឋាន​ពុទ្ធិក​សិក្សា​ជាតិ ត្រូវ​រៀបចំ​ប្រព័ន្ធ​សិក្សា​ ដេញ​ប្រយោគ​ ឡើង​វិញ»។ នេះជាការ​សម្រេច​ក្នុង​សង្ឃប្រកាសដែលចុះព្រះហស្ត​លេខាដោយ​សម្តេចសង្ឃនាយករងទី១ អំ លឹមហេង ដោយមាន​ការឯកភាពពី​សំណាក់​លោក ផ្លោក ផន រដ្ឋមន្ត្រីស្តីទី​ក្រសួង​ធម្មការ និង​សាសនា។
 
យោងតាម​ឯកសារនានា អ្នក​ប្រាជ្ញ​ខ្មែរជាច្រើន​ បាន​ឆ្លង​កាត់​ការ​ប្រឡង​ដេញប្រយោគ ជាក់​ស្តែងកាលពី​ឆ្នាំ​១៩១៣ សម្តេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គ​បាន​ចូល​ប្រឡង​ដេញ​ប្រយោគ​ដែល​រៀបចំនៅព្រះវិហារព្រះកែវមរកត ចំពោះព្រះភ័ក្ត្រ​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ ព្រះ​ស៊ីសុវត្ថិ ​ដោយបាន​៤​ប្រយោគ ដែល​ជា​ប្រយោគ​ជាន់​ខ្ពស់​បំផុត​ក្នុង​សម័យ​នោះ។
 
«ដេញ​ប្រយោគ» មាន​ន័យ​ស្មើ​ ប្រឡងចំណេះវិជ្ជា, ពិនិត្យចំណេះវិជ្ជាតាមប្រយោគមុខការមានកំណត់។ តាម​វចនានុក្រមខ្មែរ «ប្រយោគ» មានន័យថា ការប្រកប, ការប្រកបព្យាយាម, អាការសម្រាប់ប្រកបតាមទំនង ។ ដំណើរពាក្យដែលមានសេចក្ដីគ្រប់គ្រាន់មួយសង្កាត់ៗ ហើយ​ដេញប្រយោគ គឺជា​ប្រឡងឲ្យឃើញកម្លាំងចំណេះវិជ្ជាដើម្បីឲ្យបានទទួលសញ្ញាបត្រឬទទួលមុខការអ្វីមួយ ។ 
 
«មហា» ជា​ឋានន្តរស័ក្ដិសម្រាប់បព្វជិតដែលដេញប្រយោគព្រះបរិយត្តិធម៌បាន គឺភិក្ខុឬសាមណេរដែលប្រឡងវិធីប្រែបាលីក្នុងទីសន្និបាតនៃមេប្រយោគមួយក្រុមជាអ្នកពិនិត្យ, អាចប្រែរួចមិនទើសទាក់, ហើយមានរាជានុញ្ញាតតាំងកំណត់ពីត្រឹមថ្នាក់ ៣ ប្រយោគឡើងទៅ, ហៅថា មហា ៣ ប្រយោគ, មហា ៤ ប្រយោគ ។ ល។ ហៅយ៉ាងខ្លីត្រឹមតែ មហា ភ្ជាប់ជាខាងដើមនៃបកតិនាមរបស់បព្វជិតនោះ។
 
សង្ឃ​ប្រកាស​ត្រូវ​បាន​សម្រេចឡើង ក្រោយអនុសំវច្ឆរមហាសន្និបាតមន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​​ទី​២៩ ពីថ្ងៃទី២០ ដល់ថ្ងៃទី​២១ ខែ​ធ្នូ​នៅ​សាលសន្និសីទចតុមុខ​ ដែល​ប្រារព្ធ​ពិធីបើកដោយសម្តេច ហេង សំរិន ប្រធាន​រដ្ឋសភា និង​ពិធីបិទក្រោមអធិបតីភាព លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រី​ក្រសួងទំនាក់ទំនងព្រឹទ្ធសភា-រដ្ឋសភា និងអធិការកិច្ច។
 
ក្រៅពីនេះ សង្ឃប្រកាសលើកទឹក​ចិត្ត​ពុទ្ធមណ្ឌល​វិបស្សានាធុរៈ ឲ្យ​ជំរុញ​ចលនាមហាជនចូលរួម​បដិបត្តិ​សមថ-វិបស្សានា​កម្ម​ដ្ឋាន សំដៅអប់រំបញ្ញាឲ្យមាន​សុខភាព​ផ្លូវចិត្ត ក៏ដូចជា​ការពង្រឹង​សិក្សា​វែង-ខ្លី នានា​ផងដែរ៕

Tag:
 សង្ឃប្រកាស
© រក្សាសិទ្ធិដោយ thmeythmey.com