ជាតិ
សាលា៣នៅតាកែវ ដាក់បញ្ចូលសៀវភៅ «ការអប់រំបរិស្ថាន និងអភិរក្សសត្វក្រៀល»ក្នុងកម្មវិធីសិក្សា
26, Dec 2021 , 9:59 am        
រូបភាព
ដោយ:
សៀវភៅ«ការអប់រំបរិស្ថាន និងអភិរក្សសត្វក្រៀល» ត្រូវបានដាក់ឱ្យសិស្សបឋមសិក្សាចំនួន៣ជុំវិញតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ សិក្សាតាំងពីឆ្នាំ២០១៩មក។ គម្រោងនេះនឹងបន្តពីរឆ្នាំបន្ថែម គឺរហូតដល់ឆ្នាំ២០២៤។ គម្រោងដាក់បញ្ចូលសៀវភៅការអប់រំបរិស្ថាននិងអភិរក្សសត្វក្រៀលនេះ មានគោលបំណងបញ្ជ្រាបចំណេះដឹងទៅកាន់ក្មេងៗ ឱ្យបានស្វែងយល់ពីបរិស្ថាននិងផ្លាស់ប្តូរឥរិយាបថ ពិសេសជំរុញការស្រឡាញ់ និងអភិរក្សសត្វក្រៀល។

 
កម្មវិធីអប់រំបរិស្ថាន និងអភិរក្សសត្វក្រៀល ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាសម្រាប់សិស្សដែលសិក្សាថ្នាក់ទី៤ ដល់ទី៦ នៅសាលាបឋមសិក្សាចំនួន៣ នៅក្នុងខេត្តតាកែវ តាំងពីឆ្នាំ២០១៩មក។ សាលាទាំង៣នេះ មានសាលាបឋមសិក្សាបន្ទាយធ្លាយ ក្តុលជ្រុំ និងសង្គមមានជ័យ ដែលមានមូលដ្នាននៅជុំវិញតំបន់ការពារទេសភាពបឹងព្រែកល្ពៅតែម្តង។


 រូបភាពដោយ អង្គការ NatureLife Cambodia Organization 

លោក ប៊ូ វរសក្ស នាយកកម្មវិធីអភិរក្សរបស់អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជាបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា មូលហេតុនៃការដាក់បញ្ចូលកម្មវិធីអប់រំនេះ គឺក្នុងបំណងបញ្ជ្រាបចំណេះដឹងទៅកាន់ក្មេងៗ ឱ្យបានស្វែងយល់ និងផ្លាស់ប្តូរឥរិយាបថ ចេះស្រឡាញ់ និងជួយអភិរក្សសត្វក្រៀល ក៏ដូចជាការគ្រប់គ្រងសំណល់ប្លាស្ទិក និងសំរាមនៅក្នុងតំបន់ការពារ។
 
បើតាម លោក ប៊ូ វរសក្ស គម្រោងនេះបានជ្រើសរើសយកការអប់រំដោយផ្តោតលើសិស្សរៀននៅថ្នាក់ទី៤ ដល់ទី៦ ព្រោះក្មេងក្នុងវ័យនេះងាយបញ្ជ្រាបចំណេះដឹងថ្មី និងងាយប្តូរឥរិយាបថ ទាក់ទងការថែរក្សាបរិស្ថាន និងការការពារធនធានកម្រៗដែលមាននៅក្នុងតំបន់។ 
 
លោក ប៊ូ វរសក្ស បញ្ជាក់ទៀតថា ក្រុមការងារលោក នឹងបន្តការអនុវត្តគម្រោងដាក់បញ្ចូលកម្មវិធីអប់រំបរិស្ថាន និងអភិរក្សសត្វក្រៀល រហូតដល់ឆ្នាំ២០២៤។ «ដំបូងយើងគិតថា ប្រើរយៈពេល៣ឆ្នាំលើគម្រោងនេះ តែពេលនេះយើង ត្រូវបន្ត២ឆ្នាំទៀត ដើម្បីអាចសិក្សា រួមទាំងបូកសរុបការងារនេះបាន។ ក្នុងពេលនេះ ក្រុមយើងក៏មិនទាន់អាចកំណត់ថា ត្រូវយ៉ាងណាទេ លុះត្រាចាំការសិក្សាស្រាវជាវជាក់លាក់ ទាក់ទងនៅពេលបញ្ចប់គម្រោងពីរឆ្នាំទៀត»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក វរសក្ស។ 


  រូបភាពដោយ អង្គការ NatureLife Cambodia Organization 

កម្មវិធីអប់រំបរិស្ថាន និងអភិរក្សសត្វក្រៀលនៅក្នុងតំបន់ការពារបឹងព្រែកល្ពៅ ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០១៩នេះ ទទួលបានគាំទ្រសកម្មភាពពី Darwin Initiative សហការអនុវត្តដោយក្រសួងបរិស្ថាន អង្គការ BirdLife អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការ WWT៕
 
 

Tag:
 ការអប់រំ
  សត្វក្រៀល
  បឋមសិក្សា
  បឹងព្រែកល្ពៅ
© រក្សាសិទ្ធិដោយ thmeythmey.com