ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ាណែត ស្នើលោក សម រង្ស៊ី បញ្ចេញយុវជនមកប្រកួតជាមួយខ្លួន ល្អជាងវាយប្រហារពីក្រោយ
30, Dec 2021 , 11:56 am        
រូបភាព
លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជននាយករដ្ឋមន្រ្តីអនាគត បានផ្ញើសារទៅលោក សម រង្ស៊ី មួយទៀត ជុំវិញការរៀបចំអ្នកបន្តវេន។ សារថ្មីនេះ លោក ហ៊ុន ម៉ាណែត បានស្នើឱ្យលោក សម រង្ស៊ី បញ្ចេញយុវជនមកប្រកួតជាមួយខ្លួន ល្អជាងវាយប្រហារពីក្រោយ។



ទំនាស់ពាក្យសម្តីរវាងលោក សម រង្ស៊ី អ្នកនយោបាយចាស់វស្សា នៃគណបក្សប្រឆាំង និងលោក ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្រ្តីអនាគតរបស់គណបក្សប្រជាជន មិនទាន់បញ្ចប់ទេ។ លោក ហ៊ុន ម៉ាណែត បានចាប់ផ្ដើមចេញសារជាបន្តបន្ទាប់ ឆ្លើយតបទៅលោក សម រង្ស៊ី ដែលរិះគន់លើសមត្ថភាព និងគុណភាពនៃការសិក្សារបស់ខ្លួន។
 
ដើម្បីការពារមុខមាត់ខ្លួន ដែលជាអនាគតនាយករដ្ឋមន្រ្តីនោះ លោក ហ៊ុន ម៉ាណែត បានបបួលលោក សម រង្ស៊ី ភ្នាល់ម្ដងហើយ ពីរឿងគុណភាពសញ្ញាបត្រយោធា , បណ្ឌិតសេដ្ឋកិច្ច និងបណ្ឌិតនយោបាយរបស់ខ្លួន។ ប៉ុន្តែលោក សម រង្ស៊ី ដែលរិះគន់លើសញ្ញាបត្រលោក ហ៊ុន ម៉ាណែត នេះ មិនមានការឆ្លើយតបថា យល់ព្រម ឬមិនព្រមភ្នាល់នោះទេ អស់រយៈពេលពីរថ្ងៃហើយ។
 
លោក ហ៊ុន ម៉ាណែត ចាត់ទុកភាពស្ងាត់ស្ងៀមរបស់លោក សម រង្ស៊ី បែបនេះ គឺជាចម្លើយមួយយ៉ាងច្បាស់ថា មេដឹកនាំបក្សប្រឆាំងរូបនេះ មិនហ៊ានចេញមកភ្នាល់ជាមួយខ្លួន ចំពោះការរិះគន់លើសញ្ញាបត្រនេះទេ។ កូនប្រុសច្បងរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែនរូបនេះ បានចំអកវិញថា លោក សម រង្ស៊ី បានដឹងខ្លួននិយាយគ្មានមូលដ្ឋានច្បាស់លាស់ ទើបមិនហ៊ានចេញមកភ្នាល់នេះ។
 
ដោយមិនអស់ចិត្ត លោក ហ៊ុន ម៉ាណែត ដែលមានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបណ្ឌិត៣ជំនាញផ្សេងគ្នា ពីក្រៅប្រទេសនេះ ក៏ស្នើឱ្យលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងជិត៣០ឆ្នាំមកនេះ បញ្ចេញយុវជនជំនាន់ក្រោយមកប្រកួតជាមួយខ្លួន ជាជាងប្រើសម្តីវាយប្រហារលោក។
 
បេក្ខជននាយករដ្ឋមន្រ្តី នៃគណបក្សប្រជាជនកម្ពុជា បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី៣០ ធ្នូ យ៉ាងដូច្នេះថា៖«បើជ្រុលជាលោក [សម រង្ស៊ី ] មិនហ៊ានចេញមកតតាំងផ្ទាល់ជាមួយខ្ញុំដែលជាក្មេងជំនាន់ក្រោយទេ គួរតែលោកមានភាពក្លាហានក្នុងការបញ្ចេញយុវជនបន្តវេនរបស់លោក មកប្រកួតប្រជែងជាមួយខ្ញុំ និងជាមួយយុវជនជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជាមក។ ខ្ញុំគិតថាលោកមានអាយុច្រើនហើយ ល្មមដល់ពេលលោកសម្រាកនិងហ៊ានលះបង់នូវមហិច្ចិតាចង់បានអំណាចរបស់លោក ដើម្បីទុកឱកាសឱ្យយុវជនជំនាន់ក្រោយបានលូតលាស់ផង»។
 
សាររបស់លោក ហ៊ុន ម៉ាណែត ពេលនេះ ឆ្លើយតបទៅលោក សម រង្ស៊ី ដែលបានផ្ដល់កិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៥ ធ្នូ ២០២១ ថា លោកមានយុវជនជាច្រើនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចជ្រើសរើសធ្វើជាបេក្ខជនបន្តវេនរបស់បក្សប្រឆាំងបាន។
 
ការបកស្រាយរបស់លោក សម រង្ស៊ី បែបនេះ បានផ្ដល់ឱកាសឱ្យលោក ហ៊ុន ម៉ាណែត វាយបកវិញថា 
មូលហេតុដែលលោក សម រង្ស៊ី ឬបក្សប្រឆាំងមិនទាន់ជ្រើសរើសបេក្ខភាពអ្នកបន្តវេននេះ ប្រហែលមកពីការខ្វះឆន្ទៈនយោបាយ ក្នុងការបើកឱកាសដល់ក្មេងៗជំនាន់ក្រោយ ព្រោះមេដឹកនាំនយោបាយចាស់វស្សា នៅតែបន្តក្រាញមហិច្ឆិតានយោបាយរបស់ខ្លួន ចង់បានតួនាទីធ្វើជានាយករដ្ឋមន្ត្រី។
 
«លោកមិនហ៊ានចេញភ្នាល់ជាមួយក្មេងដូចជារូបខ្ញុំ ដែលលោកបានវាយប្រហារពីក្រោយខ្នងរឿងសញ្ញាបត្រកម្រិត២ ឬសញ្ញាបត្រយោគយល់ នោះទៅហើយ។ តើលោកហ៊ានជ្រើសរើសអ្នកបន្តវេនរបស់លោកឬរបស់បក្សលោក និងផ្តល់ឱកាសឱ្យគេមកប្រកួតជាមួយអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ដូចជារូបខ្ញុំ ដើម្បីបង្ហាញសមត្ថភាព ឱ្យប្រជាជន ធ្វើការបោះឆ្នោតជ្រើសរើសទេ?»។ នេះជាសាររបស់បេក្ខជននាយករដ្ឋមន្រ្តីអនាគតគណបក្សកាន់អំណាច ដែលបានចោទសួរមេដឹកនាំបក្សប្រឆាំង ថា តើលោក សម រង្ស៊ី មានភាពក្លាហាននិងឆន្ទៈនយោបាយគ្រប់គ្រាន់ទេ? ឬលោកនៅតាំងខ្លួនជាក្របីចាស់ ដែលចង់ជល់ជាមួយនឹងកូនក្របី?
 
មិនទាន់មានការឆ្លើយពីលោក សម រង្ស៊ី ទេ។ តែយ៉ាងណាមេដឹកនាំបក្សប្រឆាំងរូបនេះ បានអត្ថាធិប្បាយលើហ្វេសប៊ុកថា នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្លន់គណបក្សប្រជាជនកម្ពុជា យកទៅធ្វើជាកម្មសិទ្ធិគ្រួសារខ្លួន។ លោក សម រង្ស៊ី បានសង្កត់ធ្ងន់ថា ការជ្រើសរើសលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីអនាគត តាមរយៈការលើកដៃគាំទ្រនៅក្នុងសន្និបាតបក្សនេះ គឺមិនមែនកើតចេញពីឆន្ទៈរបស់សមាជិកពិតប្រាកដនោះទេ។
 
ក្នុងកិច្ចសម្ភាសជាមួយអាស៊ីសេរី លោក សម រង្ស៊ី បាននិយាយថា៖«ការបោះឆ្នោត[គាំទ្រ លោក ហ៊ុន ម៉ាណែត] ដោយលើកដៃនេះ គឺមិនឆ្លុះបញ្ចាំងពីទឹកចិត្ត និងឆន្ទៈពិតប្រាកដរបស់អ្នកបោះឆ្នោតទេ។ ពីព្រោះបើយើងបោះឆ្នោតដោយលើកដៃអញ្ចេះ គេឃើញយើងគាំទ្រ តែបើយើងមិនលើកដៃ គេដឹងថាយើងប្រឆាំង គេនឹងរករឿងយើងហើយ។ អ៊ីចឹងបានពេលបោះឆ្នោតគេបង្ខំថា ត្រូវតែលើកដៃ អ្នកណាមិនលើកដៃ អ្នកនោះនឹងមានរឿងហើយ គេនឹងដាក់ទណ្ឌកម្មហើយ។ អ៊ីចឹងបានលើកដៃទាំងអស់គ្នាព្រោងព្រាតអ៊ីចឹងទៅ បានគេថា សម្រេចជាឯកច្ឆ័ន្ទ គាំទ្រសំណើរបស់លោក ហ៊ុន សែន»។
 
បន្ថែមពីនេះ លោក សម រង្ស៊ី បានរិះគន់នាយករដ្ឋមន្រ្តី ហ៊ុន សែន លើហ្វេសប៊ុកកាលពីថ្ងៃទី២៩ ធ្នូថា ជាមេដឹកនាំ ដែលបានក្រាញអំណាចយូរជាងគេក្នុងពិភពលោក ហើយចង់ផ្ទេរតំណែងឱ្យទៅកូន និងចៅជាបន្តបន្ទាប់។

Tag:
 ហ៊ុន ម៉ាណែត
  សម រង្ស៊ី
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com