ជាតិ
សម្តេច ហ៊ុន សែន ទូន្មានឪពុកម្តាយ​កុំហែកហួរគ្នាតាមហ្វេសប៊ុកក្រោយលែងលះ គួរទុកកិត្តិយសឲ្យកូន
05, Jan 2022 , 9:37 am        
រូបភាព
នាពិធីប្រគល់​ប្រាក់រង្វាន់ដល់​ម្ចាស់មេដាយមាស​ប៉េតង់ អ៊ុក ស្រីមុំ និង​លោក សុខ ម៉ុង ដែលជាគ្រូបង្វឹក​នៅវិមានសន្តិភាព សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញពី​ការកត់សម្គាល់​របស់ខ្លួន​ ទាក់ទង​នឹង​ការ​ហែកហួរ​គ្នា​តាម​ហ្វេសប៊ុក​របស់​គូស្រករមួយចំនួន​ ក្រោយ​ការលែងលះគ្នា។



«តើកិត្តិយស​កូន​ វាទៅអ្វី ចំណុចនៅ​ត្រង់​កន្លែងហ្នឹង»។ សម្តេចនិយាយ​បែបអង្វរក ដល់​គូស្វាមីភរិយា ដែលចូលចិត្ត​និយាយ​បរិហារគ្នា​តាម​ហ្វេសប៊ុក​ក្រោយ​ការលែងលះ ដោយសម្តេច​កត់សម្គាល់ឃើញមាន​ចំនួន​កាន់តែច្រើននៅ​ភ្នំពេញ។

នៅចំឱកាស​ខួប​៤៦​ឆ្នាំ​នៃអាពាហ៍ពិពាហ៍​របស់ខ្លួន ប្រមុខរដ្ឋាភិបាល ស្នើដល់គូស្នេហ៍បែកបាក់ថា បើ​មិន​ត្រូវគ្នា គួរចែកផ្លូវស្ងៀមស្ងាត់ ដោយទុក​រាប់អាន​គ្នា​ទៅ​ថ្ងៃក្រោយ ជាពិសេស​ការទុក​កិត្តិយសឲ្យកូនៗ។

«គេមើលងាយ​យើងឥឡូវ ប៉ុន្តែគេបន្ត​មើលងាយកូន​ទៅថ្ងៃក្រោយ»។ សម្តេច​បាន​លើកឡើងយ៉ាងដូច្នេះ ដោយ​បញ្ជាក់ថា រូបភាព​វីដេអូហែកហួរគ្នា​តាម​ហ្វេសប៊ុក នឹង​មិន​ងាយផុត​រលត់ឡើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com