COVID-19
អន្តរជាតិ
WHO ណែនាំឱ្យប្រើឱសថថ្មី ២ប្រភេទដើម្បីព្យាបាលជំងឺកូវីដ-១៩
23, Jan 2022 , 10:59 am        
រូបភាព
ទីស្នាក់ការអង្គការសុខភាពពិភពលោក (WHO) នៅទីក្រុងហ្សឺណែវ។ រូបភាព៖ Xinhua
ទីស្នាក់ការអង្គការសុខភាពពិភពលោក (WHO) នៅទីក្រុងហ្សឺណែវ។ រូបភាព៖ Xinhua
អង្គការសុខភាពពិភពលោក (WHO) បានណែនាំឱ្យប្រើប្រាស់ឱសថថ្មី ២ប្រភេទទៀត សម្រាប់ព្យាបាលជំងឺកូវីដ-១៩ បន្ថែមពីលើជម្រើសឱសថចាស់។ ការបន្ថែមជម្រើសឱសថ សម្រាប់ព្យាបាលជំងឺកូវីដ-១៩ គឺជាវិធីសាស្ត្រប្រសើរមួយ ក្នុងការជួយសង្គ្រោះជីវិតមនុស្ស ដោយ ប្រជាជននឹងមានឱកាសទទួលបានការប្រើប្រាស់ទូលំទូលាយជាងមុន។

 
កន្លងមក អង្គការសុខភាពពិភពលោក (WHO) បានអនុម័តឱ្យប្រើប្រាស់ឱសថព្យាបាលជំងឺកូវីដ-១៩ ជាច្រើនរួចមកហើយ។ ថ្មីៗនេះ WHO បានណែនាំឱ្យប្រើប្រាស់ឱសថ ២ប្រភេទបន្ថែមទៀតដើម្បីបង្កើនភាពងាយស្រួល និងឱកាសក្នុងការប្រើប្រាស់ឱ្យទូលំទូលាយជាងមុន។ ឱសថព្យាបាលជំងឺកូវីដ-១៩ ថ្មីទាំង២នោះ មានឈ្មោះថា Baricitinib និង Sotrovimab ដែលបានទទួលស្គាល់ថាមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។
 
Baricitinib គឺជាឱសថ ដែលណែនាំឱ្យប្រើសម្រាប់អ្នកជំងឺកូវីដ-១៩ ដែលមានអាការៈធ្ងន់ធ្ងរខ្លាំង។ វាជាប្រភេទថ្នាំគ្រាប់សម្រាប់លេប ដែលជួយព្យាបាលការវាយប្រហាររបស់ប្រព័ន្ធភាពស៊ាំមកលើកោសិការាងកាយ និងការរលាកផ្សេងៗ។ 
 
ចំណែក Sotrovimab សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ មានអាការៈស្រាល ឬមធ្យមដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ឱសថ Sotrovimab ត្រូវបានណែនាំឱ្យប្រើសម្រាប់អ្នកជំងឺមានវ័យចាស់ អ្នកមានប្រព័ន្ធភាពស៊ាំខ្សោយ អ្នកមានជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺលើសទម្ងន់ និងអ្នកមិនបានចាក់វ៉ាក់សាំងជាដើម។ Sotrovimab កំពុងស្ថិតក្រោមការសិក្សាអំពីប្រសិទ្ធភាពបង្កើតអង្គបដិប្រាណប្រឆាំងនឹងវីរុសបង្កជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងផងដែរ។
 
យ៉ាងណាមិញ ក្រុមអ្នកជំនាញកំពុងពិនិត្យមើលឱសថព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ ២ប្រភេទទៀត គឺ Ruxolitinib និង Tofacitinib ខណៈ WHO ធ្លាប់ចេញសេចក្តីណែនាំប្រឆាំងការប្រើប្រាស់ពីមុនមក ដោយសារការធ្វើតេស្តប្រសិទ្ធភាពមានលទ្ធផលមិនច្បាស់។
 
គួរបញ្ជាក់ថា WHO កំពុងពិភាក្សាជាមួយសហគ្រាសផលិតឱសថជាច្រើន ដើម្បីធានាឱ្យបានការផ្គត់ផ្គង់ជាសកល ប្រកបដោយសមធម៌ និងនិរន្តរភាពចំពោះឱសថព្យាបាលដែលត្រូវបានណែនាំថ្មីនេះ។ កន្លងមក WHO តែងលើកកម្ពស់សកម្មភាពចែកចាយសម្ភារៈវេជ្ជសាស្ត្រផ្សេងៗ រួមមានទាំងឱសថ និងវ៉ាក់សាំងជាដើមទៅកាន់ប្រទេសដែលមានចំណូលទាប និងមធ្យម ឱ្យបានប្រើប្រាស់ដូចប្រទេសអ្នកមានដែរ៕ 
 

Tag:
 កូវីដ-១៩
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com