COVID-19
អន្តរជាតិ
ក្រុមហ៊ុន Moderna ចាប់ផ្ដើមសាកល្បងដូសជំរុញសម្រាប់ប្រឆាំងវីរុសបំប្លែងអូមីក្រុង
27, Jan 2022 , 10:13 am        
រូបភាព
ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាម៉េរិក Moderna នៅថ្ងៃទី២៦​ ខែមករា បានប្រកាសពីការចាប់ផ្ដើមការ​តេស្ត​ដូសជំរុញដែលត្រូវបានផលិតឡើង​ជាពិសេស​ដើម្បី​ប្រឆាំង​វីរុស​បំប្លែងខ្លួនថ្មីអូមីក្រុង។

 
ការសាកល្បងសាកល្បងពិសេសសម្រាប់ប្រឆាំងវីរុសអូមីក្រុងរបស់ក្រុមហ៊ុន Moderna នឹងរួមបញ្ចូល​មនុស្សពេញវ័យចំនួន៦០០នាក់។ អ្នកចូលរួមពាក់កណ្តាល ត្រូវទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Moderna ចំនួន២ដូសរួចយ៉ាងហោចណាស់ប្រាំមួយខែមុន ឯពាក់កណ្តាលទៀត​បាន​ទទួលដូសទី៣។ ដូច្នេះ ដូសជំរុញដែលផលិតឡើងនេះ នឹងអាច​ប្រើប្រាស់​ជា​ដូស​ជំរុ​ញទី៣ ឬ​ដូស​ជំរុញទី៤។ 
 
លើសពីនេះ ក្រុមហ៊ុនផលិតវ៉ាក់សាំងមួយនេះក៏បានរាយការណ៍ពីប្រសិទ្ធភាពនៃដូសជំរុញ ឬដូសទី៣របស់ខ្លួនដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់កន្លងមកផងដែរ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP របាយការណ៍របស់ Moderna បញ្ជាក់​ថា រយៈពេលប្រាំមួយខែបន្ទាប់ពីការចាក់ដូសជំរុញ កម្រិត អង់ទីករប្រឆាំងនឹង​វីរុសអូមីក្រុង​ធ្លាក់ចុះ​៦ដ​ង​ពីកម្រិតខ្ពស់បំផុត។ ទោះជាយ៉ាងណា ក្រុមហ៊ុននេះ នៅតែប្ដេជ្ញាពង្រឹងសមត្ថភាពរបស់ខ្លួន។
 
«ដោយសារការគំរាមរយៈពេលវែងដែលបង្ហាញដោយការគេចចេញពីភាពស៊ាំរបស់វីរុសអូមីក្រុង យើង​កំពុងបង្កើនសមត្ថភាព ដូសជំរុញថ្មីរបស់យើងដែលផលិតឡើង​ដើម្បីប្រឆាំង​នឹង​វីរុស​អូមីក្រុង​»។ លោក Stephane Bancel នាយកប្រតិបត្តិរបស់ Moderna លើកឡើងបែបនេះ មុនបានបន្តថា ក្រុមហ៊ុនកំពុងចាប់ផ្ដើមការសិក្សាដំណាក់កាលទីពីរចំពោះដូសជំរុញសម្រាប់ទប់ទល់នឹងវីរុសអូមីក្រុងនេះ។
 
ការប្រកាសរបស់ក្រុមហ៊ុន Moderna ធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុនឱសថ Pfizer បានប្រកាសថា ពួកគេបានចាប់ផ្តើមការចុះឈ្មោះសម្រាប់ការ ពិសោធវ៉ាក់សាំងដែលផលិតឡើង​ពិសេស​សម្រាប់​ប្រឆាំងវីរុសអូមីក្រុងដែរ។ វ៉ាក់សាំងរបស់ក្រុ​មហ៊ុនទាំងពីរសុទ្ធតែផ្អែកលើបច្ចេកវិទ្យានាំសារ RNA ដែលធ្វើឱ្យវាមានភាពងាយស្រួលក្នុងការធ្វើឱ្យប្រព័ន្ធភាពស៊ាំ​សម្របខ្លួននឹងវីរុស​បំប្លែងខ្លួនថ្មី​ណាមួ​យ​៕
 
 
 

Tag:
 Moderna
  អូមីក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com