អន្តរជាតិ
ប្រេសិតពិសេសUN៖ យោធាមីយ៉ាន់ម៉ាជាផ្នែកមួយនៃកិច្ចចរចា តែមិនមានសិទ្ធិដឹកនាំប្រទេសឡើយ
01, Feb 2022 , 11:59 am        
រូបភាព
យោធាមីយ៉ាន់ម៉ាមិនគួរត្រូវបានផាត់ចេញពីតុចរចាសន្តិភាពនាពេលខាងមុខនេះនោះទេ ប៉ុន្តែក៏មិន​មានសិទ្ធិដឹកនាំប្រទេសនាពេលនេះដែរ។ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ (UN) លោកស្រី Noeleen Heyzer បានលើកឡើងបែបនេះអំឡុងបទសម្ភាសថ្ងៃទី៣១ ខែមករា​ជាមួយ​ទូរទស្សន៍ CNA។

 
ថ្ងៃទី១ ខែកុម្ភៈ ២០២២​ ជាខួបមួយឆ្នាំនៃរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ មនុស្សជាង១,៤០០ នាក់ ត្រូវ​បាន​សម្លាប់ ហើយយ៉ាងហោចណាស់ច្រើនជាង១ម៉ឺននាក់ទៀត ត្រូវបានឃុំខ្លួន។ មីយ៉ាន់ម៉ាក៏​ត្រូវ​បាន​ធ្លាក់​ខ្លួនចូលភាពក្រីក្រ និងកង្វះស្បៀងអាហារខណៈ ដែលប្រទេសមួយនេះបានជួបប្រទះ​អំពើហិង្សាជា​បន្ត​បន្ទាប់ដែលធ្វើឱ្យអាជីវកម្ម និង រោងចក្រត្រូវបិទទ្វារជាយូរ។ ច្រកចេញពីវិបត្តិនយោបាយនៅតែរកមិទាន់ឃើញ ទោះមានការប្រឹងប្រែងជួយពីអាស៊ានក្ដី។
 
ជុំវិញវិបត្តិនៅមីយ៉ាន់ម៉ានេះ ប្រេសិតពិសេស UN ប្រចាំកិច្ចការមីយ៉ាន់ម៉ា Noeleen Neyzer បានលើកឡើង ក្រុមយោធាមីយ៉ាន់ម៉ាមានតួនាទីក្នុងការចូលតុចរចា ទោះពួកគេមិនមានលក្ខខណ្ឌផ្លូវច្បាប់ដើម្បីដឹកនាំប្រទេសក្ដី។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CNA នៅថ្ងៃទី៣១ ខែមករា មួយថ្ងៃមុនខួបរដ្ឋប្រហារ មន្រ្តី UN ខណៈយោធានឹងត្រូវតែជាផ្នែកមួយនៃដំណើរការសន្តិភាពនាពេលខាងមុខ ពួកគេមិនអាចជាកម្លាំងដឹកនាំដំណើរការដឹកនាំប្រទេសទៅមុខបាននោះទេ។ 
 
ប្រេសិតរូបនេះ ក៏បានទទូចឱ្យយុវជនដែល​តវ៉ា​ប្រឆាំង​របបយោធាផ្ដាច់ការត្រូវសម្រប​សម្រួល​គោលជំ​ហររបស់ពួកគេ និងធ្វើសកម្មភាពណាមួយដែលមានផលរយៈពេលវែង និងមិនប៉ះពាល់​អាយុជីវិត​របស់​ពួកគេ ព្រោះថាការផ្លាស់ប្តូររបបនយោបាយគឺជាដំណើរការវែងឆ្ងាយ។ 
 
ជាថ្មីម្តងទៀត លោកស្រី Heyzer ក៏បានទទូចឱ្យមានបទឈប់បាញ់គ្នាដែលជា​ជំហាន​ដំបូង​ដ៏​សំខាន់​មួយ​ក្នុង​ការ​បញ្ឈប់​អំពើ​ហិង្សា។ លោកស្រីបានបញ្ជាក់ថែម ថាបទឈប់បាញ់គ្នា និងការសម្រួល​ដល់​លំហូរជំនួយមនុស្សធម៌ជាមធ្យោបាយមួយដែលអាចជួយដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ព្រោះប្រជាជន​កំពុងតែជួបការលំបាកទាំងការទទួលបានអាហារ ថ្នាំពេទ្យ និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាដើម។
 
ទោះជាយ៉ាងណា មន្រ្តី UN ដដែល ក៏ទទួលស្គាល់ការលំបាករបស់អាស៊ានក្នុងការអនុវត្តផែនការ សន្តិភាព៥ចំណុច ដែលមកដល់ពេលបច្ចុប្បន្នមិនទាន់មានលទ្ធផលអ្វីជាដុំកំភួននៅឡើយ។ ប៉ុន្តែ​លោកស្រី Heyzer បានលើកឡើងថា ភាពជាដៃគូរវាង UN និង អាស៊ានពិតជា​ចាំបាច់​ដើម្បី​ដោះស្រាយវិបត្តិមួយនេះ។
 
ទាក់ទងតួនាទីរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ឃុំខ្លួន ប្រេសិត ពិសេសខាងលើ​យល់ថា លោកស្រី ស៊ូជី នឹងធ្វើជាកម្លាំងវិជ្ជមានមួយនៅក្នុងកិច្ចសន្ទនានាពេលខាងមុខ ហើយ​លោកស្រី​នឹងព្យា​យាមជួបលោក ស្រីស៊ូជី តាមដែលអាចធ្វើទៅបាន៕
 

Tag:
 UN
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com