អន្តរជាតិ
លោក ពូទីន ចោទលោកខាងលិចថា កំពុងព្យាយាមអូសរុស្ស៊ីឱ្យធ្លាក់ចូលសង្គ្រាម
02, Feb 2022 , 2:29 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន នាសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្រ្តីហុងគ្រី។ រូបថត AFP
ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន នាសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្រ្តីហុងគ្រី។ រូបថត AFP
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១ ខែកុម្ភៈ​ បានចោទបណ្ដាប្រទេសលោកខាងលិចថា​បាន​បង្កើតសេណារីយ៉ូដោយចេតនាដោយមានបំណងអូសទាញរុស្ស៊ីឱ្យធ្លាក់ចូលក្នុងសង្គ្រាម។ លោក ពូទីន ក៏អះអាងថា បស្ចិមលោក មិនអើពើពីការព្រួយបារម្ភផ្នែកសន្តិសុខរបស់រុស្ស៊ី ក្នុងរឿង​អ៊ុយក្រែន​ទៀត​ផង។

 
ខណៈដែលវិបត្តិអ៊ុយក្រែនតានតឹងខ្លាំង លោក វ៉ា្លឌីមៀ ពូទីន មិនបានថ្លែងជាសាធារណៈអ្វីច្រើនអំពី​វិបត្តិនេះឡើយ ដែលបានបន្សល់ទុកភាពមិនច្បាស់លាស់អំពីជំហរផ្ទាល់ខ្លួនរបស់លោក ខណៈ​អ្នកការ​ទូតរុស្ស៊ី និងលោកខាងលិចបានចូលរួមក្នុងកិច្ចចរចាម្តងហើយម្តងទៀត។ អំឡុងសន្និសីទ​កាសែត​ថ្ងៃទី១ ខែកុម្ភៈ ជាមួយនាយករដ្ឋមន្ត្រីហុងគ្រី មេដឹកនាំរុស្ស៊ីរូបនេះ ប្រើពាក្យសម្ដីខ្លាំងដាក់លោកខាងលិចដែលលោកយល់ថា មិនសម្របសម្រួលការទាមទារផ្នែកសន្តិសុខដែលរុស្ស៊ីបានស្នើ។
 
«មកដល់ពេលនេះ វាច្បាស់ណាស់ដែលថា ការព្រួយបារម្ភជាមូលដ្ឋានរបស់រុស្ស៊ី​មិនត្រូវ​បាន​អើពើ​នោះឡើយ»។ លោក ពូទីន បញ្ជាក់បែបនេះ រួចបន្តថា បើអ៊ុយក្រែនអាចត្រូវបញ្ចូលជាសមាជិក​សម្ព័ន្ធ​ណាតូ​នោះ ការគំរាមកំហែងសន្តិសុខរុស្ស៊ីនឹងរឹតតែកើន​ឡើង ហើយរុស្ស៊ីប្រហែលនឹងត្រូវ​ធ្វើ​សង្គ្រាម​ជាមួយ​ណាតូទៀតផង។ លោក ពូទីន ក៏បានលើកឡើងថា ទីក្រុង វ៉ាស៊ីនតោន​មិន​ដែល​ខ្វល់ខ្វាយ​នឹង​សន្តិសុខ​អ៊ុយក្រែនជាចម្បងឡើយ ប៉ុន្តែអ្វីដែលប្រទេសមួយ​នេះ​ចង់​បាន គឺការទប់​ស្កាត់​ឥទ្ធិពលរុស្ស៊ីប៉ុណ្ណោះ។
 
និយាយមិនទុកឱ្យលោកខាងលិចអ្វីបន្តិច លោក ពូទីន បានរិះគន់សម្ព័ន្ធណាតូទៀតថា ពួកគេ​បាន​ប្រើប្រាស់អ៊ុយក្រែនជាឧបករណ៍ដើម្បីសម្រេចផលប្រយោជន៍។ បន្ថែមពីនេះ ប្រមុខរដ្ឋរុស្ស៊ី ប្រាប់អ្នកកាសែតទៀតថា អាម៉េរិក និងលោកខាងលិច  កំពុងប្រើប្រាស់មធ្យោបាយផ្សេងៗដើម្បីទាញរុស្ស៊ីធ្លាក់​ចូលក្នុងជម្លោះប្រដាប់អាវុធ ហើយដោយមានទាំងការជ្រោមជ្រែងពីសម្ព័ន្ធមិត្តអាម៉េរិក និងការគ្រោង​ដាក់ទណ្ឌកម្មយ៉ាងឃោរឃៅដើម្បីប្រឆាំងនឹងរុស្ស៊ីទៅទៀត។
 
យ៉ាងណាមិញ នាយករដ្ឋមន្ត្រីហុងគ្រី Victor Orban ជឿជាក់ថា លោកខាងលិច និងរុស្ស៊ី​អាចនឹង​មាន​ផ្លូវដើម្បីសម្របសម្រួលគ្នាដើម្បីរក្សាសន្តិសុខរបស់ភាគីទាំងអស់។
 
នៅថ្ងៃដដែល ប្រមុខការទូតរុស្ស៊ី និងអាម៉េរិកក៏ជួបជជែកតាមទូរស័ព្ទ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី  Sergei Lavrov​ លើកឡើងថា សមភាគីអាម៉េរិក អាន់តូនី ប្លីងខិន បានយល់ស្រប​ពីតម្រូវការ​ដើម្បី​ពិភាក្សាអំពីបញ្ហានេះបន្ថែមទៀត តែទាមទារឱ្យ ទីក្រុងមូស្គូដកទ័ពថយពីអ៊ុយក្រែន ​ប្រសិនបើមិន​មាន​បំណងឈ្លានពាននោះទេ៕
 
 
 
 
 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com