អន្តរជាតិ
អាម៉េរិក ស្នើបើកប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ដើម្បីជជែកការបាញ់មីស៊ីលកូរ៉េខាងជើង
02, Feb 2022 , 7:29 pm        
រូបភាព
អាម៉េរិក បានស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី៣ ខែកុម្ភៈខាងមុខ ដើម្បីពិភាក្សាពីការបាញ់មីស៊ីលបាលីស្ទិកចម្ងាយមធ្យមរបស់កូរ៉េខាងជើង។ កូរ៉េខាងជើង បានបាញ់មីស៊ីលចម្ងាយមធ្យមក្នុងការសាកល្បងលើកទី៧ នៅចុងខែមករា។

 
តែមួយខែដំបូងនៃឆ្នាំ២០២២ កូរ៉េខាងជើងបានតេស្តមីស៊ីលរហូតទៅដល់៧លើកដែលរួមមានទាំង មីស៊ីលល្បឿនលឿនជាងសំឡេងផង។ កាលពីថ្ងៃទី៣០ ខែមករា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាលើកទី៧ ជាមួយការបាញ់មីស៊ីលបាលីស្ទិកចម្ងាយធម្យម (IRBM) ប្រភេទ Hwasong-12 ជាលើកដំបូងគិតតាំងពីឆ្នាំ២០១៧មក។
 
ដោយបារម្ភជាខ្លាំងលើរឿងមីស៊ីលកូរ៉េខាជើង អ្នកការទូតក្រុមប្រឹក្សាសន្តិសុខ UN នៅថ្ងៃទី២ ខែកុម្ភៈ អះអាងថា តំណាងអាម៉េរិកនៅ UN បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខរៀបចំកិច្ចប្រជុំបិទទ្វារជាបន្ទាន់នៅថ្ងៃទី៣ ខែកុម្ភៈខាងមុខនេះ។ យ៉ាងណាមិញ ការសម្រេចចិត្តប្រជុំ មិនទាន់មាននៅឡើយ ដោយអាស្រ័យលើរុស្ស៊ីដែលជាប្រធានក្រុមប្រឹក្សាសម្រាប់ខែកុម្ភៈជាអ្នកសម្រេច។
 
ទាក់ទងការបាញ់មីស៊ីលចម្ងាយមធ្យមនេះ អគ្គលេខាធិការ UN អាន់តូនីញ៉ូ ហ្គូតេរ៉េស ក៏បានថ្កោល ទោសទង្វើរបស់កូរ៉េខាងជើង ហើយក៏បានជំរុញឱ្យប្រទេសនេះបញ្ឈប់សកម្មភាពដែលបំពានការសន្យារបស់ខ្លួន ក៏ដូចជាដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខផងដែរ។ នេះបើតាមអ្នកនាំពាក្យរងUN លោក Farhan Haq។
 
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខបានជួបគ្នាម្តងហើយកាលពីថ្ងៃទី១០ ខែមករាដើម្បីពិភាក្សាការតេស្តមីស៊ីលឡើងវិញរបស់កូរ៉េខាងជើង។ ពេលនោះ អាម៉េរិកក៏ស្នើដាក់បម្រាមលើការធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិបុគ្គលចំនួន៥នាក់ដែលជ្រោមជ្រែងកម្មវិធីអាវុធកូរ៉េខាងជើង។ ក៏ប៉ុន្តែចិន និងរុស្ស៊ី បានប្រឆាំងដោយយកលេសថា ខ្លួនត្រូវការពេលវេលាបន្ថែមទៀតដើម្បីសិក្សាពីការដាក់ទណ្ឌកម្ម និងត្រូវការព័ស្តុតាងបន្ថែមទៀតដើម្បីគាំទ្រសំណើរបស់អាម៉េរិកនោះ៕
 
 

Tag:
 អាម៉េរិក
  UN
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com