ជាតិ
រដ្ឋាភិបាល បង្កើតគណៈបញ្ជាការ ដើម្បីធានាការបោះឆ្នោត ឲ្យប្រព្រឹត្តទៅដោយគ្មានការគំរាមកំហែង
04, Feb 2022 , 3:59 pm        
រូបភាព
សកម្មភាពមន្រ្តីរាប់សន្លឹកឆ្នោត ក្នុងការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ រូបពី AFP
សកម្មភាពមន្រ្តីរាប់សន្លឹកឆ្នោត ក្នុងការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ រូបពី AFP
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្កើតគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ សម្រាប់ការបោះឆ្នោត ចាប់ឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។ ការបង្កើតគណៈបញ្ជាការនេះ ធ្វើឡើងតាមរយៈការអនុក្រឹត្យ ដែលចេញតាំងពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ តែទើបនឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅខែកុម្ភៈ ឆ្នាំ២០២២។


យោងតាមអនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាល សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត ដោយអមជាមួយអនុប្រធាន៣រូប ដែលសុទ្ធតែជាឧបនាយករដ្ឋមន្រ្តី គឺសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការបរទេស និង លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច។ ចំណែក រដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់១៩រូបទៀតរបស់រដ្ឋាភិបាល បូករួមទាំងអភិបាលរាជធានី-ខេត្តផង គឺជាសមាជិក។ 
 
ប្រមុខរដ្ឋាភិបាល បញ្ជាក់ពីតួនាទីក្នុងប្រការ២នៃអនុក្រឹត្យថា គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ ត្រូវតាមដាន ត្រួតពិនិត្យ រៀបចំ គ្រប់គ្រង និង ប្រើប្រាស់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាដំណើរការពិនិត្យឈ្មោះ ចុះឈ្មោះបោះឆ្នោត និង ការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ឲ្យប្រព្រឹត្តទៅដោយសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និង គ្មានការប្រើអំពើហិង្សា។   
 
ការបោះឆ្នោតឃុំ-សង្កាត់ (ថ្នាក់ក្រោមជាតិ) អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ហើយការបោះឆ្នោតតំណាងរាស្រ្ត (ថ្នាក់ជាតិ) នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣។ ការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៧ មិនទាន់ត្រូវបានកំណត់កាលបរិច្ឆេទច្បាស់លាស់នោះទេ៕ 
 

Tag:
 ស ខេង
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com