ជាតិ
រថយន្ត
ក្រសួងពិភាក្សាគម្រោងដំឡើងស្ថានីយ៍សាកថ្មយានយន្តអគ្គិសនី នៅតាមស្ថានីយប្រេង
04, Feb 2022 , 7:59 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ក្រុមហ៊ុនប្រេងឥន្ធនៈធំៗនៅកម្ពុជា បានជួបពិភាក្សាគ្នា ជុំវិញការរៀបចំឧបករណ៍សាកថ្មយានយន្តអគ្គិសនី (EV Charging Station) នៅតាមស្ថានីយប្រេងឥន្ធនៈ។ បើតាមហ្វេសប៊ុកក្រសួងសាធារណការ កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី៣ កុម្ភៈ ដោយមានតំណាងក្រុមហ៊ុនប្រេងសូគីមិច តូតាល់ តេលា កាល់តិច និងក្រុមហ៊ុនភីធីធី ចូលរួម។

 
ក្នុងកិច្ចប្រជុំនេះ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា កម្ពុជាកំពុងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានទូលាយ និងចូលរួមកាត់បន្ថយការបំពុលបរិស្ថាន តាមរយៈកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក្នុងការដំឡើងស្ថានីយសាកថ្មយានយន្ត EVs ការរៀបចំផែនការមេសម្រាប់គាំទ្រដល់ការប្រើប្រាស់យានយន្ត EVs  និងការផ្ដល់ម៉ូតូដើរដោយថាមពលអគ្គិសនីចំនួន៣០គ្រឿង ដើម្បីសាកល្បងផងដែរ។
 
បើតាម លោក ស៊ុន ចាន់ថុល ក្រសួងសាធារណការគ្រោងដំឡើងស្ថានីយសាកថ្មយានយន្ត EVs ចំនួន២កន្លែង នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និង៤ទីតាំងទៀត នៅតាមស្ថានីយប្រេងដែលស្ថិតនៅបណ្ដោយផ្លូវជាតិលេខ១ លេខ៥ លេខ៦ និងផ្លូវជាតិលេខ៧។ ក្រសួងសាធារណការ ក៏គ្រោងដំឡើងស្ថានីយសាកថ្មយានយន្តEVs នៅទីស្តីការក្រសួង មួយទីតាំងដែរ ខណៈស្ថានីយសាកថ្ម ១០ទីតាំងទៀត នៅក្នុងរាជធានីដោយសហការជាមួយវិស័យឯកជន។
 

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបថត៖ ហ្វេសប៊ុកក្រសួង

ក្រសួង ក៏គ្រោងស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនម្ហូបមួយចំនួននៅកម្ពុជា ពិនិត្យលទ្ធភាពប្រើប្រាស់ម៉ូតូអគ្គិសនី ជំនួសម៉ូតូដែលប្រើសាំង ក្នុងការបម្រើសេវារបស់ខ្លួនផងដែរ។ នេះជាការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ដោយលោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្ត ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី ឱ្យនៅកម្រិតសូន្យ នៅឆ្នាំ២០៥០ និងបានដាក់ជូនផែនការមេ ស្តីពីការប្រើប្រាស់យានយន្តអគ្គិសនី ទៅអង្គការសហប្រជាជាតិ ដោយកំណត់ឱ្យមានការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ក្នុងអត្រា ៤០ភាគរយ និងម៉ូតូអគ្គិសនី ក្នុងអត្រា ៣០ភាគរយផងដែរ។
 
ជាការឆ្លើយតប ក្រុមហ៊ុនប្រេងឥន្ធនៈធំៗនៅកម្ពុជា បានគាំទ្រគំនិតផ្តួចផ្តើមនេះ ដោយបានសន្យាថានឹងពិនិត្យលទ្ធភាពក្នុងការដំឡើងឧបករណ៍សាកថ្មយានយន្ត EVs នៅតាមបណ្តាទីតាំងស្ថានីយប្រេងនានារបស់ខ្លួន។
 
គួររំឭកថាក្រៅពីគម្រោងដំឡើងស្ថានីយសាកថ្មយានយន្តអគ្គិសនី ក្រសួងសាធារណការ ក៏គ្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធផ្សេងទៀតដែរ មានដូចជាកន្លែងផ្តល់សេវាកម្ម គ្រឿងបន្លាស់ កម្មករជំនាញ និងកន្លែងបន្សល់ថ្មជាដើម សំដៅជំរុញ និងគាំទ្រដល់ការប្រើប្រាស់យានយន្តប្រភេទនេះឱ្យកាន់តែទូលាយ៕
 
 
 
 

Tag:
 យានយន្តអគ្គិសនី
  EV
  ស្ថានីយប្រេង
  ស្ថានីយសាកថ្ម
  ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com