ជាតិ
ក្រសួងមុខងារសាធារណៈ៖ ទណ្ឌកម្ម​លើ​លោក ខឹម មុនីកុសល ពីរដ្ឋបាលប៉ៃលិន គឺ​ស្របច្បាប់
04, Feb 2022 , 4:40 pm        
រូបភាព
ដោយ: រួបរួម
ក្រសួងមុខងារសាធារណៈ នា​ថ្ងៃទី​៤ ខែកុម្ភៈ នេះ បាន​អះអាងពីភាពស្របច្បាប់​របស់រដ្ឋបាល​ខេត្ត​ប៉ៃលិន ស្តីពីការ​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​ថ្នាក់ទី២ ចំពោះ​លោក ខឹម មុនី​កុសល។ លោក មុនីកុសល ត្រូវបាន​លុបឈ្មោះចេញពី​ក្របខណ្ឌ​មន្ត្រីមន្ទីរ​សុខាភិបាល​ខេត្តប៉ៃលិន កាលពីថ្ងៃទី​១៩ ខែមីនា ឆ្នាំ២០២១។ សាម៉ី​ខ្លួន​បាន​ដាក់ពាក្យ​ប្តឹងទៅ​ក្រសួងមុខងារសាធារណៈ​ដើម្បី​សុំចូលបម្រើការវិញ។

 
តាម​សេចក្តីប្រកាសព័ត៌មាន ក្រសួងមុខងារសាធារណៈ បាន​អះអាងថា​បានទទួលពាក្យ​បណ្តឹង​របស់លោក ខឹម មុនីកុសល កាលពីថ្ងៃទី​២៤ ខែមីនា។ ២ថ្ងៃក្រោយមក ក្រសួងបាន​បង្វែរពាក្យបណ្តឹង​ទៅ​ឲ្យ​រដ្ឋបាល​ខេត្តប៉ៃលិន ដោយមាន​ការបង្កើតគណៈកម្មាធិការ​សម្រុះសម្រួល​មួយ។
 
ថ្ងៃទី​២១ ខែ​ឧសភា រដ្ឋបាល​ខេត្តប៉ៃលិន បាន​ផ្ញើ​លិខិតទៅក្រសួង ពី​ការតម្តល់​ដីការ​បស់ខ្លួន​ស្តីពីការអនុវត្ត​ទណ្ឌកម្ម​ខាងវិន័យថ្នាក់ទី២ លើការបណ្តេញ​លោក ខឹម មុនីកុសល ចេញពីក្របខណ្ឌដដែល។ ៥ថ្ងៃបន្ទាប់ អតីត​មន្ត្រីសុខាភិបាលខាងលើ បាន​ដាក់ពាក្យប្តឹងទាស់ជាលើកទី២។
 
នៅថ្ងៃទី១១ ខែមករា ឆ្នាំ​២០២២ ក្រសួងមុខងារសាធារណៈ បាន​បង្កើតក្រុមការងារអន្តរក្រសួង​ ជាមួយ​ក្រសួងមហាផ្ទៃ និង​ក្រសួងសុខាភិបាល ចុះ​ស្រាវជ្រាវផ្ទាល់ដល់ខេត្តប៉ៃលិន មុននឹងឈាន​ដល់ការសម្រេចចុងក្រោយ។ ជាលទ្ធផល ក្រសួង​បាន​សម្រេចថា ការ​ចេញដីការ​កាលពីថ្ងៃទី​១៩ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាល​ខេត្ត​ប៉ៃលិន ស្តីពីការអនុវត្តទណ្ឌកម្ម​ខាងវិន័យ​ថ្នាក់ទី២ ចំពោះ លោក ខឹម មុនី​កុសល គឺ​ស្របច្បាប់ និង​លិខិត​បទដ្ឋានគិតយុត្ត។
 
លោក ខឹម មុនីកុសល ត្រូវបានលោកស្រីអភិបាលខេត្តប៉ៃលិន បាន ស្រីមុំ ចោទប្រកាន់ថា ប្រព្រឹត្ត​កំហុស​ និងការឆ្គាំឆ្គង​ក្នុង​វិជ្ជាជីវៈ។ ករណីនេះ បាន​កើតឡើង​ ក្រោយពេលដែល​លោក កុសល នាពេល​បំពេញ​ការងារ​ជាពេទ្យជួរមុខ បាន​បង្ហោះហ្វេសប៊ុកដោយសរសេរថា «​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ចុះ​ប្រចាំការ​នៅ​មណ្ឌល​ចត្តាឡីស័ក​នៅ​មន្ទីរ​បក្ស​ខេត្ត​ប៉ៃលិន មិន​ជួយ​ធ្វើ​ការងារ​គ្រូពេទ្យ​ខ្លះ​នោះទេ ប៉ុន្តែ​នាំគ្នា​អង្គុយលេង Facebook ក្នុង​តង់ និង​ថតរូប​បង្អួត​គេឯង​ទៅវិញ​»​។ 
 
អតីតគ្រូពេទ្យ​បាន​ប្តឹង​តវ៉ាប្រឆាំងនឹង​ការសម្រេច​របស់សាលាខេត្ត ខណៈរដ្ឋបាល​ខេត្ត បានចេញមុខ​បញ្ជាក់ថា លោក កុសល តែងតែ​ប្រព្រឹត្ត​កំហុស​ឆ្គងជាបន្តបន្ទាប់ ពោល​គឺ​ការ​បំបែកបំបាក់​សាមគ្គីផ្ទៃក្នុងអង្គភាព៕
 

Tag:
 សុខាភិបាល
 ​ ប៉ៃលិន
© រក្សាសិទ្ធិដោយ thmeythmey.com