អន្តរជាតិ
អង្គការWHO បង្ហាញក្តីសង្ឃឹមលើអឺរ៉ុប ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩
04, Feb 2022 , 9:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ:
នាយកអង្គការសុខភាពពិភពលោកប្រចាំនៅសហភាពអឺរ៉ុប (WHO) លោក Hans Kluge នៅថ្ងៃទី៣ ខែកុម្ភៈ បានបង្ហាញក្តីសង្ឃឹមលើសហភាពអឺរ៉ុប ដែលអាចមានភាពស្ងៀមស្ងាត់លើករណីឆ្ងងជំងឺកូវីដ-១៩ រយៈពេលយូរ។ ក្នុងន័យនេះ លោក Kluge បានជំរុញឱ្យបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងតាមដានវីរុសបំប្លែងខ្លួនថ្មី។

 
នាដើមឆ្នាំ២០២២នេះ  អង់គ្លេស ដឺណាម៉ាក បារាំង និងស៊ុយអែត ព្រមទាំងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត បានចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិតក្នុងប្រទេសលើវិធានទប់ស្កាត់ជំងឺកូវីដ-១៩ ក្រោយអត្រានៃអ្នកចាក់វ៉ាក់សាំងក្នុងប្រទេសនីមួយៗ បានកើតឡើងខ្ពស់ និងកម្រិតនៃជំងឺកូវីដ១៩បង្កដោយវីរុសអូមីក្រុង មានសភាពស្រាលជាងវីរុសបំប្លែងខ្លួនមុនៗ។
 
ទាក់ទិននឹងការបន្ធូរបន្ថយចំណាត់ការនេះ នាយកអង្គការសុខភាពពិភពលោកប្រចាំអឺរ៉ុប លោក Hans Kluge នៅថ្ងៃទី៣ខែកុម្ភៈ បានប្រាប់សន្និសីទសារព័ត៌មានថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ទូទាំងទ្វីបអឺរ៉ុប បានចាប់ផ្តើមធ្លាក់ចុះ ដល់កម្រិតទាប។ លោកបណ្ឌិត Kluge បានបន្ថែមថា វាអាចមកពីវីរុសអូមីក្រុងមានកម្រិតស្រាល,  អាកាសធាតុក្តៅ ដែលធ្វើឱ្យវីរុសពិបាកក្នុងការរីករាលដាល និងអត្រានៃអ្នកចាក់វ៉ាក់សាំងខ្ពស់ ក៏ជាផ្នែកមួយ។
 
«ក្នុងបរិបទនេះ វាអាចរក្សានៅសន្ទុះឆ្លងមិនឱ្យកើតឡើង និងផ្តល់សន្តិភាព ក្នុងរយៈពេលយូរសម្រាប់អឹរ៉ុប»។ លោក Kluge បានសង្កត់ធ្ងន់បែបនេះ មុនបន្តថា ជំងឺរាតត្បាត មិនទាន់បញ្ចប់ទេ ប៉ុន្តែវាជាឱកាសតែមួយ ដើម្បីគ្រប់គ្រងការចម្លង។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារ AFP ។
 
បើទោះអាចប្រឈមដោយសារវីរុសបំប្លែងខ្លួនថ្មី និងអាចមានសមត្ថភាពឆ្លងខ្លាំងជាងវីរុសអូមីក្រុង អឺរ៉ុបនៅតែអាចគ្រប់គ្រងវីរុសបំប្លែងខ្លួនទាំងនោះបាន ដោយមិនតម្រូវឱ្យចាត់វិធានការតឹងរ៉ឹង។ ក្នុងន័យនេះ នាយកអង្គការWHO ប្រចាំទ្វីបអឺរ៉ុប បានជំរុញពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងតាមដានវីរុសបំប្លែងខ្លួនថ្មី។ 
 
សូមបញ្ជាក់ថា ស៊ុយអែត នៅថ្ងៃទី៣ខែកុម្ភៈ បានប្រកាសចូលរួមជាមួយបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ក្នុងការលើកចោលវិធានការរឹតត្បិត ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី៩ ខែកុម្ភៈ។ ទីក្រុងស្តុកខុល នឹងបញ្ចប់បម្រាមគោចរ ដែលពីមុនកំណត់ម៉ោងបើកសម្រាប់ហាងស្រា, ភោជនីយដ្ឋាន ខណៈការកំណត់ចំនួនមនុស្សនៅទីកន្លែងសាធារណៈ ក៏ត្រូវលើកចោលដែរ៕ 
 

Tag:
 WHO
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com