ជាតិ
សម្តេចហ៊ុន សែន ប្តេជ្ញាធ្វើការជិតស្និទ្ធជាមួយលោកបៃឌិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-អាម៉េរិក
06, Feb 2022 , 12:29 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយលោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ដើម្បីជំរុញកិច្ចសហប្រតិត្តិការរវាង អាស៊ាន-អាម៉េរិក។  ការប្តេជ្ញានេះ ធ្វើឡើងតាមរយៈលិខិតមួយចុះថ្ងៃទី១ កុម្ភៈ ឆ្លើយតបនឹងទៅកាន់ប្រធានាធិបតីអាម៉េរិក ដែលបានអញ្ជើញ សម្តេច ហ៊ុន សែន ឱ្យចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-អាម៉េរិក ដែលនឹងរៀបចំនៅរដ្ឋធានីវ៉ានស៊ីនតោន នាពេលខាងមុខ។

 
ក្រៅពីបង្ហាញការគាំទ្រ ចំពោះការៀបចំកិច្ចប្រជុំពិសេសអាស៊ាន-អាម៉េរិក និងអះអាងពីវត្តមានខ្លួននៅក្នុងកិច្ចប្រជុំនេះហើយនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញជំនឿដែរថាកិច្ចប្រជុំនេះ ផ្តល់ឱកាសក្នុងការផ្លាស់ប្តូរយោបល់គ្នា លើការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អាម៉េរិក។ សម្តេច ហ៊ុន សែន បញ្ជាក់ក្នុងលិខិតឆ្លើយតបនោះដូច្នេះ៖ «ខ្ញុំជឿថាកិច្ចប្រជុំនេះ នឹងផ្តល់នូវកាលានុវត្តភាពល្អមួយសម្រាប់យើងផ្លាស់ប្តូរយោបល់គ្នា ធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អាម៉េរិក កាន់តែរីកចម្រើនបន្ថែមទៀត»។
 
សូមជម្រាបថា កាលពីថ្ងៃទី១៤មករា  លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានផ្ញើលិខិតអញ្ជើញសម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាស៊ាន ចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-អាម៉េរិក ដែលនឹងរៀបចំឡើងនារដ្ឋធានីវ៉ាស៊ីនតោន នាពេលខាងមុខ។ នៅក្នុងលិខិតនោះ ប្រធានាធិបតីអាម៉េរិក បានបញ្ជាក់ថា រដ្ឋបាលរបស់លោកនឹងធ្វើការជាមួយកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២។ លោក ចូ បៃឌិន ក៏សង្ឃឹមដែរថា នៅក្នុងតំបន់ក្រោមការដឹកនាំរបស់កម្ពុជា ទំនាក់ទំនងរវាងអាស៊ាន និងអាម៉េរិកនឹងកាន់តែរីកចម្រើន ហើយក៏នឹងបន្តជំរុញគោលដៅរួមរបស់ភាគីទាំងពីរ នៅក្នុងតំបន់ផងដែរ៕

Tag:
 ហ៊ុន សែន
  ចូ បៃឌិត
  អាស៊ាន-អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com