ជាតិ
បដិមាជាង២០០ផ្ទាំង ត្រូវបានឆ្លាក់លើថ្មធម្មជាតិ ភ្នំគិរីរម្យ
06, Feb 2022 , 6:59 pm        
រូបភាព
ភ្នំពេញ៖ បដិមាជាង២០០ផ្ទាំង ត្រូវបានឆ្លាក់លើថ្មធម្មជាតិភ្នំគិរីរម្យ ស្ថិតក្នុងក្នុងភូមិចម្កាតែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ចម្លាក់ទាំងនោះ មានព្រះពុទ្ធបដិមា ព្រះវិស្ណុ ព្រះបាទជ័យវរ្ម័នទី៧ និងក្បាច់ខ្មែរមួយចំនួនទៀត ដែលចម្លងតាមរចនាបថប្រាសាទខ្មែរ។

 
ព្រះតេជគុណ វ៉ិត បូណា គ្រូសូត្រស្ដាំវត្តពោធិ៍សត្វគិរីរម្យ មានសង្ឃដីកា ប្រាប់សារព័ត៌មានថ្មីៗ២៥ ថា ចម្លាក់បដិមាជាង ២០០ផ្ទាំង កំពុងត្រូវបានឆ្លាក់នៅលើថ្មធម្មជាតិ ភ្នំគិរីរម្យ។ ចម្លាក់ទាំងនោះមានរូប ព្រះពុទ្ធបដិមា ព្រះវិស្ណុ និងព្រះបាទជ័យវរ្ម័នទី៧ ដែលសុទ្ធសឹងចម្លងតាមរចនាបថ ប្រាសាទអង្គវត្ត ប្រាសាទបន្ទាយស្រី ប្រាសាទបាយ័ន និងប្រាសាទនានាទូទាំងប្រទេសកម្ពុជា។ ព្រះអង្គ បន្តថា ការឆ្លាក់បដិមាទាំងនេះ គឺដើម្បីចូលរួមផ្សព្វផ្សាយពីទេសចរណ៍លើភ្នំគិរីរម្យ ពិសេសលើកកម្ពស់ ពុទ្ធសាសនា ព្រហ្មញ្ញសាសនា និងវប្បធម៌ខ្មែរ។
 
ព្រះតេជគុណ មានសង្ឃដីកាដូច្នេះថា៖«បដិមានទាំងអស់ហ្នឹង យើងបានគំនិតពីរចនាបថខ្មែរ និងជាងឆ្លាក់សុទ្ធជាងខ្មែរយើងទាំងអស់។ យើងឆ្លាក់រូបទាំងនេះ គឺគ្រាន់តែចង់ថែរក្សាកេរតំណែល ទុកឱ្យមនុស្សរាប់ជំនាន់ក្រោយទេ។ ពិសេសយើងចង់អភិរក្ស ពុទ្ធសាសនា ព្រហ្មញ្ញសាសនា»។


រូបភាពពី ព្រះតេជគុណ វ៉ិត បូណា
 
ចាប់តាំងពីខែមិថុនាឆ្នាំ២០២០ មកដល់ពេលនេះ ក្រុមជាងឆ្លាក់បាន ៦២ផ្ទាំងហើយ ដោយក្នុងមួយផ្ទាំងៗត្រូវប្រើពេលឆ្លាក់ចន្លោះពី៣ ទៅ៦ខែ និងចំណាយថវិកាអស់ប្រមាណ៥០ម៉ឺនដុល្លារ។ ព្រះអង្គឱ្យដឹងថា នេះគឺជាគំនិតផ្ដួចផ្ដើមរបស់ព្រះតេជគុណ ហៀក ឡឹង ព្រះចៅអធិការវត្ត និងលោក ហ៊ុន សៀងហេង។
 
ព្រះអង្គ បញ្ជាក់ដូច្នេះថា៖« បើនិយាយទៅ ការឆ្លាក់មួយៗហ្នឹងវាលំបាកណាស់។ រូបខ្លះត្រូវចំណាយពេលដល់៣ ទៅ៦ខែ តាមទំហំ និងរូបជាក់ស្ដែង។ គ្រាន់តែយើងជួលជាង ១ការ៉េថ្លៃ ៥០០ដុល្លារ ហើយផ្ទាំងខ្លះដល់៤០ ឬ៥០ការ៉េ អ៊ីចឹងថ្លៃណាស់»។
 
ព្រះតេជគុណ វ៉ិត បូណា អះអាងថា ចម្លាក់បដិមាថ្មធម្មជាតិទាំងនេះ អាចមានអាយុកាលរហូតដល់ជាង១ពាន់ឆ្នាំ ប្រសិនបើថែរក្សាបានល្អ។ ប៉ុន្តែ ព្រះអង្គ បារម្ភរងការបំផ្លិចបំផ្លាញពីក្រុមមនុស្សខិលខូច ជាងការបំផ្លាញពីធម្មជាតិ៕

រូបភាពពី ព្រះតេជគុណ វ៉ិត បូណា៖




 

Tag:
 ចម្លាក់បដិមា
 ភ្នំគិរីរម្យ
© រក្សាសិទ្ធិដោយ thmeythmey.com