អន្តរជាតិ
របាយការណ៍UN៖ កម្មវិធីអាវុធកូរ៉េខាងជើងនៅតែទៅមុខ ដោយប្រើលុយដែលលួចតាមអនឡាញ
06, Feb 2022 , 4:59 pm        
រូបភាព
កូរ៉េខាងជើង នៅតែអាចបន្តកម្មវិធីអាវុធនុយក្លែអ៊ែរ និងមីស៊ីលបាលីស្ទិកក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយប្រភពចំណូលដ៏សំខាន់មួយសម្រាប់គាំទ្រសកម្មភាពនេះ គឺការវាយប្រហារតាមអ៊ីនធឺណិតលើរូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ។ នេះបើយោងរបាយការណ៍ចេញនៅថ្ងៃទី៤ ខែកុម្ភៈ ដាក់ឱ្យគណៈកម្មាធិការទណ្ឌកម្មកូរ៉េខាងជើងរបស់ក្រុមប្រឹក្សាសន្តិសុខ។

 
«ការពង្រឹង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើងនៅតែបន្ត ហើយកូរ៉េខាងជើង បានបន្តស្វែងរកបច្ចេកវិទ្យា ព្រមទាំងចំណេះ ដឹងសម្រាប់កម្មវិធីទាំងនេះពីក្រៅប្រទេស, តាមអ៊ីនធឺណិត និងការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្ររួមគ្នាទៀតផងដែរ»។ របាយការណ៍ផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខបានបញ្ជាក់បែបនេះ មុនបន្តថា ការវាយប្រហារតាមអ៊ីនធឺណិតពិសេសលើរូបិយប័ណ្ណគ្រីបតូ នៅតែជាប្រភពចំណូលដ៏សំខាន់សម្រាប់គាំទ្រកម្មវិធីអាវុធកូរ៉េខាងជើង។ 
 
បើតាមរបាយការណ៍ប្រចាំឆ្នាំដដែល ក្រុមចោរអ៊ីនធឺណិតរបស់កូរ៉េខាងជើង បានបន្តកំណត់គោលដៅវាយប្រហារស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនរូបិយប័ណ្ណគ្រីបតូ និងការផ្លាស់ប្តូររូបិយប័ណ្ណផ្សេងៗលើប្រព័ន្ធអ៊ីនធឺណិត។ របាយការណ៍ដដែល បញ្ជាក់ថា ភ្នាក់ងារអ៊ីនធឺណិតកូរ៉េខាងជើង បានលួចលុយជាង៥០លានដុល្លារនៅចន្លោះឆ្នាំ២០២០ និងពាក់កណ្តាលឆ្នាំ២០២១ ពីការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូចំនួនបីករណីយ៉ាងតិចនៅអាម៉េរិកខាងជើង អឺរ៉ុប និងអាស៊ី។
 
កាលពីឆ្នាំ២០១៩ អ្នកឃ្លាំមើលការដាក់ទណ្ឌកម្មរបស់ UN ធ្លាប់រាយការណ៍ថា កូរ៉េខាងជើងរកប្រាក់បានប្រមាណ២ពាន់លានដុល្លារសម្រាប់កម្មវិធីអាវុធប្រល័យលោករបស់ខ្លួន ដោយប្រើប្រាស់មធ្យោបាយវាយប្រហារតាមអ៊ីនធឺណិតដ៏ទំនើប។
 
របាយការណ៍នេះ ក៏បានអះអាងថា វិធានការរឹតបន្តឹងដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នៅកូរ៉េខាងជើង បានធ្វើឱ្យពាណិជ្ជកម្មខុសច្បាប់រួមទាំងការជួញដូរទំនិញប្រណិតត្រូវបានកាត់បន្ថយជាច្រើន។ ទោះបីជាបរិមាណ ការនាំចូលខុសច្បាប់នៃប្រេងចម្រាញ់បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈប៉ុន្មានឆ្នាំក្រោយៗនេះក្ដី បរិមាណសរុបស្ថិតក្នុងកម្រិតទាបបើធៀបនឹងជាងឆ្នាំមុនៗដដែល។
 
អ្វីគួរកត់សម្គាល់នោះ របាយការណ៍នេះបានបង្ហាញទៀតថា ស្ថានភាពមនុស្សធម៌នៅកូរ៉េខាងជើងរឹតតែខិតទៅរកភាពអាក្រក់ទៅដែលមួយផ្នែកបណ្ដាលមកពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹង។ ប៉ុន្តែការខ្វះខាតព័ត៌មានពីកូរ៉េខាងជើង ក៏ផ្ដល់ផលលំបាកក្នុងការកំណត់ពីផលប៉ះពាល់នៃទណ្ឌកម្មរបស់ UN ជនស៊ីវិល៕
 

Tag:
 កូរ៉េខាងជើង
  UN
© រក្សាសិទ្ធិដោយ thmeythmey.com