ជាតិ
លោក ឡុង កុសល៖«ការសង់ចម្លងប្រាសាទខ្មែរ មានទាំងផលវិជ្ជមាន និងអវិជ្ជមាន»
06, Feb 2022 , 5:59 pm        
រូបភាព
រូបប្រាសាទ ដែលមានទម្រង់ដូចប្រាសាទតាព្រហ្ម  ~។ រូបពី Blog ឈ្មោះ Lyn DT ដែលបង្ហោះតាំងពីឆ្នាំ២០១៨។
រូបប្រាសាទ ដែលមានទម្រង់ដូចប្រាសាទតាព្រហ្ម ~។ រូបពី Blog ឈ្មោះ Lyn DT ដែលបង្ហោះតាំងពីឆ្នាំ២០១៨។
ភ្នំពេញ៖ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការសង់ចម្លងរចនាបថប្រាសាទខ្មែរ ពីសំណាក់ប្រទេសផ្សេងៗ មានទាំងផលវិជ្ជមាន និងអវិជ្ជមាន។ ផលវិជ្ជមាន គឺនៅពេលមានកិច្ចសហការជាមួយគ្នា ដោយមានការស្នើសុំ និងមានការស្វែងយល់អំពីតម្លៃ និងអំពីរចនាបថខ្មែរ។ ចំណែកការជះផលអវិជ្ជមានវិញ គឺនៅត្រង់ការចម្លងខ្លះ ធ្វើឡើងដោយកេងយកប្រយោជន៍ ពីភាពល្បីល្បាញរបស់បេតិកភណ្ឌខ្មែរ ដែលគ្មានការពិគ្រោះ ការស្នើសុំ ហើយយកកិច្ចការនោះ ទៅធ្វើជាការរកផលចំណេញផ្ទាល់ខ្លួន។


 
តាមរយៈបណ្ដាញសង្គម ថ្មីៗនេះមានការចាប់អារម្មណ៍ច្រើនពីសាធារណជន ចំពោះព័ត៌មានដែលថាប្រទេសវៀតណាម បានលួចសង់ចម្លងរចនាបថប្រាសាទខ្មែរ។ 
 
លោក ឡុង កុសល បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា ក៏ទទួលបានព័ត៌មានពីការសង់ចម្លងផ្នែកមួយចំនួននៃប្រាសាទខ្មែរ នៅប្រទេសវៀតណាម តាមរយៈបណ្ដាញសង្គមដែរ។ លោកបន្ថែមទៀតថា តាមវីដេអូដែលលោកបានឃើញ នៅទីក្រុងដាណាងប្រទេសវៀតណាម មានការសាងសង់ផ្នែកខ្លះ នៃប្រាសាទតាព្រហ្ម និងខ្លោងទ្វារចូលប្រាសាទអង្គរវត្ត។ លោក កុសល ថាអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បាន និងកំពុងសិក្សាលើការងារនេះ ដោយធ្វើរបាយការណ៍សរុបបច្ចេកទេស ជូនទៅក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីទាក់ទងជាមួយប្រទេសវៀតណាម ពិនិត្យលើបញ្ហានេះ។
 
ទោះជាយ៉ាងណាក៏ដោយ លោក ឡុង កុសល បានសង្កត់ធ្ងន់ថា ការចម្លងប្រាសាទខ្មែរ ពីសំណាក់ប្រទេសនានា បានផ្ដល់ផលទាំងវិជ្ជមាន និងអវិជ្ជមាន។ ផលវិជ្ជមានដូចជា នៅពេលភាពល្បីល្បាញរបស់បេតិកភណ្ឌខ្មែរ ស្នាដៃដ៏អស្ចារ្យរបស់ដូនតាខ្មែរ ដែលពិភពលោក មានការស្ងើចសរសើរ និងមានការស្រឡាញ់ ធ្វើឱ្យប្រទេសខ្លះឬតំបន់ខ្លះ ចាប់អារម្មណ៍ ហើយបានផ្សព្វផ្សាយដើម្បីបង្កើនភាពល្បីរន្ទឺ ឱ្យកាន់តែខ្លាំងឡើងថែមទៀត។ 
 
ក្នុងករណីនេះ មានកិច្ចសហការជាមួយគ្នា ដោយមានការស្នើសុំ និងមានការស្វែងយល់អំពីតម្លៃ អំពីរចនាបថ និងពេលខ្លះកម្ពុជា ថែមទាំងបានបញ្ជូនអ្នកបច្ចេកទេស ទៅជួយពិនិត្យមើល កែតម្រូវឱ្យមានភាពសមរម្យ ព្រមទាំងបានផ្សព្វផ្សាយតម្លៃ និងប្រវត្តិសាស្ត្រពិតប្រាកដ របស់ប្រទេសកម្ពុជាទៀតផង។ 
 
ក្នុងទម្រង់កិច្ចសហការបែបនេះ បើទោះបីជាមានការប្រើប្រាស់ ដើម្បីផលប្រយោជន៍ និងការទាក់ទាញខ្លះៗក៏ដោយ ក៏កម្ពុជានៅតែយល់ថា នេះជាកិច្ចសហការ និងការគោរពគ្នាទៅវិញទៅមក រវាងបេតិកភណ្ឌនៃប្រទេសមួយ និងប្រទេសមួយទៀត។ កម្ពុជាស្វាគមន៍ ព្រមទាំងលើកទឹកចិត្ត ព្រោះកិច្ចសហការទាំងនេះ មានការពិភាក្សាគ្នា។ លោក កុសល បន្ថែម៖«ផ្នែកណាមួយដែលយើងយល់ថាអនុញ្ញាត គួរតែត្រូវបានផ្សព្វផ្សាយ ដើម្បីឱ្យពិភពលោកស្គាល់បន្ថែមទៀត អំពីប្រទេសកម្ពុជា»។ 
 
ចំណែកផលអវិជ្ជមានវិញ គឺការចម្លងខ្លះ ធ្វើឡើងដោយកេងយកប្រយោជន៍ ពីភាពល្បីល្បាញរបស់បេតិកភណ្ឌខ្មែរ ដែលគ្មានការពិគ្រោះ ការស្នើសុំ ហើយយកកិច្ចការនោះ ទៅធ្វើជាការរកផលចំណេញផ្ទាល់ខ្លួន។ លោក ឡុង កុសល ថានេះជាការប្រកួតប្រជែងមិនស្មោះត្រង់។  អ្នកនាំពាក្យរូបនេះ សង្កត់ធ្ងន់ថា ការចម្លងដោយពុំបានសុំការអនុញ្ញាត ពេលខ្លះក៏មានការផ្សព្វផ្សាយនូវព័ត៌មានមិនច្បាស់ ប្រវត្តិមិនច្បាស់លាស់ ឬមានបំណងចង់បំភ័ន្តបំភ្លៃប្រវត្តិសាស្ត្រ ឬតម្លៃនៃស្នាដៃ។ ការចម្លងបែបនេះ អាចធ្វើឱ្យមហាជនមានការភ័ន្តច្រឡំ ដែលផលអវិជ្ជមាននេះ ប៉ះពាល់ដល់ប្រទេស និងប្រជាជនខ្មែរ។ អ្នកដែលបានលួចចម្លងនោះទៀតសោត ក៏អាបយស ព្រោះខ្វះក្រមសីលធម៌ ពុំមានការយល់ដឹងពីច្បាប់ច្បាស់លាស់ អំពីតម្លៃនៃកិច្ចការពារបេតិកភណ្ឌពិភពលោក ដែលមនុស្សជាតិទាំងអស់ ត្រូវចូលរួមថែរក្សា។
 
«បើសិនមានការចម្លងណាមួយក្នុងប្រទេសយើង ជារឿងងាយស្រួល ព្រោះយើងចាំបាច់ត្រូវណែនាំ ប្រជាជនយើង ដើម្បីឱ្យមានការស្នើសុំសិទ្ធិពីគេ ត្រូវស្វែងយល់អំពីតម្លៃ និងត្រូវគោរពបេតិកភណ្ឌរបស់គេ ដែលមានក្នុងពិភពលោក។ ប៉ុន្តែប្រសិនបើករណីនេះមាននៅក្រៅស្រុក សំខាន់គឺយើងប្រមូលព័ត៌មាន ឱ្យបានច្បាស់លាស់គ្រប់គ្រាន់ ហើយទំនាក់ទំនងជាមួយស្ថាប័ន ដែលមានសមត្ថកិច្ចក្រៅប្រទេស ដូចជាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតរបស់ខ្មែរ ដើម្បីទាមទារឱ្យមានការរពិនិត្យឡើងវិញ ហាមឃាត់ និងទប់ស្កាត់នូវរូបភាពបែបនេះ»។ នេះជាការពន្យល់របស់លោក ឡុង កុសល។ 
 
អ្នកនាំពាក្យរូបនេះ បន្ថែមថា ក្នុងករណីដែលការចម្លងនោះ ធ្វើឡើងនៅទីកន្លែងទេសចរណ៍ កម្ពុជាអាចតវ៉ា ទៅអង្គការទេសចរណ៍ពិភពលោក ឱ្យមានការពិនិត្យ ណែនាំ ព្រមានក្រុមហ៊ុន ឬភ្នាក់ងារណា ដែលបានលួចប្រើប្រាស់តម្លៃបេតិកភណ្ឌរបស់ជនជាតិមួយទៀត ដែលគ្មានការគោរព ខ្វះនូវក្រមសីលធម៌ និងព្រមាន ឬដាក់ទណ្ឌកម្មដល់ក្រុមណាមួយ ឬតំបន់ណាមួយ ដែលបានចម្លងបំភ្លៃប្រវត្តិសាស្ត្ររបស់បេតិកភណ្ឌនោះ តាមរយៈក្រសួងទេសចរណ៍។ លោក ឡុង កុសល បន្ថែមដូច្នេះ៖«ប៉ុន្តែខ្ញុំយល់ថា យើងពុំដែលមានករណីនេះទេ។ ធម្មតាបើមានការពិភាក្សា តែងតែផ្ដល់មកនូវការសម្របសម្រួល និងការយល់គ្នាទៅវិញទៅមក។ ដូច្នេះរឿងអ្វីទាំងអស់ គឺយើងដោះស្រាយតាមការពិភាក្សា ការអនុវត្តនូវគតិយុត្តិនានា  ដែលមានជាធរមាន ទាំងក្នុងកម្រិតជាតិ កម្រិតតំបន់ និងកម្រិតអន្តរជាតិ។ តែយ៉ាងណាក្ដី ក្នុងនាមជាកូនខ្មែរ យើងតែងតែប្រឹងប្រែងថែរក្សា នូវតម្លៃនៃបេតិកភណ្ឌដូនតារបស់យើង»។ 
 
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បញ្ជាក់ថា លោកពុំមានការព្រួយបារម្ភ អំពីការបាត់បង់ភ្ញៀវទេសចរ ដោយសារតែការចម្លងរចនាបថប្រាសាទខ្មែរ នៅប្រទេសនានាឡើយ។ លោកជឿថា ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរ ជុំវិញពិភពលោក មិនចោលគ្រាប់ពេជ្រ ទៅរើសដុំក្រួសឡើយ។ លោក កុសល អះអាង៖«ភ្ញៀវទេសចរអន្តរជាតិ គឺសុទ្ធតែឆ្លាតវាងវៃ គេធ្វើដំណើរ ពីកន្លែងមួយទៅកន្លែងមួយទៀត ដើម្បីស្វែងយល់អំពីតម្លៃពិភពលោក និងតម្លៃបេតិកភណ្ឌពិភពលោក ដែលទូលំទូលាយ ។ ប្រសិនបើគេចំណាយលុយទិញសំបុត្រយន្តហោះ ធ្វើដំណើរជុំវិញពិភពលោក គឺដើម្បីទៅទស្សនាដុំពេជ្រ មិនមែនទៅទស្សនាដុំក្រួសនោះទេ»។ 
 
លោក ឡុង កុសល ក៏បានរំលឹកផងដែរថា កន្លងមកក៏ធ្លាប់មានការចម្លងប្រាសាទ ឬតំបន់មួយចំនួន ដែលជាស្នាដៃបេតិកភណ្ឌពិភពលោក របស់ខ្មែរដែរ។ លោកថាកាលកម្ពុជា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសបារាំង ក៏មានការចម្លងប្រាសាទអង្គរវត្តទាំងមូល នៅឆ្នាំ១៩៣១ ក្នុងពិព័រណ៍អន្តរជាតិ នាទីក្រុងប៉ារីស។ ក៏មានការធ្វើផ្នែកខ្លះនៃប្រាសាទខ្មែរ និងព្រះបរមរាជវាំងខ្មែរ នៅប្រទេសចិន ដោយការចម្លងនោះ មានកិច្ចសហការពីខ្មែរ។ 
 
ប៉ុន្តែក៏មានកន្លែងខ្លះ បានចម្លងដោយមិនបានស្នើសុំ ឬជូនដំណឹងមកខ្មែរ ដែលជាម្ចាស់នៃបេតិកភណ្ឌពិភពលោកជាមុនដែរ។ លោក ឡុង កុសល ក៏បានកត់សម្គាល់ឃើញដែរថា៖«ការចម្លងខ្លះអាចមានរូបភាព និងគោលបំណងខុសៗគ្នា។ ការចម្លងខ្លះ ឬយកភាគខ្លះនៃប្រាសាទអង្គរវត្តបន្តិច ប្រាសាទបន្ទាយឆ្មារបន្តិច ប្រាសាទតាព្រហ្មបន្តិច ធ្វើឡើងក្នុងបំណងឃោសនារកប្រាក់ចំណូល ដោយប្រើប្រាស់ភាពល្បីល្បាញ របស់ប្រាសាទខ្មែរតែម្ដង។ រីឯការចម្លងខ្លះទៀត មានគំនិតច្នៃប្រឌិត ដោយធ្វើទាំងមូលតែម្ដង គ្រាន់តែទំហំតូចជាង។ ប៉ុន្តែគេប៉ុនប៉ងប្រើប្រាស់ ភាពល្បីល្បាញនៃរបស់នោះ ដើម្បីបំភ័ន្តថាជារបស់ផ្ទាល់ខ្លួនទៅវិញ»៕ 

Tag:
 វប្បធម៌
  បេតិកភណ្ឌ
  ប្រាសាទ
  អង្គរវត្ត
  ការចម្លង
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com