អន្តរជាតិ
ហេតុអ្វីបានជារុស្ស៊ីគ្រប់គ្រងដែនដីយុទ្ធសាស្រ្តមួយ ក្នុងតំបន់អឺរ៉ុប ដែលឆ្ងាយពីខ្លួន?
06, Feb 2022 , 7:39 pm        
រូបភាព
នៅក្នុងផែនទីពិភពលោក មនុស្សភាគច្រើន អាចសម្គាល់ បានភ្លាមដែនដីដ៏ធំមហាសាលរបស់រុស្ស៊ី។  បើទោះមានដែនដីធំ រុស្ស៊ីបានគ្រប់គ្រងដែនដីតូចមួយនៅក្នុងទ្វីបអឺរ៉ុប ជាប់ជាមួយលីទុយអានី ប៉ូឡូញ និងសមុទ្របាល់ទិក។ ដែនដីនោះ មានចម្ងាយប្រមាណ ៣០០គីឡូម៉ែត្រពីរុស្ស៊ី។ 

 
រុស្ស៊ីត្រូវបានបែងចែកជា៨៥រដ្ឋ, តំបន់ និងទីក្រុង។ ក្នុងចំណោមនោះ តំបន់មួយ ដែលមានឈ្មោះ «កាលីនីនក្រាដ (Kaliningrad)» មានទីតាំងនៅក្នុងតំបន់អឺរ៉ុបតែម្ដង និងស្ថិតនៅចម្ងាយប្រមាណ៣០០គីឡូម៉ែត្រពីរុស្ស៊ី។ តំបន់នេះ មានប្រជាជនរស់នៅតិចជាង ១លាននាក់ និងមានដែនដីទំហំប្រមាណ ១៥០០០ គីឡូម៉ែត្រក្រឡា (ប្រហាក់ប្រហែលនឹងទីម័រខាងកើត)។ 
 
រឿងរ៉ាវកាលីនីនក្រាដធ្លាក់ចូលការគ្រប់គ្រងរបស់រុស្ស៊ី បានចាប់ផ្តើមឡើងនៅពេលសង្គ្រាមលោកលើកទី២ ត្រូវបានបញ្ចប់។ នៅពេលចាញ់សង្គ្រាម ដែនដីអាល្លឺម៉ង់ភាគច្រើន ត្រូវបានដកហូត។ ក្នុងកិច្ចព្រមព្រៀង Potsdam ឆ្នាំ១៩៤៥ រវាងប្រទេសឈ្នះសង្រ្គាម ក្នុងនោះមានដូចជា អាមេរិក អង់គ្លេស និងសហភាពសូវៀត តំបន់កាលីនីនក្រាដមួយនេះ ត្រូវបានយល់ព្រមកាត់ទៅឲ្យសហភាពសូវៀត ដោយគ្មានការជំទាស់ឡើយ។ នេះ គឺដោយសារ តំបន់កាលីនីនក្រាដ ត្រូវបានរំដោះដោយកងទ័ពសូវៀត មុនអាល្លឺម៉ង់ចាញ់សង្រ្គាម ហើយបន្ទាប់មក ប្រជាជនសូវៀត បានចាប់ផ្តើមរស់នៅទីនោះជាបន្តបន្ទាប់។ ម្យ៉ាងវិញទៀត ភាពក្រខ្សត់ក្រោយសង្គ្រាម បានធ្វើឲ្យប្រទេសនានានៅជុំវិញតំបន់កាលីនីនក្រាត មិនចង់អភិវឌ្ឍដែនដីនេះប៉ុន្មានឡើយ។ 


រដ្ឋ កាលីនីនក្រាដ របស់រុស្ស៊ី។ រូបភាព៖ Google Maps
 
ក្រោយសង្គ្រាមលោកលើកទី២ មេដឹកនាំសូវៀត លោក ចូសេប ស្តាលីន ចង់បានដែនដីកាលីនីនក្រាដ ក្រោមហេតុផលចំនួន៣ធំៗ។ កាលីនីនក្រាដ ជាតំបន់ជាប់នឹងសមុទ្រមិនមានទឹកកក និងផលភាពងាយស្រួលសម្រាប់ការធ្វើនាវាចរណ៍គ្រប់រដូវ។ មិនតែប៉ុណ្ណោះ វាមានទីតាំងនៅក្បែរប្រទេសដទៃៗទៀតនៅក្នុងទ្វីបអឺរ៉ុប ដែលអាចឱ្យសូវៀតរៀបចំមូលដ្ឋានយោធា និងពង្រីកឥទ្ធិពល។ ចុងក្រោយ កាលីនីនក្រាដ ក៏ជាទីក្រុងធំមួយនៅក្បែរសហភាពសូវៀតផងដែរ។ ហេតុដូចនេះ វាអាចបង្កភាពងាយស្រួលក្នុងការវាយប្រហារ, ដកទ័ព និងធ្វើសង្គ្រាមនៅថ្ងៃខាងមុខ។ 
 
មុនឆ្នាំ ១៩៩១ លីទុយអានីដែលមានទីតាំងនៅភាគខាងកើតកាលីនីនក្រាដ ក៏ធ្លាប់ជាដែនដីរបស់សហភាពសូវៀតដែរ។ ក្រោយការដួលរលំសហភាពសូវៀតនៅឆ្នាំ ១៩៩១ ប្រទេសជាច្រើន ក៏ដូចជាលីទុយអានី បានទទួលឯករាជ្យភាព។ ពេលនោះ កាលីនីនក្រាដ មិនជាប់ដែនដីចម្បងរុស្ស៊ី ដែលបន្តវេនពីសហភាពសូវៀតឡើយ។ ប៉ុន្មានឆ្នាំក្រោយ ប៉ូឡូញ និងលីទុយអានី បានចូលជាសមាជិកសម្ព័ន្ធយោធាណាតូ និងបានក្លាយជាសមាជិកសហភាពអឺរ៉ុប។ 
 
ភាពផ្លាស់ប្ដូរទាំងអស់នេះ បានធ្វើឲ្យតំបន់កាលីនីនក្រាដ ស្ថិតនៅចម្ងាយឆ្ងាយពីដែនដីរបស់រុស្ស៊ី។ ហេតុនេះ ទើបមានដែនដីរុស្ស៊ីតូចមួយ ក្នុងទីតាំងដ៏ជ្រៅនៅទ្វីបអឺរ៉ុប។ អ្នកជំនាញមួយចំនួន បានកត់សម្គាល់ថា  ដែនដីមួយនេះ អាចនឹងក្លាយជាតំបន់ក្តៅ សម្រាប់ធ្វើសង្គ្រាម នៅក្នុងថ្ងៃខាងមុខ៕ 
 
 

Tag:
 រុស្ស៊ី
  អឺរ៉ុប
  ប៉ូឡូញ
  លីទុយអានី
© រក្សាសិទ្ធិដោយ thmeythmey.com