អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បារាំងចម្រាញ់បេក្ខជនប្រធានធិបតីរបៀបណា មុនការបោះឆ្នោតជុំទីមួយមកដល់ខែមេសា?
06, Feb 2022 , 5:13 pm        
រូបភាព
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ស្ថិតក្នុងយុទ្ធនាការស្វែងរកសំឡេងគាំទ្រកាលពីឆ្នាំ ២០១៧។ រូបភាព AP
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ស្ថិតក្នុងយុទ្ធនាការស្វែងរកសំឡេងគាំទ្រកាលពីឆ្នាំ ២០១៧។ រូបភាព AP
សាធារណរដ្ឋបារំាងកំពុងស្ថិតក្នុងដំណាក់កាលចម្រាញ់បេក្ខជនប្រធានាធិបតី មុនពេលបោះឆ្នោតប្រធានាធិបតីជុំទីមួយមកដល់ក្នុងរយៈពេលប្រហែល ២ខែខាងមុខ។ ដំណាក់កាលចម្រាញ់បេក្ខជននេះគឺ សំដៅដល់លក្ខខណ្ឌដែលកំណត់ឱ្យបេក្ខជនម្នាក់ៗស្វែងរកសំឡេងគាំទ្រឱ្យបានយ៉ាងហោចណាស់ ៥០០ ពីមន្ត្រីដែលជាប់បោះឆ្នោតទូទាំងប្រទេស។  

ថ្វីបើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងជុំទីមួយនឹងមកដល់នៅថ្ងៃ១០ ខែមេសា ក៏ដោយ ដំណើរការនៃការជម្រុះបេក្ខជនដែលមានគុណវុឌ្ឍិ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលប្រជែងតំណែងកំពូលរបស់រដ្ឋនេះទើបតែចាប់ផ្តើមពីថ្ងៃ ៤ខែកុម្ភៈនេះទេ និងមានរយៈពេលចំនួនបួនសប្តាហ៍។ បទបញ្ញត្តិនេះដែរ ត្រូវបានដាក់ចេញក្នុងគោលបំណងចម្បងកំណត់ចំនួនបេក្ខជនប្រធានាធិបតីដែលមានត្រូវមានឈ្មោះលើសន្លឹកឆ្នោត។
 
បើតាមសារព័ត៌មានបារាំង France 24 លក្ខខណ្ឌចម្រាញ់បេក្ខជនប្រធានាធិបតីនេះត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ១៩៧៦ ដោយតម្រូវឱ្យបេក្ខជនម្នាក់ៗដែលប៉ងប្រកួតយកតំណែងប្រធានាធិបតី ប្រមូលហត្ថលេខាគាំទ្រពីមន្ត្រីជាប់ឆ្នោតទូទាំងប្រទេសឱ្យបានយ៉ាងហោចណាស់ ៥០០។ បេក្ខជនរូបណាដែលបំពេញលក្ខខណ្ឌនេះ នឹងអាចរុញបេក្ខភាពរបស់ខ្លួនទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញដើម្បីសម្រេចបើកផ្លូវឱ្យចូលប្រកួតជាផ្លូវការ។
 
មន្ត្រីជាប់ឆ្នោតនោះជាអ្នកណា?
 
មុននឹងឈានទៅបកស្រាយពីមន្ត្រីជាប់ឆ្នោត អ្នកអានត្រូវយល់ពីការបែងចែកតំបន់រដ្ឋបាលរបស់បារាំងជាមុនសិន។ ការគ្រប់គ្រងរដ្ឋបាលរបស់បារាំងត្រូវបានបែងជា១៨ តំបន់ ក្នុងនោះមាន ១៣ ស្ថិតនៅក្នុងតំបន់អឺរ៉ុបផ្ទាល់ និងប្រាំតំបន់ទៀតជាទឹកដីដែលស្ថិតនៅឯនាយសមុទ្រ។  តំបន់នីមួយៗក៏ត្រូវបានបែងចែកជា អង្គរដ្ឋបាលដែលមានឈ្មោះថា «ដេប៉ាតឺម៉ង់» ហើយបច្ចុប្បន្ននេះបារាំងមានដេប៉ាតឺម៉ង់សរុបចំនួន ១០១។ ដេប៉ាតឺម៉ង់នេះក៏ត្រូវបានបែងចែកបន្តទៀតជា ក្រុង ដែលបច្ចុប្បន្នក្រុងមានចំនួនសរុប ៣៤៩៦៥។ ចំណែកដេប៉ាតឺម៉ង់នីមួយៗត្រូវបានគ្រប់គ្រងដោយអង្គនីតិប្រតិបត្តិមួយដែលគេហៅថា ក្រុមប្រឹក្សាដេប៉ាតឺម៉ង់ដែលជ្រើសរើសតាមការបោះឆ្នោត។ 
 
ដូចបានពន្យល់ខាងលើនេះ បេក្ខជនប្រធានាធិបតីត្រូវស្វែងរកការគាំទ្រពីមន្ត្រីជាប់ឆ្នោតនៅទូទាំងប្រទេសដែលចេញទាំងដេប៉ាតឺម៉ង់ទាំង ១០១។ ក្នុងចំណោមនោះមាន ចៅហ្វាយក្រុង សមាជិកព្រឹទ្ធសភា សមាជិកសភាជាតិ សភាថ្នាក់តំបន់ និងសមាជិកក្រុមប្រឹក្សាដេប៉ាតឺម៉ង់ រួមជាមួយតំណារាស្ត្របារាំងដែលកំពុងបំពេញការងារជាសមាជិកសភាអឺរ៉ុប។   ប្រធានក្រុមប្រឹក្សាក្រុងប៉ារីស ប្រធាននៃក្រុមប្រឹក្សាប្រតិបត្តិនៃទឹកដី Corsica and Martinique ប្រមុខរដ្ឋាភិបាលនៃទឹកដីបារាំងនៅឯនាយសមុទ្រ ប៉ូលីណេស៊ី និង នូវែលកាលេដូនី (New Caledonia) សមាជិកនៃសភាតំណាងប្រជាជនបារាំងនៅបរទេសជាដើម។

បេក្ខជនប្រធានាធិបតីម្នាក់ត្រូវធានាថា សំឡេងគាំទ្រដែលខ្លួនរកបានត្រូវតំណាងឱ្យ ដេប៉ាតឺម៉ង់ មិនតិចជាង ៣០ ក្នុងចំណោមដេប៉ាតឺម៉ង់ទាំងអស់ ហើយនៅក្នុងដេប៉ាតឺម៉ង់នីមួយៗ បេក្ខជនរូបនោះក៏មិនអាចទទួលហត្ថលេខាគាំទ្រលើសពី ៥០ បានដែរ។
 
បើតាមក្រសួងមហាផ្ទៃបារាំង មន្ត្រីជាប់ឆ្នោតថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានរហូតដល់ ៤២,៤៣៣ នាក់ដែលកាន់ត្រូវបានបោះឆ្នោតឱ្យកាន់តំណែងផ្លុវការសរុប ៤៥, ១៦៧ ដែលវាមានន័យថា មន្ត្រីម្នាក់កាន់តំណែងនយោបាយច្រើនជាងមួយ។ យ៉ាងណាមិញ មន្ត្រីម្នាក់មានសិទ្ធិគាំទ្របេក្ខជនម្នាក់ប៉ុណ្ណោះហើយរាល់ការសម្រេចចិត្តគឺត្រូវចាត់ទុកថា ផ្លូវការមិនអាចផ្លាស់ប្តូរបានឡើយ។ ដូច្នេះហើយក្នុងករណីដែលបេក្ខជនណាមួយសម្រេចបោះបង់បេក្ខភាពរបស់ខ្លួនពាក់កណ្តាលទី សំឡេងគាំទ្រដែលគេប្រមូលបានមិនអាចផ្ទេរទៅឱ្យបេក្ខជនផ្សេងទៀតឡើយ។
 
បន្ទាប់ពីទទួលស្គាល់សំឡេងគាំទ្ររបស់បេក្ខជនរកបាន និងទទួលលិខិតប្រកាសទ្រព្យសម្បត្តិទាំងប្រាក់ចំណូល និងផលប្រយោជន៍នានានៃជំនួញរបស់ខ្លួន ក្រុមប្រឹក្សាធម្មនុញ្ញនឹងផ្តល់ការអនុញ្ញាតផ្លូវការដល់បេក្ខជនទាំងនោះដើម្បីឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោត។ សម្រាប់ឆ្នាំ ២០២២នេះ រដ្ឋាភិបាលត្រូវប្រកាសបញ្ជីឈ្មោះបេក្ខជនប្រធានាធិបតីជាផ្លូវការមិនឱ្យលើសថ្ងៃទី ១១ ខែមីនាឡើយ។  
 
ត្រឡប់មកវិញ ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២២ នេះដែរ បេក្ខជនមិនតិចជាង ៤០នាក់ទេដែលបានបង្ហាញបំណងចូលរួមប្រជែងយកតំណែងប្រមុខរដ្ឋ ឬអាចនិយាយម្យ៉ាងទៀតបានថា ប្រជែងជាមួយប្រធានធិបតីជិតផុតអាណត្តិលោក អេម៉ានុយអែល ម៉ាក្រុង។ យ៉ាងណាមិញ វាហាក់បីដូចជារឿងលំបាកខ្លាំងសម្រាប់បេក្ខជនភាគច្រើន ដើម្បីឈានទៅប្រមូលហត្ថលេខាគាំទ្រខ្លួនត្រឹម ៥០០ ពីមន្ត្រីជាប់ឆ្នោត ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីផ្លូវការ។
 
យ៉ាងណាមិញ វាមានភាគរយច្រើន ដែលអ្នកនយោបាយកណ្តាលនិយមដូចជាលោក ម៉ាក្រុង ទំនងជានឹងឈ្នះការបោះឆ្នោតសម្រាប់អាណត្តិទីពីរ ថ្វីបើការដឹកនាំរបស់លោកប្រឈមរឿងចម្រូងចម្រាសច្រើននាពេលកន្លងមកក៏ដោយចុះ។ យ៉ាងណាមិញលោកនឹងត្រូវប្រឈមនឹងការប្រកួតប្រជែងខ្លាំងក្លាជាមួយបេក្ខជនមានប្រជាប្រិយភាពផ្សេងទៀត ដូចជាអ្នកនយោបាយកណ្តាលលម្អៀងស្តាំលោកស្រី Valérie Pécresse នៃបក្សសាធារណរដ្ឋ និងអ្នកនយោបាយស្តាំនិយមជ្រុលដូចជា លោកស្រី ម៉ារី ឡឺប៉ែន នៃបក្សរួមរួមកម្លាំងជាតិ ឬ (Rassemblement National) ក៏ដូចជា លោក Eric Zemmour នៃបក្សជ័យជម្នះជាថ្មី ឬ បក្ស Reconquête ផងដែរ៕  
 
 

© រក្សាសិទ្ធិដោយ thmeythmey.com