អន្តរជាតិ
ធនាគារពិភពលោក អនុម័តផែនការប្រើប្រាស់មូលនិធិអាហ្វហ្កានីស្ថានជាង ១ពាន់លានដុល្លារ
19, Feb 2022 , 4:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ធនាគារពិភពលោក បានអនុម័តផែនការប្រើប្រាស់ថវិកា ចំនួន១ពាន់លានដុល្លារ នៃមូលនិធិ អាហ្វហ្គានីស្ថានដែលត្រូវបានបង្កក នាពេលកន្លងមក ដើម្បីយកទៅគាំទ្រកម្មវិធីអប់រំ, កសិកម្ម, សុខភាព និងគ្រួសារអាហ្វហ្កានីស្ថាន។​ ការណ៍នេះ នឹងជួយជំរុញដ៏សំខាន់ ដល់កិច្ចខិតខំដើម្បីបន្ធូរបន្ថយវិបត្តិមនុស្សធម៌ និងសេដ្ឋកិច្ចប្រទេសមួយនេះ ដែលកំពុងស្ថិតក្នុងសភាពដុនដាប។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែកុម្ភៈ។

 
ទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារនៅក្នុងទុនបម្រុងរបស់ធនាគារកណ្តាលអាហ្វហ្កានីស្ថាន,  មូលនិធិដែលគ្រប់គ្រងដោយធនាគារពិភពលោក និងជំនួយហិរញ្ញវត្ថុបរទេសផ្សេៗត្រូវ បានបង្កក បន្ទាប់ពីក្រុមតាលីបង់ឡើងកាន់អំណាច ដើម្បីរក្សាទ្រព្យធនទាំងនោះ។ ទន្ទឹមនេះ អង្គការសហប្រជាជាតិ (UN) បានព្រមានថាមនុស្សជិត ២៣ លាននាក់ កំពុងប្រឈមនឹង កម្រិតនៃភាពអត់ឃ្លានខ្លាំង។ ការណ៍នេះ សហគមន៍អន្តរជាតិមួយចំនួនបានស្នើឱ្យ មានការបន្ធូរបន្ថយ និងបញ្ឈប់ការបង្កកទ្រព្យធន ដើម្បីស្រោចស្រង់វិបត្តិផ្សេងៗនៅ អាហ្វហ្កានីស្ថាន។
 
ដើម្បីបញ្ចៀសកុំឱ្យទ្រព្យធនធ្លាក់ក្នុងដៃក្រុមតាលីបង់ ប្រាក់មូលនិធិអាហ្វហ្កានីស្ថាន Trust Reconstruction Trust (ARTF) នឹងត្រូវចែកចាយ តាមទីភ្នាក់ងារ UN។ បើតាមគម្រោងរបស់ធនាគារពិភពលោក  ផែនការនេះ មានគោលបំណង ធ្វើឱ្យមានភាពបត់បែន ក្នុងការចែកចាយមូលនិធិ៦០០លានដុល្លារ ចំនួន៤​លើក ហើយប្រាក់ដែលនៅសល់ នឹងត្រូវបែងចែកសម្រាប់ចំណាយលើបញ្ហាចាំបាច់ ក្នុងរយៈពេលមួយឆ្នាំនេះ។
 
បន្ថែមពីនេះ ឯកសារធនាគារពិភពលោកដដែល បានបញ្ជាក់ថា គោលបំណងនៃការអនុម័តនេះ គឺ ដើម្បីការពារជនដែលងាយរងគ្រោះ ជួយថែរក្សាធនធានមនុស្ស និងស្ថាប័នសេដ្ឋកិច្ច និងសង្គមសំខាន់ៗ ព្រមទាំងជួយកាត់បន្ថយតម្រូវការសម្រាប់ជំនួយមនុស្សធម៌នាពេល អនាគតផងដែរ។ ធនាគារពិភពក៏បានអំពាវនាវឱ្យប្រើប្រាស់មូលនិធិនេះសម្រាប់កម្មវិធី សន្តិសុខស្បៀង សុខភាពនិងការអប់រំ ព្រមទាំងការលើកកម្ពស់ស្ត្រី និងកុមារីក្នុងសង្គម។
 
លើសពីនេះ ឯកសារធនាគារពិភពលោក បានស្នើប្រាក់ចំនួន១៥០លានដុល្លារ ដើម្បីចែក ចាយតាមរយៈអង្គការយូនីសេហ្វសម្រាប់ប្រាក់ឧបត្ថម្ភដល់គ្រូបង្រៀនជាង២០ម៉ឺននាក់ ដែលមិនត្រូវបានទទួលប្រាក់ខែជាងប្រាំមួយខែ។ ទឹកប្រាក់ចំនួន១០០លានដុល្លារ ផ្សេងទៀតនឹងត្រូវចំណាយលើការកែលម្អភាពរឹងមាំរបស់សហគមន៍ ១៥០លានដុល្លារទៅ ២០០ លានដុល្លារនឹងប្រើសម្រាប់សន្តិសុខស្បៀងអាហារ និង១៥០ លានដុល្លារទៀត សម្រាប់កម្មវិធីសុខភាព៕
 

Tag:
 អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com