អន្តរជាតិ
អាម៉េរិក ធ្វើសមយុទ្ធប្រឆាំងភេរវកម្មជាមួយប្រទេសអាហ្វ្រិក
21, Feb 2022 , 9:59 pm        
រូបភាព
សមយុទ្ធប្រឆាំងភេរវកម្មដែលដឹកនាំដោយអាម៉េរិក និងចូលរួមដោយកម្លាំងប្រទេសអាហ្វ្រិក បានចាប់ផ្ដើមនៅថ្ងៃទី២១ ខែកុម្ភៈក្នុងទឹកដីកូតឌីវ័រ។ សមយុទ្ធនេះ ជាការពង្រឹងសមត្ថភាពកម្លាំងក្នុងតំបន់ដែលរងការវាយប្រហារដោយក្រុមជ្រុលនិយម ស្របពេលដែលវិបត្តិនយោបាយក្នុងប្រទេសខ្លះបង្កជាការរាំងស្ទះដល់យុទ្ធនាការប្រឆាំងក្រុមភេរវកម្មរហូតដល់ថ្នាក់បារាំងសម្រេចដកទ័ពនៅម៉ាលីថែមទៀត។



សមយុទ្ធឈ្មោះ Flintlock ដែលប្រមូលផ្តុំទាហានជាង ៤០០ នាក់មកពីទូទាំងទ្វីបអាហ្រ្វិកប៉ែកខាង​លិច បានចាប់ផ្ដើមដើម្បីពង្រឹងជំនាញរបស់ពួកគេក្រោមការហ្វឹកហ្វឺនពីសំណាក់ទ័ពអាម៉េរិក។ កងទ័ពកូតដីវ័រ កាមេរូន ហ្កាណា និងនីហ្សេ ចូលរួមក្នុងលំហាត់ ដោយមានការគាំទ្រពីបារាំង អង់គ្លេស កាណាដា អូទ្រីស និងហូឡង់។ ​​ហ្គីណេ និង​ម៉ាលី និង​បួគីណាហ្វាសូ​ដែល​បានរង​ការ​វាយ​ប្រហារ​ធ្ងន់ធ្ងរ​ពីក្រុម​ជ្រុលនិយមនៃតំបន់ Sahel មិនបញ្ជូនយោធាចូលរួមឡើយ។
 
ប្រទេសទាំងបីនេះ កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់យោធាដែលធ្វើរដ្ឋប្រហារបន្តកន្ទុយគ្នាតាំងពីឆ្នាំ ២០២០ ដែលការណ៍នេះបានបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអស្ថិរភាពក្នុតំបន់។
 
មេបញ្ជាការ​ប្រតិបត្តិការ​ពិសេស​អាម៉េរិក​ប្រចាំ​ទ្វីបអាហ្វ្រិក ឧត្តមនាវី Jamie Sands លើកឡើងថា ការ​ផ្តោតសំខាន់នៃកម្មវិធីហ្វឹកហ្វឺន Flintlock គឺការចែករំលែកព័ត៌មាន។ លោកក៏បានសង្កត់ធ្ងន់ថា ប្រសិន​បើ​កងកម្លាំងទាំងនោះមិន​អាច​ទាក់ទង​គ្នា​បាននោះ ពួកគេមិន​អាច​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បីប្រឆាំង​នឹង​ក្រុមភេរវករបាន​ឡើយ។ ចំណុចស្នូលនៃការហ្វឹកហ្វឺននៅឆ្នាំនេះ គឺការសម្របសម្រួលរវាងកងកម្លាំង ផ្សេងៗគ្នាដើម្បីប្រយុទ្ធជាមួយសត្រូវតែមួយ។
 
តំបន់ Sahel ដែលជាតំបន់ធំដីស្ងួតនៅភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ា ជាគោលដៅវាយប្រហារឥតឈប់ឈររបស់ក្រុមជ្រុលនិយម ហើយម៉ាលី នីហ្សេ និងបួគីណាហ្វាសូ សុទ្ធតែរងគ្រោះដោយការ​វាយ​លុកដោយក្រុមភេរវកម្មចាប់តាំងពីឆ្នាំ២០១៥។ មនុស្សរាប់ពាន់នាក់បានបាត់បង់ជីវិត និងជាង២ លាននាក់ជម្លៀសខ្លួនចេញពីប្រទេស។ ប្រទេសនៅតាមឆ្នេរសមុទ្រអាត្លង់ទិកមានបេណាំង និងកូតឌីវ័រ ក៏រងការគំរាមខ្លាំងផងដែរ។
 
ជាការឆ្លើយតប អាម៉េរិកបានបន្តការពង្រឹងសមត្ថភាពកងកម្លាំងក្នុងតំបន់ដើម្បីការពារពីការលុកលុយ​ដ៏សកម្មពីសំណាក់ក្រុមសម្មប្រយុទ្ធ។ ឯបារាំងវិញដែលដឹកនាំកម្លាំងចម្រុះអឺរ៉ុប ក៏ជួបបញ្ហាច្រើនអំឡុងប្រតិបត្តិការ ហើយក៏សម្រេចដកទ័ពពីម៉ាលីកាលពីសប្ដាហ៍មុន។ ការចាកចេញ​របស់ទាហាន​បារាំង​២៤០០នាក់ពីម៉ាលីដែលជាចំណុចដ៏ក្ដៅគគុកនៃអំពើហិង្សា អាចបង្កអស្ថិរភាពក្នុងតំបន់បន្ថែមទៀត៕
 
 
 

Tag:
 អាម៉េរិក
  អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com