ជាតិ
លោក ជួ មករា បង្កើតមជ្ឈមណ្ឌលប្រមូលផ្ដុំ និងចែកចាយបន្លែសុវត្ថិភាព ដើម្បីសម្រួលទីផ្សារដល់កសិករ
22, Feb 2022 , 7:59 am        
រូបភាព
លោក ជួ មករា ប្រធានសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា បានបង្កើតមជ្ឈមណ្ឌលប្រមូលផ្ដុំ និងចែកចាយបន្លែសុវត្ថិភាព ដើម្បីបង្កើនទីផ្សារបន្លែសុវត្ថិភាពរបស់កសិករប្រមាណ២០០គ្រួសារ នៅខេត្តបាត់ដំបង និងប៉ៃលិន។


លោក ជួ មករា បានពន្យល់ថា សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា ប្រមូលផ្ដុំសហគមន៍បន្លែសុវត្ថិភាពតាមបណ្ដាខេត្តនានា ដែលផ្ដោតសំខាន់លើការដាំដុះបន្លែក្នុងផ្ទះសំណាញ់ (Green House)។ សហភាពនេះបង្កើតឡើងក្នុងឆ្នាំ២០២១ ដែលមាន១០សហគមន៍ នៅខេត្តបាត់ដំបង និងប៉ៃលិន។
 
ចំពោះការបង្កើតមជ្ឈមណ្ឌលប្រមូលផ្ដុំ និងចែកចាយបន្លែសុវត្ថិភាព លោក មករា អះអាងថា គឺដើម្បីបង្កើនទីផ្សារ និងការផ្គត់ផ្គង់បន្លែសុវត្ថិភាពរបស់កសិករក្នុងស្រុក។ «បញ្ហាទីផ្សារ កន្លងមកមានផលលំបាកច្រើន ពិសេសអ្នកវិនិយោគ ម្ចាស់ផ្សារកសិកម្មជាដើមនោះ ត្រូវចុះតាមសហគមន៍ហើយប្រមូលទិញបន្លែពីតាមតំបន់ផ្សេងៗ។ ដូច្នេះមជ្ឈមណ្ឌលយើងហ្នឹង នឹងអាចជួយសម្រួលដល់ពួកគាត់ លើការផ្គត់ផ្គង់បន្លែ សម្រាប់ទីផ្សារដែលមាននៅទីតាំងតែមួយ»។ នេះជាការលើកឡើងរបស់លោក ជួ មករា ដែលបន្តថា ការធ្វើដូច្នេះ វាជួយឲ្យសហភាពអាចដឹងពីផលិតផលកសិកម្ម ដែលជាតម្រូវការទីផ្សារផងដែរ។
  

លោក ជួ មករា ប្រធានសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា

ប្រធានសហភាពរូបនេះ បានបញ្ជាក់ថា ក្នុងដំណាក់កាលដំបូងនេះ ផ្សារសហភាពបន្លែសុវត្ថិភាព អាចផ្គត់ផ្គង់តែបន្លែក្នុងផ្ទះសំណាញ់របស់កសិករប្រមាណ២០០គ្រួសារ ដែលជាសមាជិកប៉ុណ្ណោះ។ ក្នុងសហគមន៍ចំនួន១០នោះ មានដាំដុះបន្លែប្រមាណ២០មុខ ដូចជាស្ពៃក្ដោប ដើមខាត់ណា ខាត់ណាខៀវ-ស ស្ពៃក្រញាញ់ ស្ពៃបូកគោ ស្ពៃចង្អឹះ ស្ពៃខៀវ ស្ពៃតឿ ត្រកួនចិន និងសាឡាត់គ្រប់ប្រភេទជាដើម។ 
 
លោក មករា បន្ថែមថា បើសិនជាការផ្គត់ផ្គង់មិនគ្រប់តម្រូវការទីផ្សារនោះ លោក នឹងបន្ថែមសមាជិកតាមខេត្តផ្សេងទៀត ដើម្បីបង្កើនការដាំដុះ និងប្រមូលទិញបន្លែសុវត្ថិភាពនេះ។


រូបភាពពីសហភាពសហគមន៍បន្លែសុវត្ថិភាព

លើសពីនេះលោក ជួ មករា ក៏បានពន្យល់ពីផែនការផលិតកម្មថា ច្រវ៉ាក់ផលិតកម្មទាំងមូលអាចដំណើរការបាន ដោយផ្ដើមចេញពីការចងក្រងទិន្នន័យរបស់សមាជិកទាំងអស់ រៀបចំឱ្យមានផែនការមួយ ដែលគ្រប់គ្រងដោយ smart farm management system។ «តាមរយៈ software គឺយើងអាចគ្រប់គ្រងទិន្នន័យផលិតកម្ម ឱ្យមានលក្ខណៈវិលជុំ ហើយយើងអាចកំណត់បរិមាណ និងប្រភេទបន្លែដែលមានតម្រូវការទីផ្សារ»។ នេះជាលើកឡើងរបស់លោក ជួ មករា។
 
ជាមួយគ្នានេះ លោក ជួ មករា ប្រធានសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា ក៏ចង់ជំរុញឱ្យមានការដាំដុះបន្លែសុវត្ថិភាព ហើយផ្គត់ផ្គង់ក្នុងស្រុក និងការគាំទ្រឱ្យកាន់តែទូលំទូលាយផងដែរ ដើម្បីកាត់បន្ថយការនាំចូលបន្លែ និងលើកស្ទួយវិស័យកសិកម្មកម្ពុជាផងដែរ។ បើតាមលោក មករា បច្ចុប្បន្នសហគមន៍បន្លែសុវត្ថិភាពរបស់លោក អាចផ្គត់ផ្គង់បន្លែពី៣០ ទៅ៦០តោន ក្នុងមួយខែ៕
 

Tag:
 បន្លែសុវត្ថិភាព
© រក្សាសិទ្ធិដោយ thmeythmey.com