កីឡាអន្តរជាតិ
អន្តរជាតិ
Pele ចាកចេញពីមន្ទីពេទ្យក្រោយព្យាបាលការឆ្លងមេរោគតម្រងនោមរួចរាល់
01, Mar 2022 , 11:39 am        
រូបភាព
វីរបុរសបាល់ទាត់ប្រេស៊ីល Pele បានចាកចេញពីមន្ទីពេទ្យវិញ ក្រោយពេលទទួលបានការព្យាបាលបញ្ហាឆ្លងមេរោគក្នុងតម្រងនោមរួចរាល់។



កាលពីខែកញ្ញាឆ្នាំ ២០២១ កន្លងទៅ វីរបុរសបាល់ទាត់វ័យ ៨១ឆ្នាំ បានទទួលការវះកាត់យកដុំសាច់ចេញពីក្នុងពោះវៀនបានដោយជោគជ័យ  ហើយបានបន្តការតាមដានស្ថានភាពជំងឺរហូតនៅមន្ទីពេទ្យ Albert Einstein​ រហូតដល់ឆ្នាំ ២០២២។ ក្រោយមក ក្រុមគ្រូពេទ្យ ក៏រកឃើញករណីឆ្លងមេរោគក្នុងតម្រងនោមទៀត។
 
«ស្ថានភាពរបស់អ្នកជំងឺក្នុងមន្ទីពេទ្យគឺមានស្ថិរភាព ហើយគាត់បានជាសះស្បើយពីការឆ្លងនេះហើយ។» នេះបើតាមសេចក្តីថ្លែងការណ៍ពីសំណាក់មន្ទីពេទ្យ Albert Einstein។
 
Pele ធ្លាប់ជួយប្រេស៊ីលលើកពានរង្វាន់បាល់ទាត់ពិភពលោក World Cup ៣លើក ហើយរូបលោកក៏ជាអតីតកីឡាករម្នាក់ក្នុងចំណោមកីឡាករ៤នាក់ផ្សេងទៅដែលអាចរកគ្រាប់បាល់បានក្នុងពានរង្វាន់ World Cup ៤ផ្សេងគ្នា។
 
ពេលបច្ចុប្បន្ន Pele ក៏នៅតែជាអតីតកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេសម្រាប់ជម្រើសជាតិប្រេស៊ីលដោយមាន ៧៧គ្រាប់ពី៩២ប្រកួត ដែលនាំមុខ៧គ្រាប់លើខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ Neymar JR ដែលមានត្រឹម៧០គ្រាប់ប៉ុណ្ណោះ៕
 

Tag:
 Pele
  Football
© រក្សាសិទ្ធិដោយ thmeythmey.com