កីឡាជាតិ
ជាតិ
ឈានជើងចូលលីគ២ លើកដំបូង Next Step បានយកឈ្នះម្ចាស់ជើងឯករដូវកាលមុន
07, Mar 2022 , 4:29 pm        
រូបភាព
ក្រុម Next Step Fc ដែលទើបឈានជើងចូលប្រកួតលីក២ នារដូវកាលថ្មីនេះ
ក្រុម Next Step Fc ដែលទើបឈានជើងចូលប្រកួតលីក២ នារដូវកាលថ្មីនេះ
ក្រុម Next Step FC បានយកឈ្នះសាលាកីឡាបាល់ទាត់ជាតិបាទី ម្ចាស់ជើងឯកលីគ២ រដូវកាល២០២១ ដោយលទ្ធផល១-០ កាលពីថ្ងៃទី៦ ខែកុម្ភៈ នៅកីឡដ្ឋានខេត្តសៀមរាប។


Next Step FC  ដែលជាក្រុមថ្មីមួយ ទើបចូលប្រកួតក្នុងក្របខ័ណ្ឌលីគ២ ក្នុងរដូវកាលនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អ នាជំនួបសាលាកីឡាបាល់ទាត់ជាតិបាទី ដែលជាក្រុមជើងខ្លាំងរដូវកាលមុន។ គ្រាប់បាល់១គ្រាប់ របស់Next Step FC រកបានដោយកីឡាករ Bruno Krenkel នៅនាទី៤២ រហូតដល់ចប់ការប្រកួត បើទោះជាក្រុមសាលាកីឡាបាល់ទាត់ជាតិបាទី ព្យាយាមដាក់សំពាធ និងវាយបកវិញក៏ដោយ ។
 
ដោយឡែកម្ចាស់ជើងឯករងរដូវកាលមុន ISI ដង្កោសែនជ័យ ធ្វើបានយ៉ាងល្អ ដោយយកឈ្នះព្រៃវែង ក្រុមដែលធ្លាក់ពីលីគកំពូល ក្នុងលទ្ធផល ៤-៣ ក្នុងទីលាន 7NG ។ កីឡាករ អាត អូនទូច របស់ព្រៃវែង បានស៊ុតបញ្ចូលទីក្រុមISI ក្នុងនាទី២១ មុននឹងកីឡាករ Alisher បានបន្ថែមមួយគ្រាប់ទៀត នៅនាទី២៨ នាំឲ្យលទ្ធផល០-២។ ៥នាទីក្រោយមក ISI វាយបកបានមួយគ្រាប់វិញ ដោយ កីឡាករ ហុយ ផល្លីន នៅនាទី៣៣ នាំឲ្យលទ្ធផល១-២ ក្នុងតង់ទី១ ។ 
 
ឈានចូលដល់តង់ទី២ Afa Nwi របស់ ISI បានរកមួយគ្រាប់ទៀត នៅនាទី៤៧ ជួយឲ្យក្រុមតាមស្មើព្រៃវែង ២-២ ។ មិនទាន់ផុតមួយនាទីផង ស្រាប់តែកីឡាករ អាត អូនទូច បានរកគ្រា​ប់បាល់ទី២របស់ខ្លួន ដែលនាំឲ្យព្រៃវែង នាំមុខ ២-៣ ។ ការប្រកួតបន្ដ ដល់នាទី៨១ កីឡាក្រ ABDEL Kader របស់ISI បានស៊ុតបញ្ចូលទីតាមស្មើវិញ មុននឹងរកបានគ្រាប់ទី២ របស់ខ្លួននៅនាទី៨៧ ដែលនាំឲ្យ ISI នាំមុខវិញ លទ្ធ៤-៣ ។ 


 Bruno Krenkel ខ្សែប្រយុទ្ធ Next Step FC រូបពីBruno

ចំណែកបួនគូផ្សេងទៀត រួមមាន អាស៊ីអឺរ៉ុប ឈ្នះ សៀមរាបអេហ្វស៊ី ក្នុងលទ្ធ៦-១ ក្នុងទឹកដី AEU Sport Park ខណៈ បន្ទាយមានជ័យ ចាញ់ អគ្គីសនីកម្ពុជា ៦-១ នាទីលានអគ្គីសនីកម្ពុជា ។ 
 
កោះកុង លត់ អតីតជ័យលាភីលេខ៣ ឆ្នាំ២០២១ ខេត្តត្បូងឃ្មុំ យ៉ាងចាស់ដៃ នៅក្នុងលទ្ធផល ១-៧ នៅទីលានវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន មេមុត ស្របពេលដែល សូលទីឡូអង្គ បានចាញ់ នគរបាលជាតិ ០-១ នៅកីឡដ្ឋានហនុមាន ។
 
ការប្រកួតសប្ដាហ៍ទី១ នៃលីគ២នេះ មានអ្នកគាំទ្រច្រើន បើធៀបទៅឆ្នាំ២០២១ ដោយមានការប្រកួតប្រជែងខ្លាំង ជាមួយនឹងការកំណែទម្រង់ថ្មីរបស់ក្រុមហ៊ុនលីគ CPL ៕
 

Tag:
 បាល់ទាត់
  League 2
© រក្សាសិទ្ធិដោយ thmeythmey.com